អន្តរជាតិ
Duterte៖«​អាមេរិក​នៅឯណា ម៉េច​មិន​ព្រម​មក​ទប់​កុំ​ឲ្យ​ចិន​សង់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាំងពី​យូរ​?»
24, Mar 2017 , 9:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលតែងនិយាយរិះគន់អាមេរិកមិនសំចៃមាត់ (រូបថត Reuters)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលតែងនិយាយរិះគន់អាមេរិកមិនសំចៃមាត់ (រូបថត Reuters)
​ចិន​សាងសង់​កោះ​សិប្បនិម្មិត​ច្រើន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ជាការ​តានតឹង​ខ្លាំង​ក្នុង​តំបន់​ជម្លោះ​អធិបតេយ្យ​នេះ​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​ចិន ហើយ​មិនបាន​បន្ទោស​ចិន​លើ​រឿង​បង្ក​ការក្ដៅក្រហាយ​នេះឡើយ តែ​បែរជា​ទម្លាក់កំហុស​លើ​អាមេរិក​ទៅវិញ​។ លោក Duterte បន្ទោស​អាមេរិក​ថា មិន​ធ្វើ​អ្វី​សោះ​ទាំង​ដឹងថា​ចិន​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង រហូត​ធ្វើ​ឲ្យ​ស្ថានការណ៍​យ៉ាប់យ៉ឺន​ដូច​សព្វថ្ងៃ​។​



«​ហេតុអ្វី​អាមេរិក​មិន​ស្ដី​ឲ្យ​ចិន​? ហេតុអ្វី​អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​៥​គ្រឿង​មក​? ហើយ​ចាំបាច់​អ្វី​ត្រូវ​រង់ចាំ​រហូតដល់​បញ្ហា​នេះ ក្លាយជា​បញ្ហា​អន្តរជាតិ​ជាប់​ពាក់ព័ន្ធ​ប្រទេស​ជាច្រើន​នោះ​»​។ នេះ​ជាស​ម្ដី​បន្ទោស​អាមេរិក​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​ចោទថា អាមេរិក​មិន​ព្រម​ទប់​កុំ​ឲ្យ​ចិន​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង តែ​បណ្តែតបណ្តោយ​ឲ្យ​ស្ថានការណ៍​ទុំ​ជោរ​ដូច​សព្វថ្ងៃនេះ​។​

​ប្រធានាធិបតី​រូបនេះ ក៏​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​ទង្វើ​ព្រហើន​របស់​ខ្លូន​លើ​ជម្លោះ​នេះ និង​មិន​ធ្វើ​អ្វី​ទាល់តែសោះ​ដើម្បី​ប្រឈមមុខ​សកម្មភាព​របស់​ចិន​។ លោក Duterte រិះគន់​រដ្ឋបាល​លោក អូ​បា​ម៉ា ដែល​បានត្រឹមតែ​ដាក់​សម្ពាធ​លើ​ហ្វីលីពីន​ឲ្យ​ប្រឆាំង តែ​មិនបាន​ផ្ដល់​ការគាំទ្រ​ផ្នែក​យោធា​ឲ្យ​ហ្វីលីពីន​ឡើយ បើទោះជា​ភាគី​ទាំងពីរ​ចុះសន្ធិសញ្ញា​ការពារជាតិ​រួមគ្នា​ក៏ដោយ​។ ពោល គឺ​អាមេរិក​ទុក​ឲ្យ​ចិន​ធ្វើ​អ្វី​ស្រេច​ចិត្ត​លើ​តំបន់​ដែនទឹក​របស់​ហ្វីលីពីន​ដដែល​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Duterte ក៏​ប្រតិកម្ម​ការធ្វើ​នាវាចរណ៍​របស់​នាវា​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​បង្ក​ការយល់ច្រឡំ​បាន​។ បើតាម​លោក Duterte បើ​មាន​ការបាញ់​តែ​គ្រាប់ នោះ សង្គ្រាម​នឹង​ផ្ទុះឡើង​មិន​ខាន ហើយ​ការកាប់សម្លាប់​នឹង​កើតមាន​ដូចគ្នា​។ ប៉ុន្តែ​លោក​ក៏​ឆ្ងល់​ដែរ​ថា ហេតុអ្វី​បាន​អាមេរិក​មិន​បញ្ជូន​នាវា​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​តាំងពី​យូរ ហើយ​ចង់​ឲ្យ​ហ្វីលីពីន​បញ្ជូន​នាវា​របស់ខ្លួន​ទៅ​តំបន់​ទៅវិញ​។​

​លោក​ប្រធានាធិបតី​បន្ត​ចោទប្រកាន់​អាមេរិក​ថា បើ​អាមេរិក​សម្រេចចិត្ត​បញ្ជូន​កម្លាំង​ទៅ​សមុទ្រ​ចិន​ខាងត្បូង ម្ល៉េះ​សម​បញ្ហា​ត្រូវ​ដោះស្រាយ​តាំងពី​យូរ​មកហើយ និង​មិន​ក្លាយជា​រឿងរ៉ាវ​ដែល​ប្រទេស​ជាច្រើន​ចូល​ពាក់ព័ន្ធ​ដែរ​។ ការរិះគន់​របស់លោក Duterte ក៏​ធ្វើឡើង​ចំពេល​ដែលមាន​ការព្រួយបារម្ភ​ថា ចិន​មានបំណង​សាងសង់​ស្ថានីយ៍​ស្រាវជ្រាវ​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​រួមទាំង​តំបន់​ប្រទាញប្រទង់​រវាង​ហ្វីលីពីន និង​ចិន នៅឯ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough ផងដែរ​។​

​ជាការ​ពិត ចិន​ជា​អ្នក​សាងសង់​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជាការ​បញ្ឆេះ​កម្ដៅ​យោធា​ដ៏​គ្រោះថ្នាក់ តែ​លោក Duterte ផ្ទាល់​បែរជា​មិន​អើពើ​នឹង​រឿងនេះ រួច​បែរជា​ងាក​ទៅ​ចាប់ដៃ​កាន់​ស្អិតល្មួត​ជាមួយ​ចិន​ទៅទៀត​។ លោក​និយាយ​ការពារ​ការចាប់​ដៃ​ចិន និង​បោះបង់​អាមេរិក ថា លោក​ចង់​ប្ដូរ​នយោបាយ​ការបរទេស​របស់​ហ្វីលីពីន ហើយ​ការណ៍​ដែល​លោក​ងាក​ទៅរក​ចិន ក៏​ផ្ដោត​តែ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែរ​៕   


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com