កីឡាជាតិ
ជាតិ
ផុន មករា ជា​ស្ត្រី​ទីមួយ​ដែល​ចូល​ប្រកួត​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
27, Mar 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រកួត​កីឡា​អុកចត្រង្គ​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ បានចាប់ផ្តើម​ប្រកួត​វគ្គ​ជម្រុះ​បឋម​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ កីឡាករ​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​មាន​ចំនួន​១៥៣​នាក់​(​ស្រី​១​នាក់​)​។ លោក ឈាវ បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​បាន​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ​ដែលមាន​បេក្ខភាព​ជា​ស្ត្រី​ចូលរួម​។



​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប កញ្ញា ផុន មករា ជា​ស្ត្រី​លើកដំបូង​បំផុត ដែល​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ កញ្ញា សម្រេចចិត្ត​ចូលរួម​ប្រកួត ដោយសារ​ចង់​ចូលរួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​វប្បធម៌​របស់​ខ្មែរ​។ ម្យ៉ាងទៀត ដោយសារ​ការស្រលាញ់ និង​មានការ​ជំរុញ​ទឹកចិត្ត​ពី​ឪពុកម្តាយ​។ 



​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាការិនី ផុន មករា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មូលរ​ហេតុដែល​ខ្ញុំ​ចូលរួម​ប្រកួត​ដោយសារ​ខ្ញុំ​មើលទៅ​កីឡា​នេះ​(​អុកចត្រង្គ​)​ជា​របស់​ខ្មែរ ហើយ​ខ្ញុំ​ចូលចិត្ត​វា​តាំងពី​តូច បងប្អូន​របស់ខ្ញុំ​គាត់​ចេះ​លេង​ទាំងអស់គ្នា​។ អ៊ីចឹង​មើលទៅ​កីឡា​នេះ​មាន​ក្បូន​នៃ​ការដើរ​ល្អ និង​មាន​យុទ្ធសាស្ត្រ​ល្អ​»​។

​កីឡាការិនី​ដែលមាន​ទីលំនៅ​ក្នុង​ខណ្ឌ​ស្ទឹងមានជ័យ​រាជធានី​ភ្នំពេញ​រូបនេះ​បាន​រៀបរាប់ថា ទោះបី​នាង​ចេះ​លេង​កីឡា​អុកចត្រង្គ​តាំងពី​តូច​ក៏ដោយ ប៉ុន្តែ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​នាង ដែល​បាន​ចូលរួម​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​បែបនេះ ពោលគឺ​នាង​ធ្លាប់តែ​ប្រកួត​លក្ខណ​ក្រៅផ្លូវការ​នៅតាម​ផ្ទះ​ប៉ុណ្ណោះ​។ ហើយ​ការចេះ​លេង​កីឡា​អុកចត្រង្គ​របស់ មករា គឺ​តាមរយៈ​មើល​គេ​លេង និង​តាម​កម្មវិធី You Tube និង​អនុវត្តន៍​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​។



​សម្រាប់​ការចូលរួម​លើកដំបូង​នេះ​កីឡាការិនី ផុន មករា បាន​បាត់បង់​ឱកាស​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត ក្រោយ​កីឡាការិនី​រូបនេះ​ប្រកួត​ចាញ់​កីឡាករ​ជើង​ខ្លាំង​ដែល​ធ្លាប់​ឡើងដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ សុខ លីម​ហេង ក្នុង​វគ្គ​ជម្រុះ​បឋម​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​



​ទោះបី​កីឡាការិនី ផុន មករា បាន​បាត់បង់​ឱកាស​ត្រឹម​វគ្គ​ជម្រុះ​បឋម​ក៏ដោយ ប៉ុន្តែ​នាង​បាន​ប្តេ​ជា្ញ​បង្កើន​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅ​ឆ្នាំក្រោយ​ទៀត ហើយ នាង បានចាត់ទុក​ការចូលរួម​លើកដំបូង​នេះ វា​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​តែប៉ុណ្ណោះ​។ តែ​យ៉ាងណា មករា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត ជា​ពិ​សេង​បងប្អូន ឪពុកម្តាយ​នាង​ផ្ទាល់​តែម្តង​៕


Tag:
 ផុន មករា​
  អុកចត្រង្គ​
  អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com