ជាតិ
សេដ្ឋកិច្ច
សមាគម​មីក្រូហិរញ្ញវត្ថុ ថា អត្រា​ការប្រាក់​១៨​ភាគរយ​អាចទៅរួច​សម្រាប់​កម្ចី​ចាប់ពី​៣​ពាន់​ដុល្លារ​ឡើង​
23, Mar 2017 , 9:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា ការកំណត់​អត្រា​ការប្រាក់ ១៨​ភាគរយ​ក្នុង​១​ឆ្នាំ នៅតែ​ធ្វើ​ឲ្យ​វិស័យនេះ​ដំណើរការ​ទៅបាន ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នីមួយៗ​នឹង​ព្យាយាម​បន្ថយថ្លៃ​ប្រតិបត្តិការ និង​ប្រាក់ចំណេញ​របស់ខ្លួន រួមទាំង​មាន​សញ្ញា​ពី​ការជួយ​សម្រួល​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​ទំហំ​កម្ចី ដែល​មីក្រូហិរញ្ញវត្ថុ​អាច​បញ្ចេញ​ទៅបាន​ក្នុងស្ថានភាព​នេះ ទំនង​បានតែ​កម្ចី​ចាប់ពី ៣០០០​ដុល្លារ​ឡើងទៅ​ប៉ុណ្ណោះ​។



​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) នៅ​ថ្ងៃទី​២៣​ខែមីនា​នេះ​បានធ្វើ​សន្និសីទកាសែត​ជុំវិញ​ការកំណត់​អត្រា​ប្រាក់​របស់​រដ្ឋាភិបាល​ក្នុងពេល​ថ្មីៗ​នេះ ដែល​នឹង​ចាប់​អនុវត្ត​ចាប់ពី​ខែមេសា​ឆ្នាំនេះ​តទៅ​។ 
​លោក ហួត អៀង​តុង ប្រធាន​សមាគម CMA និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ ថ្លែង​ក្នុង​សន្និសីទ​នេះ​ថា បន្ទាប់ពី​ដាក់​ពិ​ដាន​នេះ ប្រាក់ចំណូល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នីមួយៗ នឹង​ថយចុះ​។ ប៉ុន្តែ​លោក​សង្ឃឹមថា គ្រឹះស្ថាន​នៅតែ​បន្ត​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​បាន តាមរយៈ​ការបង្កើន​ទំនុកចិត្ត​ដល់​ភាគទុន​និក​។​

លោក ហួត អៀង​តុង ថ្លែង​​ដូច្នេះ​ថា៖«​អ្វីដែល​យើង (​គ្រឹះស្ថាន​មីក្រូ​ហរ​ញ្ញ​វត្ថុ​) បារម្ភ​គឺថា បើ​យើង​ប្រតិបត្តិការ​ទៅ​លែងកើត ភាគ​ទុ​និក នឹង​ដក​ទុន​ចេញ តែ​អ្វីដែល​យើង​ខិតខំ​ប្រឹងប្រែង គឺ​បញ្ចេញ​អស់​លទ្ធភាព​បង្ហាញ​ទៅ​ភាគ​ទុ​និក​ថា ប្រតិបត្តិការ​របស់​យើង​នៅតែ​រឹងមាំ​ដដែល ទោះបី​បញ្ចុះ​អត្រា​ការប្រាក់​ប៉ុណ្ណឹង​ក៏ដោយ ក៏​យើង​អត់​ខាត​ទេ​។ បើ​យើង​ធ្វើបាន​ដូច្នេះ​បាន អ្នកវិនិយោគ​ទាំងនោះ​នឹងមិន​ដក​ទៅវិញ​ទេ​»​។

​លោក ប៊ុន មុនី សមាជិកក្រុមប្រឹក្សាភិបាល CMA និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិថី បាន​បន្ថែម​លើ​ប្រសាសន៍​លោក អៀង​តុង ថា គ្រឹះស្ថាន​នីមួយ​ត្រូវ​ព្យាយាម​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិការ​ផ្សេងៗ បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង និង​បន្ថយ​ក្ដី​រំពឹង​លើ​ប្រាក់ចំណេញ ដើម្បី​អាច​ដំណើរការ​អា​ជី​កម្មបាន ក្នុងស្ថានភាព​មានការ​កំណត់​អត្រា​ការប្រាក់​នេះ​។

