ពីនេះ ពីនោះ
ពាក្យ​«​បៀវត្ស​» មិនមាន​ន័យ​ស្មើ​ពាក្យ​«​ប្រាក់ខែ​»​នោះទេ​!
22, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មហាជន​ជាទូទៅ តែងតែ​យល់ថា ពាក្យ​«​បៀវត្ស ឬ​បៀវត្សរ៍​» មាន​អត្ថន័យ​ស្មើ​ពាក្យ​ថា​«​ប្រាក់ខែ​»​។ តាមពិតទៅ ពាក្យ​ទាំងពីរ​ខាងលើនេះ មាន​អត្ថន័យ​ផ្ទុយគ្នា​ស្រឡះ​។
​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖



​បៀវត្ស ឬ​បៀវត្សរ៍ (​ន​) មានន័យថា ប្រាក់រង្វាន់​ប្រចាំឆ្នាំ​។ ពាក្យ​«​វត្ស ឬ​វត្សរ៍​» ស្មើ​និង​ពាក្យ​«​ឆ្នាំ​»​។ ពាក្យ​ថា​«​បៀវត្ស​»​គឺ​មានន័យថា ប្រាក់​ដែល​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​១​ឆ្នាំ​ម្តង​។ ពាក្យ​«​បៀវត្ស ឬ​បៀវត្សរ៍ គឺ​គេ​អាច​សរសេរ​មួយណា​ក៏បាន​ដែរ​។  

​ជាទូទៅ គេ​ច្រើន​ប្រើពាក្យ​បៀវត្ស ឬ​បៀវត្សរ៍ ដោយ​ភ្ជាប់​ជា​ពាក្យ​ថា​«​ប្រាក់​» ដែល​គេ​តែងតែ​ហៅ ឬ​សរសេរថា ប្រាក់បៀវត្សរ៍​។ ពាក្យ​«​ប្រាក់បៀវត្ស​» ត្រូវបាន​ច្បាប់​ស្ដីពី​៖«​សារពើពន្ធ​»​បាន​ឲ្យ​និយមន័យ​ថា បៀវត្ស លាភការ ប្រាក់​បំណាច់ បុព្វលាភ ប្រាក់​ម៉ោង​បន្ថែម ប្រាក់​ប៉ះប៉ូវ​នានា និង​អត្ថប្រយោជន៍​បន្ថែម​ដែល​បាន​ទូទាត់​ឲ្យ​ដល់​និយោជិត ឬ​ដែល​បាន​ទូទាត់​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​និយោជិត​ចំពោះ​ការបំពេញ​សកម្មភាព​បម្រើ​ការងារ​។ 

​កន្លងមក មហាជន​ជាទូទៅ តែង​ហៅ​ពាក្យ​នេះ ដោយ​ចង់​សំដៅ​ទៅលើ​«​ប្រាក់ខែ​»​។ បើទោះបី វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត មិនបាន​ពន្យល់​ពី​និយមន័យ​នៃ​ពាក្យ​ថា​«​ប្រាក់ខែ​» ក៏ដោយ គេ​អាច​យល់បាន​ថា ប្រាក់ខែ គឺ​ចង់​សំដៅលើ​ប្រាក់​ឈ្នួល​ប្រចាំខែ របស់​អ្នកធ្វើការ​(​និយោជិត ឬ​កូនឈ្នួល​)​ដែល​បម្រើ​ឲ្យ​ការងារ​រដ្ឋ ក្រុមហ៊ុន​ឯកជន សហគ្រាស​…៕    
 

Tag:
 បៀវត្ស​
 ​ ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com