កីឡាជាតិ
ជាតិ
មុន​ប៉ះ​កម្ពុជា ហ្សកដានី យកឈ្នះ​ជា​បន្តបន្ទាប់​លើ​ហ្ស​ក​ហ្ស៊ី និង​ហុងកុង​ក្នុងជំនួប​មិត្តភាព​
24, Mar 2017 , 12:29 pm        
រូបភាព
ក្រុម​កីឡាបាល់ទាត់ជម្រើស​ជាតិហ្សកដានីពេលហ្វឹកហាត់។ រូបថត Jordan Football
ក្រុម​កីឡាបាល់ទាត់ជម្រើស​ជាតិហ្សកដានីពេលហ្វឹកហាត់។ រូបថត Jordan Football
ដោយ: រួបរួម
 
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្សកដានី គឺជា​ក្រុម​ដែលមាន​កម្រិត​ខ្ពស់​ជាងគេ​នៅក្នុង​ពូ​ល C សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup ឆ្នាំ​២០១៩ ។ នៅមុន​បើកទ្វារ​កីឡដ្ឋាន King Abdullah II Stadium ទទួល​កម្ពុ​ជានា​ថ្ងៃទី​២៨ ខែមីនា ខាងមុខ ហ្សកដានី បាន​យកឈ្នះ​ជា​បន្តបន្ទាប់​លើ ហ្ស​ក​ហ្សី ១-០ និង​ហុងកុង ៤-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។​

 
​ហ្សកដានី បច្ចុប្បន្ន​ស្ថិតនៅ​ចំណាត់ថ្នាក់​១១៥​ក្នុង FIFA Ranking បានទទួល​ជ័យជម្នះ ១-០ លើ​ហ្ស​ក​ហ្ស៊ី ដែល​ស្ថិតនៅ​ភូមិភាគ​កូ​កាស តំបន់​អឺ​រ៉ាស៊ី នា​ជំនួប​មិត្តភាព​អន្តរជាតិ កាលពី​ខែមករា កន្លងមក​។  ជំនួប​ដែល​រៀបចំ​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត នាពេលនោះ ខ្សែប្រយុទ្ធ Hamza Al-Dardour ដែល​លេង​ឲ្យ​ក្លិប Al-Ramtha SC បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ជ័យជម្នះ​ដល់​ហ្សកដានី ១-០ នៅ​ចុង​តង់​ទីមួយ​។​
 
 
​កាលពី​ថ្ងៃទី​២៣ ខែមីនា ហ្សកដានី​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​អារ៉ាប់​រួម​អេ​មី​រ៉េត លោក Abdullah Mesfer បាន​យកឈ្នះ​ហុងកុង ៤-០ នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើក​ទី​ពីរ​ប្រចាំឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន King Abdullah II Stadium​។ កីឡាករ Yaseen Al-Bakhit, Hamza Al-Dardour, Musa Al-Taamari និង Tha'er Bawab នៃ​ក្លិប​កំពូល​រូ​ម៉ា​នី Dinamo București បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​សម្រាប់​ហ្សកដានី​។​
 
​កម្ពុជា និង​ហ្សកដានី​ដែល​ស្ថិតនៅ​តំបន់​អាស៊ី​ខាងលិច មិន​ដែលមាន​ប្រវត្តិ​ជួបគ្នា​ឡើយ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​។ សម្រាប់​កម្ពុជា ការប្រកួត​មិត្តភាព​ពីរលើក​នៅ​ឆ្នាំ​២០១៧ ពួកគេ​បាន​ចាញ់​អា​រ៉ា​ប៊ី​សា​អូឌីត ៧-២ នា​ជំនួប​មិត្តភាព​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត កាលពី​ខែមករា ក្រោម​ការដឹកនាំ​ចុងក្រោយ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon​។ កាលពី​ថ្ងៃទី​២២ ខែមីនា ពួកគេ​បាន​ចាញ់​ឥណ្ឌា ៣-២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយនឹង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្រោម​ការដឹកនាំ​គ្រូ​ប្រេ​ស៊ី​ល Leonardo Vitorino៕
 
 



Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com