អន្តរជាតិ
ក្រោយ​គំរាម​កម្ទេច​អាមេរិក កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត តែ​មិន​ជោគជ័យ​
22, Mar 2017 , 10:42 am        
រូបភាព
​ក្រ​សូង​ការពារជាតិ​កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន​។ ប៉ុន្តែ​ការបាញ់​សាកល្បង​នេះ ទំនងជា​មិន​ជោគជ័យ​ឡើយ ខណៈដែល​យោធា​កូរ៉េខាងត្បូង​កំពុង​សិក្សា​ប្រភេទ​មី​ស៊ី​ល​ដែល​បាញ់​លើក​នេះ​។​



​បន្ទាប់ពី​គំរាម​កម្ទេច​អាមេរិក​ឲ្យ​ក្លាយជា​ផេះផង់ កូរ៉េខាងជើង​ក៏បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់ ផ្គើន​អន្តរជាតិ​ប៉ុន្តែ​មិន​ជោគជ័យ​។ វា​ជា​រឿង​អាម៉ាស​មួយ​ដែរ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ចេតនា​នៃ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ជាការ​ព្យាយាម​បង្អួត​និង​កំញើញ​គេឯង​ក្នុង​តំបន់​។ ក្នុង​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Wonsan នៅ​ថ្ងៃទី​២២ ខែមីនា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងការពារជាតិ​កូរ៉េខាងត្បូង កំពុង​ប្រមូល​ព័ត៌មាន​លម្អិត​ទាក់ទង​ការបាញ់​នេះ រួមទាំង​ការ​ប្រភេទ​មី​ស៊ី​ល​ផងដែរ​។ ម្យ៉ាងទៀត យោធា​កូរ៉េខាងត្បូង ក៏​មិនទាន់​អាច​បញ្ជាក់ថា មី​ស៊ី​ល​ដែល​បាញ់​នោះ ផ្ទុះ​លើ​អាកាស ឬ​យ៉ាងណាដែរ​។ ប៉ុន្តែ​កងទ័ព​កូរ៉េខាងត្បូង ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ទប់ទល់​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង រួមទាំង​ការបាញ់​មី​ស៊ី​ល​ផង​នោះ​។​

​នេះ​ជាការ​បាញ់​មី​ស៊ី​ល​លើក​ទី​២ របស់​កូរ៉េខាងជើង​ក្នុង​ខែមីនា​នេះ​។ ក្នុងការ​បាញ់​លើក​ទី​១ មី​ស៊ី​ល​ចំនួន​៤​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​តំបន់​ក្បែរ​ចិន ហើយ​ក្នុងនោះ​៣​គ្រាប់ ធ្លាក់ចូល​សមុទ្រ​ជប៉ុន​។ នៅមុននេះ កូរ៉េខាងជើង ក៏​ទើបតែ​ទទួលជោគជ័យ​ក្នុងការ​សាកល្បង​ម៉ាស៊ីន​បាញ់​រ៉ុក្កែត ដែល​ព្យុងយ៉ាង​អះអាងថា ជា​ជំហាន​រី​ចម្រើន​នៃ​សមត្ថភាព​យោធា​របស់ខ្លួន​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com