កីឡាជាតិ
ជាតិ
កីឡាករ​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​ពង្រឹង​រាងកាយ និង​ស្មារតី​នៅ​កែប មុន​ចេញទៅ​បា​រ៉ែ​ន​
25, Mar 2017 , 12:19 pm        
រូបភាព
​កែប​៖ ពីថ្ងៃ​ទី​២១ រហូតដល់​ថ្ងៃទី​២៥ ខែមីនា ក្រុម​កីឡាករ​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា នាំគ្នា​ធ្វើការ​ហ្វឹកហាត់​ពង្រឹង​រាងកាយ និង​ស្មារតី​នៅ​ខេត្ត​កែប ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ Davis Cup នៅ​ទីក្រុង Isa Town ប្រទេស​បា​រ៉ែ​ន នា​ខាងមុខ​។ កម្ពុជា​ដែលមាន​កីឡាករ​៤​រូប គឺ ប៊ុន កេ​ន្នី ម៉ម ផល្គុណ ឡុង សំនៀង និង​អួរ សារិទ្ធ ដែល​ត្រូវ​ប្រកួត​ក្នុង​ក្រុម IV នៃ​តំបន់​អាស៊ី​-​អូ​សេ​អា​នី ដោយមាន​លោក ទេព រិទ្ធី​វិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ជា​ប្រធាន​ក្រុម​។



​ការហ្វឹកហាត់​រយៈពេល​៥​ថ្ងៃ​នៅ​ខេត្ត​កែប គឺ​ក្នុង​គោលបំណង​ឲ្យ​កីឡាករ​បាន​ផ្លាស់ប្តូរ​បរិយាកាស​។ នេះ​ជាការ​អះអាង​របស់លោក ទេព រិទ្ធី​វិត ដោយ​លោក​បាន​បន្ថែមថា តំបន់​សមុទ្រ​ពោរពេញ​ទៅដោយ​ខ្យល់​បរិសុទ្ធ​ជាង​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​កីឡា​វាយ​កូន​បាល់ ជា​ប្រភេទ​កីឡា​ដែល​តម្រូវ​ឲ្យ​មានការ​ពង្រឹងស្មារតី​ខ្ពស់​។

​ក្រៅពី​ការហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​បារាំង លោក Deville Franck ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើស​កម្ពុជា ក៏ត្រូវ​ពង្រឹង​សាមគ្គីភាព​ក្នុង​ក្រុម តាមរយៈ​ការហ្វឹកហាត់​ផ្នែក​រាងកាយ និង​ស្មារតី ផងដែរ ដោយ លោក Amin Louis ទទួលបន្ទុក​ដឹកនាំ​លើ​ការហ្វឹកហាត់​ទាំងនេះ​។​



​ព្រឹត្តិការណ៍ 2017 Davis Cup Asia/Oceania Zone Group IV ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៩ ខែមេសា មាន​១១​ក្រុម​ចូលរួម ក្នុងនោះ​មាន​កម្ពុជា ម្ចាស់ផ្ទះ​បា​រ៉ែ​ន បង់​ក្លា​ដែ​ស អ៊ីរ៉ាក់ គៀ​ហ្ស៊ី​ស​ស្ថាន ម៉ុង​ហ្គោ​លី មី​យ៉ាន់​ម៉ា អូ​ម៉​ង់ អា​រ៉ា​ប៊ី​សា​អូឌីត សិង្ហ​បុរី និង​តា​ហ្ស៊ី​គី​ស្ថាន​។​

​សូម​ទស្សនា​បទ​យកការណ៍​ជា​វីដេអូ​របស់ នាយ យ៉ាន ពី​ខេត្ត​កែប ដូចខាងក្រោម​៖








Tag:
 កីឡា​វាយ​កូន​បាល់​
  Davis Cup
© រក្សាសិទ្ធិដោយ thmeythmey.com