អន្តរជាតិ
Duterte ជូន ស៊ូ​ជី កុលាប​មួយ​បាច់​និង​លុយ​៣០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
21, Mar 2017 , 11:02 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជូនកុលាបមួយបាច់ដល់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបថតពីវិមានប្រធានាធិបតី Malacañang )
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជូនកុលាបមួយបាច់ដល់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី (រូបថតពីវិមានប្រធានាធិបតី Malacañang )
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ទើបតែ​បញ្ចប់​ទស្សនកិច្ច​​២​ថ្ងៃ​នៅ​មី​យ៉ាន់​ម៉ា​។ លោក បាន​ជួប​ជាមួយ​មេដឹកនាំ​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​សមាជិក​អាស៊ាន​ទាំង​២ ។ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក Duterte ដែលជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ផង​នោះ បានផ្ដល់​ទឹកប្រាក់​៣​សែន​ដុល្លារ​ដល់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដើម្បី​ដោះស្រាយ​បញ្ហា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែលជា​បញ្ហា​ប្រឈម​ដ៏​ធំ​នៅ​មី​យ៉ាន់​ម៉ា​។​



​ក្នុង​ទស្សនកិច្ច​២​ថ្ងៃ​នៅ​មី​យ៉ាន់​ម៉ា ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ជួប​ជាមួយ​សម​ភាគី ធិ​ន ច (Htyn Kyaw) និង​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដើម្បី​ពង្រឹង​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ទៅ​មី​យ៉ាន់​ម៉ា​លើក​នេះ លោក Duterte ក៏​មិន​ទៅដោយ​ដៃទទេ​រដែរ គឺ​លោក​បានផ្ដល់​ជំនួយ​មនុ​ស្ស​ធម៌​ចំនួន​៣​សែន​ដុល្លារ​ឲ្យ​មី​យ៉ាន់​ម៉ា សម្រាប់​ដោះស្រាយ​ស្ថានការណ៍​វឹកវរ​នៅ​រដ្ឋ Rakhine ជាទី​ដែល​អំពើហិង្សា​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រត់​ភៀសខ្លួន និង​ការ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​។​

​ទឹកប្រាក់​៣​សែ​ដុល្លារ​នេះ ត្រូវបាន​ផ្ដល់​ក្នុងជំនួប​រវាង​លោក Duterte និង​លោកស្រី ស៊ូ​ជី នៅ​ថ្ងៃទី​២០ ខែមីនា​។ មិន​ត្រឹមតែ​ជំនួយ​មនុស្សធម៌​ឡើយ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​ជូន​ផ្កា​កុលាប​មួយ​បាច់​ស្រស់ស្អាត​ដល់ទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ផងដែរ​។ លោកស្រី ស៊ូ​ជី ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ហើយ​លោកស្រី ក៏​ជា​ប្រធាន​គណៈកម្មាធិការ​អនុវត្ត​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​រដ្ឋ Rakhine ដែល​សម្បូរ​បញ្ហា​សាសនា​រវាង​ពុទ្ធសាសនិក និង​ជន​មូស្លីម​។​

​ជំនួយ​របស់​ហ្វីលីពីន​លើក​នេះ គឺជា​ជំនួយ​ច្រើនជាងគេ​ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​សម្រាប់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ក្នុងឆ្នាំនេះ​។ សមាជិក​អាស៊ាន​ផ្សេងទៀត​ដូចជា ថៃ និង​ឥណ្ឌូណេស៊ី ក៏​ធ្លាប់​ផ្ដល់ជំនួយ​ស្រដៀង​គ្នា​នេះដែរ ខណៈ​ម៉ាឡេស៊ី ដែល​រិះគន់​ចំណាត់ការ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​មិន​សំចៃមាត់​លើ រឿង​រ៉ូ​ហ៊ីង​យ៉ា​នេះ ក៏បានផ្ដល់​ជំនួយ​សម្ភា​រ​ដល់​ជន​ភៀស​រងគ្រោះ​រ៉ូ​ហ៊ីង​យ៉ា​ដែរ​។​

​បើតាម​សេចក្ដីប្រកាស​របស់​វិមាន​ប្រធានាធិបតី​ហ្វីលីពីន ជំនួយ​របស់​ហ្វីលីពីន ​ជាការ​ដឹងគុណ​ចំពោះ​កាយវិការ​របស់​មី​យ៉ាន់​ម៉ា ដែល​បាន​ជួយ​ហ្វីលីពីន​អំឡុងពេល​ការវាយប្រហារ​ដោយ​ព្យុះ Haiyan កាលពី​ឆ្នាំ​២០១៣ ។ អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ថេ​ន សេន ជា​មេដឹកនាំ​ដំបូង​គេ ដែល​ធ្វើដំណើរ​ទៅកាន់​កោះ Bantayan ដែល​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការវាយប្រហារ​ដោយ​ព្យុះ​កំណាច Haiyan ។​

​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​របស់លោក Duterte ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ាន ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ស​ម្រា​ប់​ឆ្នាំ​២០១៧ ។ ពេលនេះ លោក​ប្រធានាធិបតី Duterte កំពុង​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​។ លោក​នឹង ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដើម្បី​ពិភាក្សា​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ខ្វល់ខ្វាយ​របស់​អាស៊ាន មុននឹង​ការ​មក​ដល់កិច្ចប្រជុំ​អាស៊ាន​ដែល​ហ្វីលីពីន​ជា​ម្ចាស់ផ្ទះ​៕


Tag:
 ហ្វីលីពីន​
  មី​យ៉ាន់​ម៉ា​
  Rodrigo Duterte
  អ៊ុង​សាន​ស៊ូ​ជី​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com