​លោក សុខ វឿន សមាជិក​ក្រុមប្រឹក្សាភិបាល CMA និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC បាន​ឲ្យ​ដឹងថា កម្ចី​ដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅតែ​អាច​ផ្ដល់ជូន​អតិថិជន នៅពេល​មាន​ពិ​ដាន​អត្រា​ការប្រាក់​១៨​ភាគរយ​នេះ គឺ​កម្ចី​ចាប់ពី​៣០០០​ដុល្លារ​ឡើងទៅ​។ លោក​ប្រាប់​ដូច្នេះ​ថា​៖«​បើ​យើង​វិភាគ​កម្ចី​ខ្ទង់​៣០០០​ពាន់​ដុល្លារ​ឡើងទៅ ដោយ​អត្រា​ការប្រាក់ ១៨​ភាគរយ គឺអាច​ទៅរួច តែ​កម្ចី​ក្រោម​នេះ​មានការ​លំបាក​។ ប៉ុន្តែ​មិន​មានន័យថា​យើង​បោះចោល​ទេ យើង​នឹង​នៅតែ​បន្ត​ចាប់យក​កម្ចី ៥០០ ឬ ១០០០​ឬ​២០០០​ដុល្លារ ដែល​គោលដៅ​របស់​យើង​គឺ​ធ្វើ​ឲ្យ​កម្ចី​ទាំងនេះ​ទៅរួច ព្រោះ​កម្ចី​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​របស់​យើង​សម្រាប់​អនាគត​ទៅមុខទៀត​»​។

​កម្ចី​ចាប់ពី ៣​ពាន់​ដុល្លារ​មាន​ប្រមាណ​៦០ ទៅ​៧០​ភាគរយ​នៃ​កម្ចី​សរុប​របស់​មីក្រូហិរញ្ញវត្ថុ តែទំហំ​កម្ចី​នេះ​កាន់កាប់​ចំនួន​អតិថិជន​តែ ២០​ភាគរយ​នៃ​អតិថិជន​សរុប​ប៉ុណ្ណោះ​។ នេះ​បើតាម លោក សុខ វឿន ដែល​បញ្ជាក់ថា​នេះ​ជា​តួលេខ​ប្រហាក់ប្រហែល​។ លោក​បន្ថែមថា កម្ចី​ចាប់ពី​៣​ពាន់​ដុល្លារ ក្នុងពេល​កន្លងមក ត្រូវ​បានគិត​អត្រា​ការប្រាក់​ប្រហាក់​ហែល​នឹង ១៨​ភាគរយ​។​

​ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជា (NBC) អាច​នឹង​សម្រួល​លើ​ចំណុច​ខ្លះ​ដល់​គ្រឹះស្ថាន​ផ្ដល់​កម្ចី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​តំណាង CMA  ខាងលើ​។ ការជួយ​សម្រួល​ទាំងនោះ​រួមមាន ការបន្ថយ​ថ្លៃ​អាជ្ញា​បណ្ណ​, ការផ្ដល់​កម្ចី​ប្រាក់រៀល​ដល់​គ្រឹះស្ថាន ដោយ​ការប្រាក់​មិន​លើស​៣​ភាគរយ​ក្នុង​១​ឆ្នាំ​, ពន្យារ​ការអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើរ (MDI) ចំពោះ​កម្ចី​ពី​បរទេស និង​ការពន្យា​អនុវត្ត​ការដំឡើង​ដើមទុន​ចុះបញ្ជី​ថ្មី​។ លោក ហួត អៀង​តុង បញ្ជាក់ថា ការសម្រួល​ទាំងនេះ ត្រូវបាន​ឆ្លងកាត់​មន្ត្រី​កម្រិត​បច្ចេកទេស​របស់ NBC រួចហើយ គឺ​នៅតែ​ការសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ប៉ុណ្ណោះ​។​

​គិត​ត្រឹម​ឆ្នាំ​២០១៦ ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ប្រមាណ ៣​ពាន់​លាន​ដុល្លារ ដែល​កម្ចី​ទាំងនេះ​ត្រូវបាន​ផ្ដល់​ទៅ​ប្រជាជន​ជាង ១,៩​លាន​គ្រួសារ​។ នេះ​បើតាម​របាយការណ៍​រប​ស់ NBC ៕


Tag:
 ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com