កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា ព្រឹទ្ធាចារ្យ ហុក ឈាង​គីម និង​អត្ត​ព​លិ​ក​ជាច្រើន ឈ្នះ​ពាន​ប្រចាំឆ្នាំ​២០១៦
22, Mar 2017 , 8:39 pm        
រូបភាព
 រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក NOCC
រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក NOCC
ដោយ:
​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្លិប​បឹងកេត និង​ជា​គ្រូ​ក្រុម Cambodia All Star បាន​ជាប់​ជា​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​កម្មវិធី​ពានរង្វាន់​កីឡា​កម្ពុជា​ឆ្នាំ​២០១៦​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សហការ​ជាមួយ​ណាហ្គា​វើ​ល​។ ក្រៅពី​លោក​ប្រាក់ សុវណ្ណារ៉ា ព្រឹទ្ធាចារ្យ​ល្បុក្កតោ ហុក ឈាង​គីម ក៏បាន​ឈ្នះ​ពានរង្វាន់​ព្រឹទ្ធាចារ្យ​កីឡា​ឆ្នើម នា​ពិធី​ចែក​រង្វាន់ Cambodian Sports Awards 2016 កាលពី​យប់​ថ្ងៃទី​២១ ខែមីនា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល​ផងដែរ​។



​ក្រោយ​ទទួលបាន​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​២០១៦ អតីត​គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ លោក ប្រាក់ សុវណ្ណារ៉ា បាន​ចាត់ទុកថា ការទទួលបាន​នេះ​វា​ហាក់ដូច​លឿន​បន្តិច​សម្រាប់​លោក ក៏ដូចជា​សម្រាប់​វិស័យ​កីឡាបាល់ទាត់​។ ការលើកឡើង​បែបនេះ ដោយសារ លោក គិតថា កីឡាបាល់ទាត់​មិនទាន់បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​ដូច​ប្រភេទ​កីឡា​ដទៃ​។



«​ខ្ញុំ​ពិតជា​រីករាយ និង​មាន​មោទកភាព​ខ្លាំង​មែនទែន យើង​ដឹង​ហើយ​ថា គ្រប់​វិញ្ញាសា​ទាំងអស់​សុទ្ធតែ​បាន​ខិតខំ​ប្រឹងប្រែង​ដណ្តើម​មេដាយ​ជូន​ជាតិ​ដូចជា ប៉េតង់ គាត់​ទទួលបាន​កិត្តិយស​លក្ខណ​អន្តរជាតិ​ជាច្រើន​។ តែ​ចំពោះ​ខ្ញុំ​សម្រាប់​វិញ្ញាសា​បាល់ទាត់​ហាក់បីដូចជា​លឿន​បន្តិច​ការទទួលបាន​នៅពេលនេះ​»​។ នេះ​ជាស​ម្តី​របស់លោក ប្រាក់ សុវណ្ណារ៉ា​។



​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​នេះ មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​គ្រូបង្វឹក​មានការ​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ទៀតផង​។ «​វា​ជា​រង្វាន់​មួយ​ដែលមាន​សារៈសំខាន់​បំផុត មិនមែន​តែ​សម្រាប់​ខ្ញុំ​នោះទេ គឺ​សម្រាប់​គ្រូៗ​ជំនាន់​ក្រោយ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​បង្ហាញ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​កិត្តិយស​សម្រាប់​ខ្លួនឯង​ផង និង​ប្រទេសជាតិ​ផង ជាពិសេស​ជួយ​កីឡាបាល់ទាត់​ឲ្យ​រីកចម្រើន​កាន់តែ​លឿន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា​។

​កម្មវិធី​ពានរង្វាន់​កីឡា​កម្ពុជា ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល វា​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​កីឡា​កម្ពុជា ព្រោះ​កម្មវិធី​នេះ វា​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក ក៏ដូចជា​គ្រូបង្វឹក​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​កាន់តែខ្លាំង​។ លើសពីនេះ បាន​ជួយ​ជីក​កកាយ​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​អតីត​កីឡាករ ក៏ដូចជា​គ្រូបង្វឹក​ជំនាន់​មុន​ឲ្យ​កីឡាករ និង​គ្រូបង្វឹក​ជំនាន់​ក្រោយ​បាន​ស្គាល់​។



​សម្រាប់​ម្ចាស់​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​នេះ លោក ប្រាក់ សុវណ្ណារ៉ា ទទួលបាន​ពាន​មួយ​អម​ជាមួយ​ទឹកប្រាក់​លើកទឹកចិត្ត​ចំនួន​២​ពាន់​ដុល្លារ​អាមេរិក​។ ក្រៅពី​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម ក៏មាន​ការប្រកាស​ពាន​រង្វាន់​ផ្សេងៗ​ទៀតផង​ដែរ ក្នុងនោះ​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ឆ្នើម​បាន​ទៅ​លោក ហុក ឈាង​គីម ជាមួយ​ទឹកប្រាក់​២​ពាន់​ដុល្លារ​។ រីឯ​ពាន​កីឡាករ កីឡាការិនី​ឆ្នើម និង​ទឹកប្រាក់​២,៥០០​ដុ​លា្ល​របា​ន​ទៅ​ម្ចាស់​មេដាយមាស​ពិភព​ប៉េង់ សុខ ចាន់​មាន និង​កីឡាការិនី ស៊ន សៀវ​ម៉ី​។



​ចំណែក​ពានរង្វាន់​កីឡាករ​¬ កី​ឡ​ការិនី​ពិការ​ឆ្នើម​បាន​ទៅ​លោក ជឹម ផាន់ និង​កញ្ញា សៅ ធីតា ដោយ​ពួកគេ​ទាំងពីរ​ទទួល​ប្រាក់រង្វាន់​ម្នាក់​១,៥០០​ដុ​លា្ល​រ​។ កីឡាការិនី ទ្រី សុថា​វី ទទួលបាន​ពាន​កីឡា​ប្រពៃណី​ជាមួយ​ប្រាក់រង្វាន់​១,៥០០​ដុល្លារ​, រីឯ​ពានរង្វាន់​រូបថត​កីឡា​ល្អ​បាន​ទៅ​លោក គង់ ហន អ្នក​ថតរូប​របស់​ស្ថានីយទូរទស្សន៍ BTV​។ ដោយឡែក​ពានរង្វាន់​ឆ្នើម​ជា​ក្រុម​បាន​ទៅ​ក្រុមបាល់ទាត់ Cambodia All Star ដោយ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​២,៥០០​ដុ​លា្ល​រ​។





​គួរ​បញ្ជាក់ថា ការប្រកាស និង​ប្រគល់​ប្រាក់រង្វាន់​កីឡា​កម្ពុជា​ប្រចាំឆ្នាំ​២០១៦ ធ្វើឡើង​ក្នុង​កម្មវិធី​រាត្រីសមោសរ​កាលពី​យប់​ពីថ្ងៃ​ទី​២១ ខែមីនា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គា​វើ​ល ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​៕ 


Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com