អន្តរជាតិ
រដ្ឋ​តូចៗ​រួមគ្នា​បង្កើត​សន្ធិសញ្ញា​រំសាយ​អាវុធ​នុយក្លេអ៊ែរ តែ​ប្រទេស​មហាអំណាច​ដើរចេញ​
28, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មហាអំណាច​នុយក្លេអ៊ែរ​អាមេរិក​ដឹកនាំ​សម្ព័ន្ធមិត្ត​ខ្លួន​មួយចំនួន​ធ្វើពហិកា​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​ការបង្កើត​បទបញ្ញត្តិ​អន្តរជាតិ​ដើម្បី​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​និង​ឈានទៅ​បំបាត់​អាវុធ​ប្រល័យ​លោក​នេះ​ចោល​ផង​។ ប្រទេស​យ៉ាងហោចណាស់ ៤០ ដែល​ពហិកា​ក្នុងនោះ​មាន​រដ្ឋ​នុយក្លេអ៊ែរ​ទាំង​៩ ហើយ​គេ​ចាត់ទុក​ការប្រឹងប្រែង​ធ្វើ​ឲ្យ​ពិភពលោក​គ្មាន​នុយក្លេអ៊ែរ​នេះ​ថា​ជា​រឿង​មិន​ប្រាកដនិយម​បន្តិច​ឡើយ​។ ស្របពេល​ជាមួយគ្នា​នោះ តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ បានបញ្ជាក់​ប្រាប់​ពិភពលោក​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​ដែល​អាមេរិក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​។



​ប្រទេស​យ៉ាងហោចណាស់ ១៣០ បាន​ប្រមូលគ្នា​ជជែក​ពិភាក្សា​និង​ចរចា​គ្នា​លើ​បទបញ្ញត្តិ​អន្តរជាតិ​ដែលមាន​គោលដៅ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នា​ក្រុង​ញូវយ៉ក​នៅ​ដើម​សប្តាហ៍​នេះ​។ បើសិន​សម្រេចបាន សន្ធិសញ្ញា​អន្តរជាតិ​ដែល​អនុភាព​គតិយុត្តិ​នេះ​នឹង​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ និង​ឈានទៅ​លុបបំបាត់ចោល​នូវ​អាវុធ​ប្រល័យ​លោក​នេះ​ផង​នាពេល​អនាគត​។​

​ស្របពេល​ដែលមាន​ប្រទេស​ភាគច្រើន​ដាក់ចិត្ត​ដាក់​កាយ​ស្វែងរក​សេចក្តីសុខ​ជូន​ពិភពលោក ប្រទេស​មួយក្រុម​ដែលមាន​ទាំង​មហាអំណាច​នុយក្លេអ៊ែរ​ទាំងអស់ និង​ប្រទេស​តូចតាច​ផ្សេងទៀត​ប្រហែល ៤០​នោះ​ប្រកាស​ធ្វើពហិកា​ចូលរួម​ចរចា​ជាមួយ​គេឯង​។ ប្រទេស​ដែល​មិន​ចូលរួម​ក្នុង​កិច្ចចរចា​ចាត់ទុក​សន្ធិសញ្ញា​ដែលមាន​កម្មវត្ថុ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នេះ​ជា​រឿង​មិន​«​ប្រាកដនិយម​»​ឡើយ​។ គេ​ចោទ​សួរថា តើ​គួរ​លុបចោល​អាវុធ​នុយក្លេអ៊ែរ​ដូចម្តេច បើ​ប្រទេស​ដូច​កូរ៉េខាងជើង​នៅមាន​អាវុធ​នុយក្លេអ៊ែរ​នោះ​? បើ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​មានន័យថា គេ​ត្រូវ​បោះបង់ចោល​ទាំងអស់គ្នា​។​

១.​អាមេរិក​៖ ពិភពលោក​គ្រោះថ្នាក់​ណាស់​សម្រាប់​អាមេរិក ដែល​ត្រូវ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​

