អន្តរជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំងអស់តំណែង ដោយសារ​រឿងអាស្រូវ​យក​កូនស្រី​២​នាក់​ធ្វើ​ជំនួយការ​
22, Mar 2017 , 8:59 am        
រូបភាព
លោក Bruno Le Roux (រូបថត AP)
លោក Bruno Le Roux (រូបថត AP)
​រឿងរ៉ាវ​ជួល​សមាជិកគ្រួសារ​មក​ធ្វើការ​របស់​អ្នកនយោបាយ​បារាំង កំពុង​ក្លាយជា​ប្រ​ធា​បទ​ក្ដៅ ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ជិត​មកដល់​។ អស់ពី​បេក្ខជន​ប្រធានាធិបតី Francois Fillon ដែល​ត្រូវ​រដ្ឋអាជ្ញា​សាកសួរ​លើ​សំណុំ​រឿងនេះ នាយករដ្ឋមន្ត្រី​បារាំង Bernard Cazeneuve ក៏បាន​ហៅ​រដ្ឋមន្ត្រី​មហាផ្ទៃ មកជួប​ដើម្បី​សួរនាំ​ក្រោយ​លេចលឺ​ព័ត៌មាន​ថា លោក​ឲ្យ​កូនស្រី​វ័យ​ជំទង់​២​នាក់​ពេល​លោក​ធ្វើជា​សមាជិកសភា​។ រដ្ឋមន្ត្រី​រូបនេះ ក៏បាន​លាលែង​តំណែង​ដោយសារ​រឿងនេះ​ដែរ​។​



​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង Bruno Le Roux  បាន​លាលែង​ពី​តំណែង​ហើយ​ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ ជុំវិញ​រឿងអាស្រូវ​ហៅ​កូនស្រី​២​នាក់មក​ធ្វើ​ជំនួយការ​។ ការលាលែង​នេះ ធ្វើឡើង​ក្រោយ​នាយករដ្ឋមន្ត្រី Bernard Cazeneuve បាន​ហៅ​រដ្ឋមន្ត្រី​មហាផ្ទៃ Le Roux មកជួប​និង​សាកសួរ​ជុំវិញ​ព័ត៌មាន​ថា លោក Le Roux ឲ្យ​កូនស្រី​២​នាក់ ដែលជា​សិស្សសាលា មក​ធ្វើការ​បណ្ដោះ​ជាមួយ​លោក​នៅ​រដ្ឋសភា ពេល​កូនៗ​របស់លោក​ទំនេរ​ពី​ការសិក្សា​។

​សារព័ត៌មាន Quotidien បាន​ផ្សាយ​នៅ​ថ្ងៃទី​២០ ខែមីនា ថា លោក Le Roux បាន​ឲ្យ​កូនស្រី​២​នាក់ ធ្វើជា​ជំនួយការ​នៅ​សភា ពេល​ពួកគេ​សម្រាក​ពី​ការសិក្សា​។ សារព័ត៌មាន​នេះ​បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ថា​៖ «​កូនស្រី​របស់ខ្ញុំ ធ្វើការ​ឲ្យ​ខ្ញុំ ជាពិសេស​ពេលទំនេរ​ពី​ការរៀនសូត្រ ប៉ុន្តែ​មិនមែន​ធ្វើជា​អចិន្ត្រៃយ៍​ឡើយ​»​។ នេះ​បើ​យោងតាម​ការ​ផ្សា​របស់​សារព័ត៌មាន France 24 ។​

​លោក Le Roux ធ្លាប់ជា​ប្រធាន​បក្ស​សង្គមនិយម​នៅឯ​រដ្ឋសភា​។ ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ លោក​ក៏ត្រូវ​បានតែងតាំង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ ជំនួស​លោក Cazeneuve ដែល​ទទួល​តំណែង​ថ្មី​ជា​នាយករដ្ឋមន្ត្រី​។ លោក Cazeneuve ទៀតសោត ក៏​កាន់តំណែង​ប្រមុខ​រដ្ឋាភិបាល​បារាំង ជំនួស​លោក Manuel Valls ដែល​សម្រេចចិត្ត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី តែ​លោ​ក​បរាជ័យ​ត្រឹម​វគ្គ​ជម្រុះ​ផ្ទៃក្នុង​បក្ស​។​

​យ៉ាងណាក្ដី ការយក​សមាជិកគ្រួសា​រ​មក​ធ្វើជា​ជំនួយ​ក្នុង​សភា មិន​ត្រូវបាន​ហាមឃាត់​អ្វី​ដែរ​។ សមាជិក​រដ្ឋសភា​បារាំង សុទ្ធតែ​អាច​ជួល​សមាជិកគ្រួសារ​មក​ធ្វើការ​បាន​ទាំងអស់ ដោយ​ផ្ដល់​លុយ​ក្រោម​ក្របខណ្ឌ​នៃ​ការចំណាយ​របស់​សមាជិក​រដ្ឋសភា​នីមួយៗ​ផ្ទាល់​។​

​ទោះជា​យ៉ាង សំណុំរឿង​ក្ដៅគគុក​នេះ បាន​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង ដែល​ជុំ​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែមេសា​។ ដោយសារ​រឿងនេះ លោក Francois Fillon ដែល​រំពឹងថា​នឹង​ជាប់​ជុំ​ទី​១ បាន​ធ្លាក់ចុះ​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុង​ការស្ទង់មតិ​កន្លង​មក​។ លោក​ធ្លាក់​មក​នៅត្រឹម​បេក្ខជន​មានសង្ឃឹម​ខ្ពស់​លំដាប់​ទី​៣ ក្រោយ​ការ​លេច​ធ្លាយ​ព័ត៌មាន​ថា លោក​ជួល​ប្រពន្ធ និង​កូនៗ​ឲ្យ​ធ្វើជា​ជំនួយការ និង​ផ្ដល់​លុយ​ជាច្រើន​ទាំង​មិនបាន​ធ្វើការ​អ្វី​សោះ​៕ 


Tag:
 បារាំង​
  Bernard Cazeneuve
  Bruno Le Roux
© រក្សាសិទ្ធិដោយ thmeythmey.com