អន្តរជាតិ
ចិន អន់ចិត្ត​ខ្លាំង ពេល​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​
27, Mar 2017 , 8:39 pm        
រូបភាព
អនុរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងលោក Jiro Akama ជាមន្ត្រីជប៉ុនដំបូងគេធ្វើទស្សនកិច្ចនៅតៃវ៉ាន់ តាំងពីឆ្នាំ១៩៧២ (រូបភាព Asian Nikkei)
អនុរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងលោក Jiro Akama ជាមន្ត្រីជប៉ុនដំបូងគេធ្វើទស្សនកិច្ចនៅតៃវ៉ាន់ តាំងពីឆ្នាំ១៩៧២ (រូបភាព Asian Nikkei)
​ក្រុង​ប៉េកាំង បានបង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ជុំវិញ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន ទៅកាន់​កោះ​តៃវ៉ាន់ ដែលជា​ចិន​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​។ ចិន ចាត់ទុក​ទស្សនកិច្ចរ​បស់​មន្ត្រី​ជប៉ុន ជាការ​និយាយ​ផ្សេង ធ្វើ​ផ្សឹ​ង ដ្បិត​ជប៉ុន​សន្យា​មិន​ធ្វើ​ទំនាក់ទំនង​ថ្នាក់​រដ្ឋាភិបាល​ជាមួយ​តៃវ៉ាន់​ឡើយ​។ ចិន ក៏​ព្រមាន​ដែរ​ថា ទស្សនកិច្ច​របស់​មន្ត្រី​ជប៉ុន អាច​បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​មិន​ខាន​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយថា ចិន បាន​តវ៉ា​ជុំវិញ​ទស្សនកិច្ច របស់​អនុរដ្ឋមន្ត្រី​កិច្ចការ​មហាផ្ទៃ និង​ទំនាក់ទំនង​លោក Jiro Akama ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ចិន មិន​សប្បាយ​ចិត្តនឹង​ទស្សនកិច្ច​របស់លោក Akama ក្នុងនាម​ជា​មន្ត្រីជាន់ខ្ពស់​ជប៉ុន​ដំបូង ធ្វើដំណើរ​ទៅកាន់​កោះ​នេះ ចាប់តាំងពី​ជប៉ុន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៧២ និង​ងាក​ទៅ​ភ្ជាប់​ចំណង​ការទូត​ជាមួយ​ប៉េកាំង​វិញ​។​

​សារព័ត៌មាន​ជប៉ុន​ផ្សាយ​ថា លោក Akama ធ្វើដំណើរ​ទៅកាន់​តៃវ៉ាន់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ជំរុញ​ទេសចរណ៍ ក្នុងនាម​លោក​ជា​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។ លោក​ទៅដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​២៤ ខែមីនា និង​ត្រឡប់​ទៅវិញ​នៅ​ថ្ងៃទី​២៥ ខែ​ដដែល​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Akama ក៏​ជា​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ទី​១ ដែល​ទស្សនកិច្ច​ផ្លូវការ​នៅ​តៃវ៉ាន់​ផងដែរ​។​

​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​២៧ ខែមីនា លោកស្រី Hua Chunying និយាយថា ទស្សនកិច្ច​នេះ គឺ​បំពាន​ការសន្យា​របស់​ជប៉ុន​យ៉ាងច្បាស់​ក្រឡែត​។ ជប៉ុន​ធ្លាប់​សន្យាថា ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ គឺមាន​ត្រឹមតែ​ការផ្លាស់ប្ដូរ​កម្រិត​មិនមែន​រដ្ឋាភិបាល និង​ថ្នាក់​តំបន់​ប៉ុណ្ណោះ​។ លោកស្រី Hua Chunying បន្តថា ចិន ប្រឆាំង​ដាច់ខាត​នឹង​ទស្សនកិច្ច​នេះ ហើយ​ចិន​ក៏បាន​តវ៉ា​ដាច់ខាត​ហើយ​ដែរ​។ ម្យ៉ាងទៀត វា​ក៏​អាច​ប៉ះពាល់​ចំណង​ការទូត​ទ្វេភាគី​ទៀតផង​។​

​កោះ​តៃវ៉ាន់ បាន​បែក​ចេញពី​ចិន ក្រោយ​កងទ័ព​ជាតិនិយម​ភៀស​ខ្លួ​មកកាន់​កោះ​នេះ​ក្នុង​ឆ្នាំ​១៩៤៩ ។ ប៉ុន្តែ​ចិន នៅតែ​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​មួយ​របស់ខ្លួន ហើយក៏​មិនដែល​បោះបង់​គំនិត​បង្រួម​បង្រួប​ជាមួយ​កោះ​នេះឡើយ ទោះជា​ត្រូវ​ប្រើ​កម្លាំង​ទ័ព​ក្ដី​។ ប៉េកាំង តែង​ចាត់ទុក​បញ្ហា​នោ​យ​បាយ​ចិន​តែមួយ ជា​រឿង​រសើប និង​មិនអាច​យកមក​ចរចា​បាន​អ្វី​បានឡើយ ហើយ​ប៉េកាំង​ក៏​តែង​ប្រាប់​គេ​រាល់គ្នា​ឲ្យ​គោរព​សិទ្ធិ​របស់ខ្លួន​លើ​បញ្ហា​នេះ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បាន​ស្នើ​ឲ្យ​ជប៉ុន​ទទួលស្គាល់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​កោះ​តៃវ៉ាន់ និង​ត្រូវ​ឈប់​និយាយ​ផ្សេង ធ្វើ​ផ្សឹ​ង តទៅទៀត ហើយ​ជប៉ុន​ក៏​មិនត្រូវ​ដើរ​លើផ្លូវ​ខុស​នេះ​ទៀត​ដែរ​។ តាមពិតទៅ​ជប៉ុន ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត មាន​ទំនាក់ទំនង​មិន​ផ្លូវការ​ជាមួយ​តៃវ៉ាន់ តែ​ជា​ទំនាក់ទំនង​ល្អប្រសើរ​។ ជប៉ុន​មិនមាន​ស្ថានទូត​នៅ​កោះ​តៃវ៉ាន់​ឡើយ និង​មានតែ​ស្ថាន​តំណាង​សម្រាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​៕ 


Tag:
 ចិន​
  ជប៉ុន​
  តៃវ៉ាន់​
  Hua Chunying
© រក្សាសិទ្ធិដោយ thmeythmey.com