អន្តរជាតិ
មេដឹកនាំ​ពិភពលោក​ប្រកាស​ឈរ​ជាមួយ​ប្រជាជន​អង់គ្លេស​ក្រោយ​ការវាយប្រហារ​ក្រុង​ឡុង​ដ៍​
23, Mar 2017 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ​ពិភពលោក​បាន​បញ្ចេញ​សារ​ថ្កោលទោស​ ករណី​វាយប្រហារ​នៅ​ទីក្រុង​ឡុង​ដ៍ នា​ថ្ងៃ ២២ មីនា​ម្សិលមិញ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោច ៤​នាក់ និង​ជាង ៤០​នាក់​ផ្សេង​រងរបួស​ផងដែរ​នោះ​។ ពួកគេ​ក៏​ប្រកាស​ឈរ​នៅ​ជាមួយ​ប្រជាជន​ និង​រដ្ឋាភិបាល​អង់គ្លេស​ ដើម្បី​ប្រឈម​ និង​ប្រឆាំង​ចលនា​ភេរវកម្ម​អន្តរជាតិ​នេះ ​រួមគ្នា​ផងដែរ​។​



​ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ របស់​អង់គ្លេស​ បានធ្វើ​ឲ្យ​​​តក់ស្លុត ​និង​ភ្ងា​ក់​ផ្អើល​ខ្លាំង​។ មេដឹកនាំ​ប្រទេស​ជាច្រើន​ បាននាំគ្នា​ថ្កោ​លទោស​ករណី «​ភេរវកម្ម​»​នេះ ហើយក៏​បង្ហាញ​ជំហរ​គាំទ្រ​ និង​ការសាមគ្គី ជាមួយ​ប្រជាជន​អង់គ្លេស​ផងដែរ​។​

​សូម​ឆ្លៀត​រៀបរាប់​បន្តិច​ឡើងវិញ​ ពី​ករណី​វាយប្រហារ​នេះ​។ បុរស​ដែលជា​ឧក្រិដ្ឋជន​នោះ បាន​បើកឡាន​បុក​រះ​មនុស្ស​លើ​ស្ពាន Westminster ហើយ​បន្ត​បុក​របង​សភា​ទៀត ​ដោយ​បង្ក​ឲ្យ​មនុស្ស​យ៉ាងតិច ៤​នាក់ស្លាប់​ និង​ជាង​៤០​នាក់​ទៀត​របួស​។ បន្ទាប់មក​ជន​នោះ បាន​យក​កំបិត​កាប់​ប៉ូលិស​ម្នាក់ ​ដែល​ស្ថិតនៅក្នុង​សភា​តែម្តង​។ ក្រោយ​ការវាយប្រហារ​ភា្ល​ម​ ប៉ូលិស​អង់គ្លេស​សន្និដ្ឋាន​​ជាបឋម​ថា ករណី​វាយប្រហារ​នេះ ​ជា​ករណី​ភេរវកម្ម​។ អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នោះ ​គឺ​ករណី​វាយប្រហារ​នេះ ​កើតឡើង​ចំ​ថ្ងៃ​តែមួយ ​ជាមួយ​ការវាយប្រហារ​នៅ​ក្រុង​ព្រុ​ច​សែ​ល ​កាលពី​ឆ្នាំមុន​ដែរ។​

​ដោយឡែក យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន មេដឹកនាំ​ដែល​ប្រកាស​ថ្កោលទោស​ករណី​ភេរវកម្ម​ និង​ឈរ​ប្រកៀក​ស្មា ជាមួយ​ប្រជាជន​អង់គ្លេស​ ក្នុង​កាលៈទេសៈ​អាសន្ន​នេះ​មានដូចជា​៖

-​អាល្លឺម៉ង់៖ អធិការបតី​អាឡឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល បាន​លើកឡើងថា​ អាល្លឺម៉ង់​ឈរ​ប្រកៀក​ស្មាយ៉ាងរឹងមាំ​ ជាមួយ​ប្រជាជន​អង់គ្លេស​ ដើម្បី​ប្រឆាំង​រាល់​ចលនា​ភេរវកម្ម​។

