អន្តរជាតិ
បេក្ខជន​ជិតស្និទ្ធ​ប៉េកាំង ក្លាយជា​ប្រមុខ​ដឹកនាំ​ហុងកុង​ថ្មី​
26, Mar 2017 , 1:53 pm        
រូបភាព
​លោកស្រី Carrie Lam ត្រូវបាន​ជ្រើសរើស​ជា​ប្រមុខ​ប្រតិបត្តិ​របស់​រដ្ឋបាល​ក្រុង​ហុងកុង ក្នុងការ​បោះឆ្នោត​ដោយ​ប្រតិភូ​នៅ​ថ្ងៃទី​២៦ ខែមីនា​។ លោកស្រី Carrie Lam ដែលជា​បេក្ខជន​ដែល​ជិតស្និទ្ធ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ដួល​បេក្ខជន​ពីរ​នាក់​ទៀត ហើយ​លោកស្រី​នឹងត្រូវ​ដឹកនាំ​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​ធំ​នេះ ជំនួស​លោក Leung Chun-ying ។ ការបោះឆ្នោត​លើក​នេះ ពោរពេញ​ដោយ​ការតវ៉ា​របស់​ប្រជាជន​ហុងកុង ដែល​លើកឡើងថា​ក្រុង​ប៉េកាំង​ប្រើ​ឥទ្ធិពល​ជ្រៀតជ្រែក​ផ្ទៃក្នុង​ហុងកុង​។



​អតីត​ប្រមុខ​រង​ក្រុង​ហុងកុង លោកស្រី Carrie Lam បាន​ជាប់ឆ្នោត​ជា​ប្រមុខ​ថ្មី​របស់​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​ក្នុងការ​បោះឆ្នោត​មិនផ្ទាល់​ថ្ងៃទី​២៦ ខែមីនា​។ លោកស្រី Lam បាន​ផ្ដួល​គូប្រជែង​២​នាក់​ទៀត គឺ​អតីត​ប្រមុខ​ហិរញ្ញវត្ថុ​លោក John Tsang និង​អតីត​ចៅក្រម​លោក Woo Kwok-hing ដើម្បី​ក្លាយជា​ស្ត្រី​ទី​១ ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​នេះ​។

​បើតាម​សារព័ត៌មាន South China Morning Post លោកស្រី Lam ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៧៧៧ ពី​គណៈកម្មាធិការ​បោះឆ្នោត​សរុប​១១៩៤ ដែល​ភាគច្រើន​ជា​មនុស្ស​ស្មោះត្រង់​របស់​ទីក្រុង​ប៉េកាំង​។ លោកស្រី Lam ត្រូវគេ​មើលឃើញ​ជា​បេក្ខជន​ដែល​ពេញចិត្ត​ដោយ​រដ្ឋាភិបាល​ចិន ខណៈ​លោក Tsang ដែលមាន​បទពិសោធ​ខាង​ហិរញ្ញវត្ថុ ក៏មាន​ប្រជាប្រិយភាព​ខ្ពស់​ដែរ ប៉ុន្តែ​លោក​មាន​ជំហរ​ខុសគ្នា​រដ្ឋាភិបាលកណ្ដាល​ប៉េកាំង​។​

​ក្រោយ​ជ័យជម្នះ​នេះ លោកស្រី Lam នឹង​ស្នង​តំណែង​លោក Leung Chun-ying ដែល​នឹង​ចប់​អាណត្តិ​នៅ​ខែមិថុនា​ខាងមុខ​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ គឺ​ពោរពេញ​ដោយ​បាតុកម្ម​ពី​សំណាក់​អ្នកគាំទ្រ​ប្រជាធិបតេយ្យ ដែល​បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​តាមរយៈ​ការបោះឆ្នោត​លើក​នេះ​។ ប្រជាជន​ហុងកុង​ទូទៅ ចង់​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង ដើម្បី​គេចផុត​ពី​ការពង្រឹង​ឥទ្ធិពល​របស់​ចិន ប៉ុន្តែ​ចិន​ឯណោះ មិនបាន​យល់ព្រម​តាម​ឡើយ​។​

​បើទោះជា​មានការ​បោះឆ្នោត​ក្ដី គេ​នៅតែ​សង្កេតឃើញ​ឥទ្ធិពល​របស់​ចិន​នៅមាន​ក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​ហុងកុង​ដដែល​។ បន្ថែម​ពីលើ​គណៈកម្មាធិការ​បោះឆ្នោត​ដែលជា​មនុស្ស​របស់ខ្លួន ចិន​ក៏​កំណត់​ឲ្យ​បេក្ខជន​ទាំងអស់ ត្រូវមាន​ការយល់ព្រម​ពី​ខ្លួន​សិន មុននឹង​ឈរឈ្មោះ​ជា​ប្រធាន​ប្រតិបត្តិ​ហុងកុង​នោះ​។ ប្រធាន​ប្រតិបត្តិ​ចប់​អាណត្តិ Leung Chun-ying រង​ការរិះគន់​ដោយសារ​រឿងនេះ ដ្បិត​លោក​ជិតស្និទ្ធ​ជាមួយ​ចិន​ពេក​។​

​ទីក្រុង​ហុងកុង ជា​ផ្នែក​មួយ​របស់​ចិន ដែលមាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង ក្រោម​នយោបាយ​ប្រទេសមួយ ប្រព័ន្ធ​ពីរ ដែល​ដាក់ចេញ​ពេល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧​។ ហុងកុង ជា​តំបន់​រដ្ឋបាល​ពិសេស​ដែលមាន​ប្រព័ន្ធ​ច្បាប់ និង​រដ្ឋបាល​ដឹកនាំ​ដោយ​ខ្លួនឯង ប៉ុន្តែ​កិច្ចការ​កងទ័ព និង​ការងារ​ការបរទេស ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាលកណ្ដាល​៕  


Tag:
 ហុងកុង​
  ចិន​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com