​មុនពេល​ការចរចា​ចាប់ផ្តើម ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ថ្លែង​ប្រាប់ថា ពិភពលោក​នេះ​គ្រោះថ្នាក់​ណាស់​សម្រាប់​អាមេរិក ដែល​ត្រូវ​លះបង់​អាវុធ​នុយក្លេអ៊ែរ​។​លោកស្រី​ក៏បាន​ពន្យល់​ប្រាប់​ប្រទេស​ឯទៀត​ថា បើ​ចង់​បង្កើត​សន្តិភាព ពិភពលោក​គួរ​រក​វិធីសាស្ត្រ​ដែល​ប្រាកដនិយម​ជា​អ្វីដែល​គេ​កំពុង​ធ្វើ​ពេលនេះ​។​
«​ជា​ម្តាយ​និង​កូនស្រី​ម្នាក់ វា​គ្មាន​អ្វីដែល​ខ្ញុំ​ចង់បាន​សម្រាប់​គ្រួសារ​ខ្ញុំ​ជាង​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ ប៉ុន្តែ​យើង​ត្រូវតែ​ប្រាកដនិយម​»​។​

​អ្នកការទូត​អាមេរិក​រូបនេះ​បាន​ចោទសួរ​ត្រង់​៖« តើ​មាន​អ្នកណាម្នាក់​ជឿ​ទេ​ថា កូរ៉េខាងជើង​នឹង​យល់ព្រម​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​?»

​តាមពិតទៅ ជំនាន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ប្រឆាំង​គំនិត​បង្កើត​សន្ធិ​ស​ញ្ញ​ថ្មី​នេះដែរ ក្រោយ​ពេលដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​បោះឆ្នោត​សម្រេច​ឲ្យ​មាន​ការចរចា​សន្ធិសញ្ញា​ថ្មី​នេះ​កាលពី​ខែធ្នូ​ឆ្នាំមុន​។​
 
​ដូច​បានបញ្ជាក់​ស្រាប់ វា​ជា​រឿង​មិនអាច​ទៅរួច​ស្រេច​ទៅហើយ​ដែល​បណ្តា​រដ្ឋ​ដែលមាន​នុយក្លេអ៊ែរ​ទាំងអស់​នាំគ្នា​បោះបង់ចោល​អាវុធ​ដែល​ខ្លួន​ផលិត​បានមក​នោះ​។ ហើយ​ណាមួយ សម្រាប់​ប្រទេស​ទាំងនោះ មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​ក្នុង​ដៃ​ទើប​ស័ក្តិ​សមជា​មហាអំណាច​ពិភពលោក​ពិតប្រាកដ​។ មកដល់ពេលនេះ ប្រទេស​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ទាំង ៩ មានដូចជា​បារាំង​,​អង់គ្លេស​,​បារាំង​, រុស្ស៊ី​, ចិន​, ឥណ្ឌា​, ប៉ា​គី​ស្ថាន​, អ៊ីស្រាអែល និង​កូរ៉េខាងជើង​សុទ្ធតែ​ជំទាស់​គម្រោង​លុបចោល​អាវុធ​នុយក្លេអ៊ែរ​។ សូម្បីតែ​បណ្តា​ប្រទេស​រីកចម្រើន​តែ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដូចជា​អូស្ត្រាលី​ក៏​ជំទាស់​គម្រោង​បង្កើត​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះដែរ​។​

២.​សន្ធិសញ្ញា​ថ្មី​សង្គ្រោះ​ពិភពលោក​ពី​សង្គ្រាម​នុយក្លេអ៊ែរ តែ​គ្មាន​មហាអំណាច​គាំទ្រ​    ​

​បណ្តា​ក្រុម​អ្នកគាំទ្រ​ការបង្កើត​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ថ្មី​នេះ ខកចិត្ត​ខ្លាំង​ដែល​បណ្តា​ប្រទេស​មហាអំណាច​ទាំងអស់​មិន​យកចិត្តទុកដាក់​ចំពោះ​ការលុបបំបាត់ចោល​អាវុធ​នុយក្លេអ៊ែរ​។ ខ្លះ​នាំគ្នា​ថ្កោលទោស និង​បន្ទោស​ប្រទេស​ទាំងអស់​ខាងលើ​ថា មិន​ជួយ​ចូក​ជួយ​ចែវ​គិតតែ​ពី​នាំគ្នា​យកជើងរាទឹក​ទៅវិញ​។​