​-បារំាង៖ ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ បាន​ផ្ញើ​សារ​បង្ហាញ​ការ​សាមគ្គី​ និង​គាំទ្រ​ប្រជាជន​អង់គ្លេស ហើយ​បារាំង​យល់ច្បាស់ ​ពី​ទុក្ខលំបាក​ និង​ភាពឈឺចាប់​របស់​ប្រជាជន​អង់គ្លេស​ ព្រោះ​បារាំង​ធ្លាប់​ឆ្លងកាត់​រួចហើយ​។ ​​អ្វីដែល​សំខាន់ សិស្ស​វិទ្យាល័យ​បារាំង​ម្នាក់ ​ក៏​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ នៃការ​វាយប្រហារ​នៅ​អង់គ្លេស​នេះដែរ​។​

​-សហរដ្ឋអាមេរិក​៖ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក Sean Spicer បាន​ថ្កោលទោស​ការវាយប្រហារ​នៅ​អង់គ្លេស​ និង​ប្តេជ្ញាចិត្ត​ជួយ​គាំទ្រ​អង់គ្លេស ​ដើម្បី​ឆ្លើយតប​ករណី​វាយប្រហារ​នេះ និង​ស្វែងរក​ជនបង្កបញ្ហា​ និង​អ្នកពាក់ព័ន្ធ​មក​កាត់ទោស​ផងដែរ​។​

​-កាណាដា​៖ នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​បង្ហោះ​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​ថា​៖«​ចិត្ត​របស់​យើង​ នៅ​ជាមួយ​ប្រជាជន​ដែលជា​ជនរងគ្រោះ​ក្នុងការ​វាយប្រហារ​នៅ​អង់គ្លេស និង​ក្រុមគ្រួសារ​។ ប្រជាជន​កាណាដា​ នឹង​បន្ត​រួបរួមគ្នា ​ជាមួយ​ប្រជាជន​អង់គ្លេស​ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​»​។​

​-សហភាព​អឺរ៉ុប​៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់​ក្លូ ចាំង​កឺ បាន​ថ្លែងថា ការវាយប្រហារ​នេះ​ ធ្វើ​ឲ្យ​លោក​ស្លុត​ចិត្តខ្លាំង​។ លោក​បាន​សង្កត់ធ្ងន់ថា លោក​តក់ស្លុត​ដោយសារ ការវាយប្រហារ​នៅ​អង់គ្លេស​នេះ​ កើតឡើង​នៅ​ថ្ងៃ​តែមួយ​ជាមួយ​ការវាយប្រហារ​ នៅ​ក្រុង​ព្រុ​ច​សែ​ល ​កាលពី​ឆ្នាំមុន​។​

​ចំណែក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក ដូ​ណា​ល់ ទុ​ស្គ (Donald Tusk) វិញ​បានប្រកាសថា សហភាព​អឺរ៉ុប ​ឈរ​នៅ​ជាមួយ​ប្រជាជន​អង់គ្លេស​ ដើម្បី​ប្រឆាំង​រាល់​សកម្មភាព​ភេរវកម្ម​ និង​ត្រៀមខ្លួន​ជួយ​អង់គ្លេស​ជាស្រេច​។​

​-រុស្ស៊ី​៖ អ្នកនាំពាក្យ​សួង​ការបរទេស​រុស្ស៊ី ​លោកស្រី Maria Zakharova បាន​ថ្លែង​សារ​រម្លែក​ទុក្ខ​ ជាមួយ​ប្រជាជន​អង់គ្លេស​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី  និង​បញ្ជាក់ថា​រុស្ស៊ី​ យល់​ពី​ក្តី​ឈឺចាប់​របស់​ប្រជាជន​អង់គ្លេស​ច្បាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រុស្ស៊ី​បាន​ឆ្លៀត​អំពាវនាវ​ឲ្យ​មានការ​សហការ ​និង​រួបរួមគ្នា​ជា​ធ្លុង​មួយ ​ដើម្បី​ឈានទៅ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​រួមគ្នា​។​

​ក្រៅពី​ប្រទេស​ទាំងអស់​ខាងលើ គេ​ឃើញ​ប្រទេស​ឯទៀត​ដូចជា ក្រិ​ក​, ហូ​ឡង់​, អ៊ីតាលី​,​អូស្ត្រាលី​, កាតា​, បែលហ្ស៊ិក​, តួ​ក​គី​, ព័រទុយហ្កាល់​, អេ​ស្ប៉ា​ញ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ផងដែរ ដែល​បានចេញ​សារ​ថ្កោលទោស រំលែក​ទុក្ខ និង​ប្តេជ្ញា​គាំទ្រ ​និង​ឈរ​ជាមួយ​ប្រជាជន​អង់គ្លេស​ដែរ៕


Tag:
 Westminster
  ក្រុង​ឡុង​ដ៍
© រក្សាសិទ្ធិដោយ thmeythmey.com