អន្តរជាតិ
អូស្ត្រាលី ត្រៀមខ្លួន​ទប់ទល់ ISIS ដែលចង់​គំរាមកំហែង​តំបន់​អាស៊ីអាគ្នេយ៍​
27, Mar 2017 , 8:40 am        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julia Bishop
​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Julia Bishop
អាស៊ីអាគ្នេយ៍ គឺជា​គោលដៅ​បោះជំរំ​របស់​ក្រុម​រដ្ឋ​ឥស្លាម បើ​ពួកគេ​បរាជ័យ​ក្នុង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ ក្រុម​ជ្រុលនិយម​នេះ ក៏មាន​បណ្ដាញ​សាខា​របស់ខ្លួន​ក្នុង​តំបន់​រួចស្រេច​ហើយ​ដូចជា​ក្រុម​ឧទ្ទាម Abu Sayyaf នៅ​ភាគខាងត្បូង​ហ្វីលីពីន​ជាដើម​។ ប្រទេស​ជាច្រើន​នៅក្បែរ​ហ្វីលីពីន ក៏បាន​ត្រៀមខ្លួន​ជា​បណ្ដើរៗ​ដើម្បី​ទប់ទល់​វត្តមាន​សកម្មជន​រប​ស់​ក្រុម​ជ្រុលនិយម​នេះ ដែល​អាច​គេចខ្លួន​ពី​ប្រតិបត្តិការ​បោសសម្អាត​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ រួចមក​បង្កើត​រដ្ឋ​ថ្មី​មួយទៀត​នៅ​អាស៊ីអាគ្នេយ៍​។​



​អូស្ត្រាលី ដែល​នៅក្បែរ​អាស៊ីអាគ្នេយ៍ បាន​ត្រៀមខ្លួន​ដើម្បី​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ទំនងជា​បង្កើត​រដ្ឋ​ថ្មី​របស់ខ្លួន​នៅ​ភាគខាងត្បូង​ហ្វីលីពីន ខណៈ​ក្រុម​នេះ​រង​បរាជ័យ​បន្តបន្ទាប់​នៅ​តំបន់​មជ្ឈិមបូព៌ា​។ សម្ព័ន្ធមិត្ត​លោកខាងលិច​ដឹកមុខ​ដោយ​អាមេរិក កំពុងបើក​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់ ខណៈដែល​យុទ្ធនាការ​មួយទៀត​ដឹកនាំ​ដោយ​រុស្ស៊ី កំពុង​កម្ទេច​សំបុក​របស់​ក្រុម​ជ្រុលនិយម​នេះ​នៅលើ​ទឹកដី​ស៊ី​រី​។ គេ​ជឿថា យុទ្ធជន​ជាច្រើន​របស់​ក្រុម​នេះ​អាច​ភៀសខ្លួន​មកកាន់​អាស៊ីអាគ្នេយ៍ ដើម្បី​ចូលរួម​ជាមួយ​បក្សពួក​ខ្លួន​។​

​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julia Bishop និយាយថា អូស្ត្រាលី​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​ការមកដល់​របស់​សកម្ម​ជនបរទេស​នៃ​រដ្ឋ​ឥស្លាម​ចំនួន​ប្រមាណ​៦០០​នាក់ ដែល​រួច​ផុតពី​ការ​វាយ​ប្រយុទ្ធ​នៅ​មជ្ឈិមបូព៌ា​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Sky News នៅ​ថ្ងៃទី​២៦ ខែមីនា ប្រមុខ​ការទូត​អូស្ត្រាលី​រូបនេះ​និយាយទៀតថា​៖ «​មានការ​បារម្ភ​ច្រើន​ជុំវិញ​លទ្ធភាព​ដែល​ក្រុម​រដ្ឋ​ឥស្លាម​អាចបង្កើត​រដ្ឋ​ឥស្លាម​មួយទៀត​នៅ​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​»​។​

​លោកស្រី Bishop បញ្ជាក់ថា មេដឹកនាំ​ក្រុម​ឧទ្ទាម Abu Sayyaf ដែលជា​បណ្ដាញ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អាស៊ីអាគ្នេយ៍ ទើបត្រូវ​បានតែងតាំង​ជា Emir (​មេដឹកនាំ​) របស់​ក្រុម​រដ្ឋ​ឥស្លាម​។ ដូចនេះ​មានន័យថា ការគំរាមកំហែង​បានមក​មាត់​ទ្វារផ្ទះ​ទៅហើយ​។ Abu Sayyaf ដែលជា​ក្រុម​ឧទ្ទាម​នៅ​កោះ Mindanao បាន​យុទ្ធ​តស៊ូ​ប្រឆាំង​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ហើយ​ក្រុម​នេះ​តែង​ចាប់ជំរិត​មនុស្ស ដើម្បី​ទារ​យកប្រាក់​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ ក្រុម​នេះ​បានសម្លាប់​មនុស្ស​ជាច្រើន ព្រោះ​មិន​ទទួលបាន​ប្រាក់​តាម​ការទាមទារ​។​

​ជាមួយ​ការ​គំរាម​នៅមុខ​ផ្ទះ​ដូចនេះ ស្ថាប័ន​ចារកម្ម​របស់​អូស្ត្រាលី បាន​សហការ​ជាមួយ​អង្គភាព​ចារកម្ម​របស់​រដ្ឋ​សមាជិក​អាស៊ាន​ដូចជា​ហ្វីលីពីន​, ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដើម្បី​កម្ទេច​ផែនការ​គំរាមកំហែង​ក្នុង​តំបន់​។ លោកស្រី​បាន​រំ​ឮ​ក​ពី​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ឡុង​ដ៏​ដែល​បានសម្លាប់​មនុស្ស​៥​នាក់ និង​ជាច្រើន​នាក់​ទៀត​របួស​។ ការវាយប្រហារ​នេះ បង្ហាញ​ពី​ការផ្លាស់ប្ដូរ​វិធីសាស្ត្ររ​បស់​ភេរ​វករ​ក្នុងការ​បង្កចលាចល​ដូចជា​ការប្រើ​កាំបិត និង​ឡាន​ដើម្បី​បង្ក​ការភ័យខ្លាច​វិញ​។​

​លោកស្រី​សង្កត់ធ្ងន់ថា បើទោះជា​រដ្ឋាភិបាល​ខំប្រឹង​តាមដាន​ប្រជាជន និង​សកម្មភាព​របស់​ភេរវ​ករ​ក្ដី ការវាយប្រហារ​នៅតែ​ចៀស​មិន​រួច​។ នេះ​ក៏​ព្រោះតែ ភេរវ​ករ​មិន​ធ្វើ​សកម្ម​ភាពជា​ក្រុម តែ​ងា​កមក​ធ្វើ​តែម្នាក់ឯង និង​ប្រើប្រាស់​អាវុធ​ងាយៗ​ដូច​ការប្រើប្រាស់​រថយន្ត​បើ​កបំ​បុក​មនុស្ស ឬក៏​ប្រើ​កាំបិត​ចាក់​សម្លាប់​មនុស្ស​តែម្ដង ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​តាមដាន​ខ្លាំងណាស់ ខុសពី​ការប្រើប្រាស់​គ្រឿងផ្ទុះ​ដែល​អាច​តាម​ចាប់​សញ្ញា​បាន​ដោយ​ប្រើ​ឧបករណ៍​ត្រួតពិនិត្យ​នោះ​៕     


Tag:
 អូស្ត្រាលី​
  ហ្វីលីពីន​
  Julia Bishop
  ISIS
© រក្សាសិទ្ធិដោយ thmeythmey.com