អន្តរជាតិ
កូរ៉េខាងត្បូង​៖ រដ្ឋអាជ្ញា​ចង់​ចាប់ខ្លួន​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ព្រោះ​ខ្លាច​បំផ្លាញ​ភស្តុតាង​
27, Mar 2017 , 2:00 pm        
រូបភាព
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ពេលទៅដល់ការិយាល័យរដ្ឋអាជ្ញាកាលពីថ្ងៃទី២១ ខែមីនា (រូបភាព Xinhua)
អតីតប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ ពេលទៅដល់ការិយាល័យរដ្ឋអាជ្ញាកាលពីថ្ងៃទី២១ ខែមីនា (រូបភាព Xinhua)
​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង បាន​ស្នើសុំ​ដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែល​រង​ការចោទប្រកាន់​ករណី​ពុករលួយ​រហូត​អស់តំណែង​។ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​លើកឡើងថា វា​ជា​ស្មើភាព​ដែល​គួរ​ឃាត់ខ្លួន​លោកស្រី ប៉ាក ស្របពេល​ជនសង្ស័យ​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន និង​កំពុងដំណើរការ​កាត់ទោស​ទៅហើយ​។ ម្យ៉ាងទៀត រដ្ឋអាជ្ញា ចង់​ចាប់ខ្លួន​ប្រធានាធិបតី​ស្ត្រី​រូបនេះ ព្រោះ​ខ្លាច​លោកស្រី​បំផ្លាញ​ភស្តុតាង​ចោល​។​



​អស់តំណែង​មិនទាន់​មួយខែ​ស្រួលបួល​ផង លោកស្រី ប៉ាក ហ្គឺ​ន​ហេ កំពុង​ប្រឈមមុខ​ការចាប់ខ្លួន ខណៈដែល​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ដែល​បាន​សួរចម្លើយ​លោកស្រី​រាប់​ម៉ោង​កាលពី​សប្ដាហ៍​មុន ស្វែងរក​ដីកាចាប់ខ្លួន​ពី​តុលាការ​នៅ​ថ្ងៃទី​២៧ ខែមីនា​។ បើ​តុលា​ការចេញ​ដីកា​មែន លោកស្រី ប៉ាក ដែល​រួមរឹត​ដោយ​អំពើពុករលួយ នឹង​ក្លាយជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​៣ ហើយ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​។​

​អតីត​ប្រធានាធិបតី​ស្ត្រី​ទី​១ រូបនេះ រង​ការចោទប្រកាន់​ជាច្រើន​ករណី​ដូចជា​ការទទួល​សំណូក​, បំពាន​អំណាច​ប្រធានាធិបតី ក៏ដូចជា​ធ្វើ​ឲ្យ​បែកធ្លាយ​កិច្ចការ​សម្ងាត់​របស់រ​ដ្ឋ តាមរយៈ​ការអនុញ្ញាត​ឲ្យ​មិត្តភក្តិ Choi Soon-sil ពិនិត្យ​កិច្ច​លោកស្រី​បាន​។ លោកស្រី Choi ផ្ទាល់ ក៏​ឆ្លៀត​ប្រើ​ទំនាក់ទំនង​ជាមួយ​លោកស្រី ប៉ាក ដើម្បី​ទាមទារ​យក​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ក្នុងស្រុក​ដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង​។​

​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​២៧ ខែមីនា រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​និយាយថា ខ្លួន​បាន​ប្រមូល​ភស្តុតាង​ជាច្រើន ប៉ុន្តែ​លោកស្រី ប៉ាក ដែលជា​ជនសង្ស័យ​នៅតែ​ប្រកែក​មិន​ទទួលកំហុស​។ នេះ​មានន័យថា វា​មាន​ភាគរយ​ខ្ពស់​ដែល​ភស្តុតាង​ផ្សេងទៀត អាច​ត្រូវបាន​បំផ្លាញចោល​។ ម្យ៉ាងទៀត រដ្ឋអាជ្ញា​យល់ឃើញថា វា​មិន​យុត្តិធម៌​ឡើយ ដែល​ត្រូវ​ទុក​លោកស្រី​ឲ្យ​មាន​សេរីភាព ព្រោះ​លោកស្រី​ក៏បាន​សមគំនិត​ជាមួយ​លោកស្រី Choi និង​មន្ត្រី​ដទៃទៀត​ដែរ ហើយ​ពួកគេ​ក៏​កំពុង​ជាប់​ឃុំខ្លួន​រួចស្រេច​ដែរ​។​

​មួយវិញទៀត រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ចាត់ទុក​ការចោទប្រកាន់​លើ​អតីត​ប្រធានាធិបតី ប៉ាក ជា​រឿង​ធ្ងន់ធ្ងរ ព្រោះ​លោកស្រី​រំលោភបំពាន​អំណាច​រដ្ឋ​យ៉ាងខ្លាំង តាមរយៈ​ការ​លេច​ធ្លាយ​កិច្ចការ​សម្ងាត់​របស់រ​ដ្ឋ និង​បើកដៃ​ឲ្យ​លោកស្រី Choi គំរាម​ក្រុមហ៊ុន​ធំៗ​យកប្រាក់ ផ្ទុយ​ច្បាប់ពាណិជ្ជកម្ម​របស់​ប្រទេស​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Yonhap ។​

​កាលពី​ថ្ងៃទី​២១ ខែមីនា រដ្ឋអាជ្ញា​កូរ៉េខាងត្បូង បាន​សួរចម្លើយ​លោកស្រី ប៉ាក ដល់​ទៅ​១៤​ម៉ោង​។ ការសួរចម្លើយ​នេះ ធ្វើឡើង​មិនយូរប៉ុន្មាន​ក្រោយ​លោកស្រី​អស់តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែមីនា តាមរយៈ​សេចក្ដីសម្រេច​របស់​តុល​ការ​ធម្មនុញ្ញ​។ បើទោះជា​លោកស្រី​សន្យា​ផ្ដល់​ចម្លើយ​ដោយស្មោះ​ត្រង់​ក្ដី លោកស្រី ប៉ាក ហ្គឺ​ន​ហេ ទាត់ចោល​ការចោទប្រកាន់​ទាំងអស់ បើទោះជា​មនុស្ស​ជំនិត និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវ​តុលាការ​រកឃើញ​កំហុស​ក្ដី​៕  


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com