អន្តរជាតិ
មេទ័ព​អ៊ីរ៉ង់ ប្រាប់​ឲ្យ​អាមេរិក​កែ​មារយាទ​
26, Mar 2017 , 8:39 pm        
រូបភាព
​កាលពី​ថ្ងៃទី​២១ ខែមីនា នាវា​ដឹក​យន្តហោះ​របស់​អាមេរិក បាន​ប្រឈមមុខគ្នា​ជាមួយ​ទូក​ល្បឿន​លឿន​របស់​ទ័ពជើងទឹក​អ៊ីរ៉ង់​ក្នុង​តំបន់​សមុទ្រ Hormuz ខណៈ​នាវា​អាមេរិក​ធ្វើដំណើ​ឆ្លងកាត់​ទីនោះ​ឆ្ពោះ​សំដៅ​ឈូង​សមុទ្រ​អារ៉ាប់​ក្នុង​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​។ អាមេរិក​និយាយថា ទូក​យោធា​អ៊ីរ៉ង់​ដែល​ប្រដាប់​ឲ្យ​អាវុធ បានមក​កៀក​នាវា​ដឹក​យន្តហោះ USS George H.W. Bush ។ ប៉ុន្តែ​មេទ័ព​អ៊ីរ៉ង់​បាន​ទាត់ចោល​ការចោទប្រកាន់ និង​ប្រាប់​អាមេរិក​ឲ្យ​កែប្រែ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ឡើងវិញ​។​



​មេទ័ព​អ៊ីរ៉ង់ បាន​ប្រតិកម្ម​ទៅនឹង​ការលើកឡើង​របស់​មេទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​ចោទ​អ៊ីរ៉ង់​ថា​បាន​បញ្ជូន​កម្លាំង​ទូក​ល្បឿន​របស់ខ្លួន ទៅ​ក្បែរ​នាវា​ដឹក​យន្តហោះ​អាមេរិក​ដែល​ឆ្លងកាត់​តំបន់​សមុទ្រ Hormuz ។ ឧ​ត្ត​ម​សេនីយ៍ Masoud Jazayeri នាយរង​សេនាធិការ​ចម្រុះ​កងទ័ព​អ៊ីរ៉ង់​និយាយថា ព័ត៌មាន​នៃ​ការប្រឈមមុខគ្នា​រវាង​នាវា​អាមេរិក និង​ទូក​លឿន​របស់​អ៊ីរ៉ង់ ជា​រឿង​គ្នា​មូលដ្ឋាន និង​ស្រង់​ចេញពី​ប្រភព​ដែល​មិន​ត្រឹមត្រូវ​។​

​មេទ័ព​អ៊ីរ៉ង់​ដដែល​នេះ ក៏​និយាយ​ដែរ​ថា អាមេរិក​ត្រូវ​ទទួលខុសត្រូវ​តែម្នាក់ឯង​គត់ ក្នុងករណី​មានការ​ប្រយុទ្ធ​គ្នា​កើតឡើង​ក្នុង​តំបន់​នេះ​។ លោក​ក៏​ស្នើ​ឲ្យ​កងទ័ព​អាមេរិក​ពិនិត្យ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ឡើងវិញ ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ណាមួយ​។ «​អាមេរិក​ត្រូវតែ​រង​ការបន្ទោស បើ​មានការ​ចលាចល​នៅ​តំបន់​ឈូង​សមុទ្រ​សមុទ្រ​ពែ​រ្ស ហើយ​អាមេរិក​ក៏​គួរតែ​ផ្លាស់ប្ដូរ​មារយាទ និង​ឥរិយាបថ​របស់ខ្លួន​ផងដែរ​»​។ នេះ​ជាការ​ព្រមាន​របស់លោក Jazayeri ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន RT ។​

​ងាក​ទៅ​ការប្រឈមមុខ​បន្តិច នាវា​ដឹក​យន្តហោះ USS George H.W. Bush ដែល​នាំមុខ​នាវា​មួយចំនួនទៀត និង​ទូក​អ៊ីរ៉ង់ មិនមាន​ការប្រយុទ្ធ​គ្នា​ឡើយ​។ មេ​ទ័ពជើងទឹក​អាមេរិក​បាន​ទម្លាយ​រឿងនេះ និង​បាន​ចោទ​អ៊ីរ៉ង់​ថា​បាន​បំពាន​ការធ្វើដំណើរ​ដោយ​សុវត្ថិភាព​របស់​នាវា​អាមេរិក​ក្នុង​ដែនទឹក​អន្តរជាតិ​។ បើតាម​សម្ដី​មេទ័ព​អាមេរិក ទូក​យោធា​អ៊ីរ៉ង់​ចូល​កៀកក​ប៉ាល់​អាមេរិក​ជាមួយ​ចម្ងាយ​៨៧០​ម៉ែត្រ​ពីគ្នា និង​ប្រដាប់​ដោយ​អាវុធ​ច្រូងច្រាង​។​

​យ៉ាងណាក្ដី នេះ​ក៏​មិនមែនជា​លើកទីមួយ ដែល​ហេតុការណ៍​ប្រឈមមុខ​រវាង​នាវា​អាមេរិក និង​កប៉ាល់​អ៊ីរ៉ង់​កើតឡើង​នៅ​តំបន់​សមុទ្រ Hormuz នេះ​។ អ៊ីរ៉ង់ បាន​ត្រួតត្រា​តំបន់​នេះ​ជា​យូរ​មកហើយ​។ Hormuz ក៏​ជា​ច្រក​ជាមួយ​គត់​សម្រាប់​ការធ្វើដំណើរ​ទៅកាន់​មជ្ឈិមបូព៌ា រូ​ច​ឆ្ពោះទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​។ នាវា​អាមេរិក ក៏​តែង​ឆ្លងកាត់​តំបន់​នេះ​ដើម្បី​ចូលរួម​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម ដែល​រឿង​នេះហើយ​ទើប​មានការ​ប្រឈម​មុខជា​ញឹកញយ​។​

​ទាំង​អ៊ីរ៉ង់ ទាំង​អាមេរិក តែង​ចោទ​គ្នា​ទៅវិញទៅមក​ដោយសារ​រឿងនេះ​។ អាមេរិក​តែង​លើកឡើងថា កងទ័ពជើងទឹក​អ៊ីរ៉ង់​តែង​មក​ក្បែរ​នាវា​របស់ខ្លួន និង​បង្ខំ​ឲ្យ​នាវា​អាមេរិក​ប្ដូរ​ផ្លូវ​ធ្វើដំណើរ ដែល​អាច​ឈានដល់​ការប៉ះទង្គិច​ជាយថាហេតុ​មិន​ខាន​។ ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ មិន​មែនមាន​ត្រឹម​រឿងនេះ​ដែរ​។ ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ ក៏​កំពុង​ដុត​កម្ដៅ​តានតឹង​នេះ ស្រប​ពេលដែល​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ផ្គើន​អន្តរជាតិ​ដែរនោះ​៕


Tag:
 អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com