ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែអតុល្យភាពអ័រម៉ូនក្នុងខ្លួនសោះ ធ្វើឲ្យអស់កម្លាំងបានដូចម្តេចទៅ?
×
អ្នកប្រហែលជាគិតថា ការអស់កម្លាំងគឺបណ្តាលមកពីការធ្វើការងារខាងផ្នែករៀងកាយខ្លាំងក្លា គេងមិនបានគ្រប់គ្រាន់ និងការកង្វះជីវជាតិក្នុងខ្លួនហើយ។ ប៉ុន្តែបញ្ហាសុខភាពមួយចំនួនតូចផ្សេងទៀតក៏អាចធ្វើឲ្យមានអារម្មណ៍អស់កម្លាំងបានដែរ។ ការអតុល្យភាពអ័រម៉ូនអាចធ្វើឲ្យអស់កម្លាំងរ៉ាំងរ៉ៃផងដែរ។ តើមានអ័រម៉ូនអ្វីខ្លះទៅ?
អតុល្យភាពភាពអ័រម៉ូន Cortisol
ការដែលរាងកាយអតុល្យភាពអ័រម៉ូនមួយនេះ អាចបណ្តាលឲ្យក្រពេញលើតម្រងនោមអស់កម្លាំង រហូតដល់ខ្សោយចំណង់ផ្លូវភេទ ឃ្លានរបស់ប្រៃៗ ឬអាហារផ្អែមៗ ឈឺក្បាលនៅពេលរសៀល វិលមុខ និងលើសជាតិស្ករក្នុងឈាមថែមទៀត។
ស៊ាំនឹងអ័រម៉ូន Leptin
កោសិកាខ្លាញ់មាននាទីផលិតអ័រម៉ូនមួយឈ្មោះថា Leptin សម្រាប់បញ្ជូនសញ្ញាទៅឲ្យខួរក្បាលដើម្បីប្រើខ្លាញ់នេះធ្វើជាថាមពល។ នៅពេលរាងកាយមិនអាចសម្គាល់អ័រម៉ូន Leptin បាន រាងកាយនឹងគិតថា វាដល់ពេលឃ្លានអាហារ និងធ្វើឲ្យរាងកាយចង់បានខ្លាញ់មករក្សាទុកកាន់តែច្រើនថែមទៀត។ ករណីជំងឺស៊ាំនឹងអ័រម៉ូន Leptin មិនគ្រាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ល្ហិតល្ហៃទេ តែក៏ធ្វើឲ្យឃ្លានអាហារជាប់រហូតដល់ឡើងទម្ងន់ និងស្ត្រេសច្រើនទៀត។
ស៊ាំនឹងអាំងស៊ុយលីន
រឿងនេះមិនខុសគ្នានឹងការស៊ាំនឹង Leptin ទេ ដោយគ្រាន់តែករណីជំងឺនេះកើតមានជាញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ និងត្រៀមកើតជំងឺទឹកនោមផ្អែម។ នៅពេលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន អ្នកនឹងមានអារម្មណ៍អស់កម្លាំងខ្លាំងក្លា និងស្រកទម្ងន់ខ្លាំង។ អ្នកក៏ទំនងជាឃ្លានរបស់ផ្អែមៗ និងមានអារម្មណ៍អស់កម្លាំងទោះបីជាញ៉ាំអីហើយក៏ដោយ។
អតុល្យភាពអ័រម៉ូនទីរ៉ូអ៊ីត
កោសិកានីមួយៗរបស់រាងកាយត្រូវការអ័រម៉ូនទីរ៉ូអ៊ីតដើម្បីធ្វើការបានយ៉ាងល្អ ហើយបើសិនជាអ្នកមានអតុល្យភាពអ័រម៉ូនមួយនេះ អ្នកទំនងជាអាចមានបញ្ហាអស់កម្លាំង ឡើងទម្ងន់ បាក់ទឹកចិត្ត មានភាពស្ពឹកស្រពុនខាងផ្លូវចិត្ត ស្ងួតស្បែក និងសក់ស្តើងទៅៗ។
អតុល្យភាពអ័រម៉ូនអេស្ត្រូជែន
កាលណាមានភាពអតុល្យភាពអ័រម៉ូនអេស្ត្រូជែន ច្រើនតែទាក់ទងនឹងការអស់កម្លាំងរ៉ាំរ៉ៃជាមួយគ្នានឹងការបាក់ទឹកចិត្ត ស្ងួតទ្វារមាស ឈឺចាប់ក្នុងពេលរួមភេទ ក្តៅពេញខ្លួន និងបែកញើសពេលយប់។
អតុល្យភាពអ័រម៉ូនប្រូជេស្តេរ៉ូន
កាលណារាងកាយមិនមានអ័រម៉ូនមួយនេះគ្រប់គ្រាន់ អ័រម៉ូនអេស្ត្រូជែននឹងឡើងខ្ពស់ជាងរហូតដល់នាំឲ្យអស់កម្លាំងជាមួយគ្នានឹងការគេងមិនលក់ ឈឺក្នុងសុដន់ មិនអាចមានកូនបាន ថប់អារម្មណ៍ និងឡើងទម្ងន់។
អតុល្យភាពអ័រម៉ូនតេស្តូស្តេរ៉ូន
កាលណាអ័រម៉ូនមួយនេះមានទាប អាចនាំឲ្យអស់កម្លាំង និងល្ហិតល្ហៃជាប់ទាំងបុរស និងស្ត្រី។ ចំពោះមូលហេតុរបស់វាវិញ ត្រូវបានជាប់ទាក់ទងនឹងការកើតមុន ចង្កោមរោគសញ្ញាពងគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ដុះរោមច្រើននៅមុខ និងដៃ កង្វះជាតិស្ករក្នុងឈាម និងសក់ស្តើង។ ស្ត្រីដែលមានអ័រម៉ូនតេស្តូស្តេរ៉ូនទាបក៏ធ្លាប់មានអាការៈឡើងទម្ងន់ និងខ្សោយចំណង់ផ្លូវភេទដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com