អន្តរជាតិ
របាយការណ៍​៖ ក្រុង​ព្យុងយ៉ាង​អាច​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មីទៀត
29, Mar 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កូរ៉េខាងជើង​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​ក្នុងការ​ត្រៀមខ្លួន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មីទៀត​នៅពេល​ខាងមុខ​។ កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​កាំជ្រួច​បាលី​ស្ទិ​កមី​ស៊ី​ល​ឆ្លង​ទ្វីប​ដែល​អាច​ភ្ជាប់​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​បាញ់​ដល់​អាមេរិក​ផង​។ បើសិន កូរ៉េខាងជើង​អាច​បាញ់​អាវុធ​នេះ​ជោគជ័យ​មែន វា​ប្រៀបបាន​ដូចជា​ទះ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មួយ​កំផ្លៀង​ដូច្នេះ​ដែរ ព្រោះ​លោក​សន្យាថា គ្មាន​ថ្ងៃ​កូរ៉េខាងជើង​ផលិត​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ឡើយ​។​



​ស្ថាប័ន​វិភាគ​អាមេរិក​បាន​សន្និដ្ឋានថា ក្រុង​ព្យុងយ៉ាង​ទំនងជា​ត្រៀមខ្លួន​ជិត​រួចរាល់​ហើយ​ដើម្បី បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មីទៀត​។ គេ​មិនអាច​ដឹង​នៅឡើយ​ទេ​ថា ក្រុង​ព្យុងយ៉ាង​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ណា ប៉ុន្តែ​គេ​វាយតម្លៃថា វា​អាចជា​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ឆ្ងាយ​ផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រូបភាព​ចាប់បាន​ដោយ​ផ្កាយរណប​របស់​វិទ្យាស្ថាន​អាមេរិក​កូរ៉េ​នៃ​សាកលវិទ្យាល័យ Johns Hopkins បង្ហាញ​ឲ្យ​ឃើញថា កូរ៉េខាងជើង​បានដាក់​យាន្ត ឬ​អាចជា​រទេះ​សម្រាប់​បាញ់​សាកល្បង​អាវុធ​របស់ខ្លួន​ចំនួន​បួន​គ្រឿង​នៅ​ទីតាំង Punggye-ri ។ បន្ថែម​ពី​នោះ​វា​មាន​ខ្សែ​នៃ​ឧបករណ៍​ទំនាក់ទំនង​ភ្ជាប់​ជាមួយគ្នា​ផងដែរ​។​

«​ឧបករណ៍​ដែល​ស្ថិតនៅ​ទីតាំង​បាញ់​នុយក្លេអ៊ែរ​ទំនងជា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​បាញ់​សាកល្បង​អាវុធ​, សម្រាប់​ប្រមូល​ទិ​ន្ឋ​ន័យ​ពាក់ព័ន្ធ​ការបាញ់​អាវុធ​និង​ដំណើរការ​នៃ​ទិន្នន័យ​ដែល​គេ​ទទួលបាន​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាងលើ​។​

​វិទ្យាស្ថាន​នេះ​បន្ថែមថា ទឹក​នៅក្បែរ​ទីតាំង​ដែល​គេ​បាញ់​សាកល្បង​មី​ស៊ី​ល​នោះ​ត្រូវបាន​គេ​បូម​ចេញ​ដើម្បី​ធ្វើ​ឲ្យ​រូង​ក្រោម​ដី​ស្ងួត និង​បង្ក​ភាពងាយស្រួល​សម្រាប់​ការឃ្លាំមើល​និង​ការប្រើប្រាស់​ឧបករណ៍​ទំនាក់ទំនង​ក្នុងពេល​បាញ់​សា​ល្បង​ផងដែរ​។​

​ពាក់ព័ន្ធ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី​នេះ កាលពី​សប្តាហ៍​មុន ក្រសួងការពារជាតិ​អាមេរិក​បាន​វាយតម្លៃ​ស្រដៀង​គ្នា​។ ហើយ​គេ​រកឃើញថា កូរ៉េខាងជើង​កំពុង​បន្ត​ស្រាវជ្រាវ​និង​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ផងដែរ​។ សរុបមក​ត្រឹម​ឆ្នាំមុន កូរ៉េខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ ៥​ដង​រួចហើយ ហើយ​ឆ្នាំមុន​ព្យុងយ៉ាង​បាញ់​សាកល្បង​ដល់​ទៅ ២​ដង​ឯណោះ​។​

​បើសិនជា កូរ៉េខាងជើង​សម្រេច​ជោគជ័យ​ក្នុង​ការផលិត​មី​ស៊ី​ល​អន្តរទ្វីប​និង​បាញ់​សាកល្បង​ដោយ​ជោគជ័យ​មែន វា​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ ហើយ​វា​ប្រៀបដូចជា​ការ​ទះកំផ្លៀង​លោក ដូ​ណា​ល់ ត្រាំ មួយ​ទំហឹង​ដូច្នេះ​ដែរ​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter របស់ខ្លួន​ថា «​គ្មាន​ថ្ងៃ​ដែល​កូរ៉េខាងជើង​អាច​សម្រេច​មហិច្ឆតា​ក្នុងការ​ផលិត​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​ឡើយ​»​។

 មក​ដល់ពេល​ឥឡូវនេះ លោក ដូ​ណា​ល់ ត្រាំ ប្រហែលជា​កំពុង​នឹកគិត​រកមើល​វិធីសាស្ត្រ​ថ្មី​ដើម្បី​ប្រើប្រាស់​ជាមួយ​កូរ៉េខាងជើង ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​លោក Rex Tillerson បានប្រកាសថា ការទូត​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ក្នុងពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ថ្មីៗ​នេះ​។ រដ្ឋបាល​លោក ត្រាំ ក៏​ព្រលយ​ពាក្យ​ផងដែរ​ថា ការប្រើប្រាស់​កម្លាំង​ស្ថិតនៅក្នុង​ជម្រើស​របស់​អាមេរិក​ផងដែរ​។​


Tag:
 កូរ៉េខាងជើង​
 ​ដូ​ណា​ល់ ត្រាំ​
  Rex Tillerson
  Punggye-ri
© រក្សាសិទ្ធិដោយ thmeythmey.com