ជាតិ
រដ្ឋាភិបាល ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ការពារ​ផលិតកម្ម​ក្នុងស្រុក ពី​ផលប៉ះពាល់​នៃ​ការលក់​បន្ទាប​ថ្លៃទំនិញ​
24, Mar 2017 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ មីនា​នេះ រដ្ឋាភិបាល ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម សម្រាប់​ការពារ​ដល់​ផលិតកម្ម និង​ឧស្សាហកម្ម​ក្នុងស្រុក ពី​ផលប៉ះពាល់​នៃ​ការលក់​បន្ទាប​តម្លៃ​ខុស​ប្រក្រតី នៃ​ទំនិញ​ដែល​នាំ​ចូលមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា​។​



​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជ​កម្មនេះ​នឹង​ជួយ​ការពារ​នូវ​ផលិតកម្ម និង​ឧស្សាហកម្ម​ក្នុងស្រុក ពី​ការហូរចូល​យ៉ាងគំហុក​នៃ​ផលិតផល​បរទេស​មកកាន់​ទីផ្សារ​កម្ពុ​ជា ដែលជា​បច្ច័យ​មិនល្អ ដោយ​បង្ក​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​គំរាម​គំហែង​ដល់​ឧស្សាហកម្ម​ក្នុងស្រុក​។

​អ្នកនាំពាក្យ​រូបនេះ​បាន​សរសេរ​ពន្យល់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​ច្បាប់​នេះ​មាន​គោលបំណង​ការពារ​និង​ដោះស្រាយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ចំពោះ​ឧស្សាហកម្ម​កម្ពុជា បណ្តាលមកពី​ការ​ធើ្វ​ពាណិជ្ជកម្ម​នាំចូល​ដោយ​មិន​ស្មោះត្រង់​និង​ការ​នាំចូល​ដោយ​គំហុក ដោយ​ប្រើប្រាស់​វិធានការ​ឧបាស្រ័យ​ពាណិជ្ជកម្ម អនុលោម​តាម​កិច្ច​ព្រម​ពៀង​ពាក់ព័ន្ធ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»​។​

​លោក ស៊ី​ផាន បាន​បន្ថែមថា​៖«​ច្បាប់​នេះ​នឹង​ផ្តល់​លទ្ធភាព ក្នុង​ការដំឡើង​អត្រាពន្ធ​ឧបាស្រ័យ​ពាណិជ្ជកម្ម ទៅលើ​ផលិតផល នាំចូល​ដែល​អាច​បង្ក​មហន្តរាយ​ដល់​ផលិតកម្ម និង​ឧស្សាហកម្ម​កម្ពុជា លើសពី​អត្រាពន្ធ​ដែល​កម្ពុជា​បាន​ចងក្រង និង​បាន​សន្យា នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រសិនបើ​ចាំបាច់​»​។​

​បើតាម​លោក ផៃ ស៊ី​ផាន ការបង្កើត​ច្បាប់​នេះ ក៏​ជាការ​ផ្តល់​ទំនុកចិត្ត និង​ធើ្វ​ជា​ខែល​ការពារ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ដែល​បាន​បណ្តាក់ទុន​នៅ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​គោលការណ៍ យន្តការ​និង​នីតិវិធី​នានា សម្រាប់​ជួយ​ធានា​ដល់​ការ​ប្រ​ក្រ​តួ​ប្រជែង​ដោយ​សុ​ចរិ​ត និង​ស្មោះត្រង់ រវាង​ផលិតករ និង​ពាណិជ្ជករ​ដែល​ផលិត និង​លក់​ផលិតផល​ក្នុងស្រុក ជា​មូ​យ​និង​ផលិតករ​បរទេស និង​ពាណិជ្ជករ ដែល​បាន​នាំចូល​ផលិតផល​ដូច​គា្ន​មក​លក់​នៅ​កម្ពុជា​ផងដែរ​។ 

​ខាងក្រោម​នេះ​ជា​វាក្យសព្ទ​សំខាន់ៗ​ដែល​ប្រើ​ក្នុង​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជ​កម្មនេះ ដោយមាន​និយមន័យ​ដូចតទៅ​៖
-​ឧបាស្រ័យ​ពាណិជ្ជកម្ម សំដៅ​ដល់ វិធានការ​ប្រឆាំង​និង​ការលក់​បង្ខូច​ថៃ្ល ,​ការ​ឧ​ប​ត្ត​ម្ភ​ធន​និង​វិធានការ​ពន្ធ​ប៉ះប៉ូវ និង វិធានការ​ការពារ​។​
- ពន្ធ​ឧបាស្រ័យ​ពាណិជ្ជកម្ម សំដៅ​ដល់​ពន្ធ​ដែល​ត្រូវបាន​អនុវត្ត​ចំពោះ​ផលិតផល​នាំចូល ដែលជា​លទ្ធផល​នៃ​ការ​ស៊ី​ប​អ​ងេ្ក​ត​ប្រឆាំងនឹង​ការលក់​បង្ខូច​ថៃ្ល​ឬ​ការការពារ​។​

- គណៈកម្មាធិការ​ជាតិ​ឧបាស្រ័យ​ពាណិជ្ជកម្ម សំដៅ​ដល់​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ដែល​ដឹកនាំ​ការ​ស៊ី​ប​អ​ងេ្ក​ត​បញ្ហា​ពាក់ព័ន្ធ​នឹង​វិធានការ​ប្រឆាំងនឹង​ការលក់​បង្ខូច​ថៃ្ល ការ​ឧ​ត្ត​ម្ភ​ធន​និង​វិធានការ​ពន្ធ​ប៉ះប៉ូវ និង​វិធាន​ការការពារ​៕


Tag:
 ​រដ្ឋាភិបាល​
 ​ហ៊ុន សែន
 ​ផៃ ស៊ី​ផាន​
 ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com