​នាយក​ប្រតិបត្តិ​នៃ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​លោកស្រី Beatrice Fihn បានបង្ហាញ​កង្វល់​ចំពោះ​ការជំទាស់​ពី​សំណាក់​ប្រទេស​ជាច្រើន​រួមទាំង​មហាអំណាច​ផង​។ លោកស្រី​បានលើកឡើង​ដូច្នេះ​៖« ការប្រឆាំង​នៅ​នាទីចុងក្រោយ​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​និង​អ្នក​ផ្សេងទៀត​ដែល​ដើរ​តាម​អាមេរិក​នោះ​បង្ហាញ​ឲ្យ​ឃើញថា​ពួកគេ​នេះ​បារម្ភ​ពី​ការបង្កើត​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ វា​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​ជា​ឧបសគ្គ​រារាំង​ការឈាន​ទៅ​សម្រេច​កិច្ចការ​សំខាន់​ដែល​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​តែម្តង​»​។​

​ប្រទេស​គាំទ្រ​គិតថា វា​ជាស​ញ្ញា​វិជ្ជមាន និង​ជា​ក្តីសង្ឃឹម​សម្រាប់​មនុស្សជាតិ បើសិនជា​សន្ធិសញ្ញា​នេះ​ត្រូវបាន​បង្កើតឡើង​និង ជំរុញ​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ចោល​ពិតមែន​នោះ​។ រាល់ថ្ងៃនេះ គេ​បារម្ភ​ខ្លាំង​ដោយសារ​គ្រោះមហន្តរាយ​នៃ​ការផ្ទុះអាវុធ​នុយក្លេអ៊ែរ​នេះ​កាន់តែ​ខ្ពស់ជាង​សម័យ​សង្គ្រាម​អន្តរជាតិ​ទៅទៀត​។​

 ប្រទេស​គាំទ្រ​សន្ធិសញ្ញា​ថ្មី​នេះ កើនឡើង​យ៉ាង​រហ័ស​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ប្រទេស​ទាំងនោះ​បាត់បង់​ទំនុកចិត្ត​លើ​សន្ធិសញ្ញា​ស្តីពី​ការរីក​សាយភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ (NPT) ដែល​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​១៩៧០​នោះ​។ សន្ធិសញ្ញា​នេះ​មិនអាច​ហាមឃាត់​ប្រទេសមួយ​ចំនួន​ដូចជា​អ៊ីស្រាអែល​, ឥណ្ឌា​, ប៉ា​គី​ស្ថាន និង​កូរ៉េខាងជើង​ផលិត​នុយក្លេអ៊ែរ​ឡើយ​។ គេ​ជឿជាក់ថា សន្ធិសញ្ញា​ថ្មី​អាច​នឹង​នាំ​ពិភពលោក​ទៅរក​ភាពសុខសាន្ត និង​អាច​រួច​ផុតពី​គ្រោះមហន្តរាយ​មិនអាច​ពណ៌នា​បាន​ដែល​បង្កដោយ​សង្គ្រាម​នុយក្លេអ៊ែរ​នាពេល​អនាគត​នោះ​។​

​សូមបញ្ជាក់​បន្តិច​ថា ចលនា​ជំរុញ​ឲ្យ​មានការ​បង្កើត​សន្ធិសញ្ញា​ថ្មី​នេះ​ត្រូវបាន​ប្រកាស​កាលពី​ខែតុលា​ឆ្នាំ ២០១៦ ដោយ​ប្រទេស​សមាជិក ១២៣ របស់​អង្គការសហប្រជាជាតិ​។ ប្រទេស​ដែល​ដឹកនាំ​ចលនា​នេះ​មានដូចជា​អូទ្រីស​, អ៊ៀ​កឡង់​, ម៉ិ​ក​ស៊ិ​ក​, ប្រេ​ស៊ី​ល​,​អាហ្វ្រិក​ខាងត្បូង​និង​ស៊ុយអែត ហើយ​ក្រៅពីនោះ​មាន​អង្គការ​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀតផង​៕


Tag:
 សន្ធិសញ្ញា​រំសាយ​នុយក្លេអ៊ែរ​
  អង្គការសហប្រជាជាតិ​
  Nikki Haley
  Beatrice Fihn
© រក្សាសិទ្ធិដោយ thmeythmey.com