អន្តរជាតិ
បើ​ត្រូវ​ចាប់ខ្លួន លោកស្រី ប៉ាក អាច​ទទួលបាន​បន្ទប់​ឃុំខ្លួន​គ្រាន់បើ​ជាង​អ្នកទោស​ផ្សេង​
29, Mar 2017 , 8:39 pm        
រូបភាព
​មន្ត្រី​យុត្តិធម៌​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា បើ​មានការ​ចាប់ខ្លួន អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye)  នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើនជាង​អ្នកទោស​ផ្សេងទៀត ដូច​ជាមាន​បន្ទប់​ឃុំឃាំង​ធំ​ជាង​អ្នកទោស​ដទៃ​ដោយមាន​បន្ទប់ទឹក និង​បង្គន់​ផ្សេង រួមទាំង​ស្ថិតនៅ​ដាច់​ពី​គេ​ដើម្បី​រក្សា​សន្តិសុខ​ផ្ទាល់ខ្លួន​ផងដែរ​។ ប៉ុន្តែ​ការស៊ើបអង្កេត​និង​ដំណើរការ​នីតិវិធី​នានា​ពាក់ព័ន្ធ​លោកស្រី​ត្រូវធ្វើ​ដោយ​ត្រឹមត្រូវ​បំផុត​និង​គ្មាន​ការអនុគ្រោះ​ព្រោះ​លោកស្រី​ជា​អតីត​ប្រធានាធិបតី​ឡើយ​។​



​ក្នុង​សប្តាហ៍​នេះ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ អាច​នឹងត្រូវ​ចាប់ខ្លួន​និង​ឃុំខ្លួន​២០​ថ្ងៃ​ក្នុងពេលដែល​ការស៊ើបអង្កេត​រឿង​ពុករលួយ​របស់លោក​ស្រី​ចាប់ផ្តើម​។ ប៉ុន្តែ​បើតាម​អតីតមន្ត្រី​ពន្ធនាគារ​និង​យុត្តិធម៌​កូរ៉េ ក្នុងនាម​ជា​អតីត​ប្រធានាធិបតី លោកស្រី​អាចនឹងទទួល​បាន​បុព្វសិទ្ធិ​ខ្លះៗ​ក្នុងពេលដែល​លោកស្រី​ត្រូវគេ​ចាប់ឃុំខ្លួន​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បើសិនជា​លោកស្រី​ត្រូវគេ​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ លោកស្រី​នឹងត្រូវ​គេ​បញ្ជូន​ទៅកាន់​មន្ទី​ឃុំឃាំង ហើយ​លោកស្រី​អាច​នឹង​ស្ថិតនៅក្នុង​បន្ទប់​ឃុំឃាំង​ដែលមាន​ទំហំ​ធំ​ជាង​អ្នកដទៃ និង​មាន​បន្ទប់ទឹក​និង​បង្គន់​នៅ​ដាច់ដោយឡែក​ផង​។ បន្ថែម​ពីនេះ​បន្ទប់​លោកស្រី​អាច​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​បន្តិច​ដើម្បី​ធានា​ពី​សុវត្ថិភាព ប៉ុន្តែ​លោកស្រី​ត្រូវ​ស្ថិតក្នុង​មន្ទី​ឃុំឃាំង​ជាមួយ​បណ្តា​អ្នកទោស​ដែល​រង​ការចោទប្រកាន់​ក្នុង​រឿងអាស្រូវ​ដូចគ្នា​(​ពុករលួយ​)​។ ក្នុងចំណោម​នោះ​មាន​ទាំង​មេក្រុម​ហ៊ុន Samsung  លោក Jay Y.Lee ផងដែរ​។​

«​ខ្ញុំ​គិតថា​លោកស្រី ប៉ាក​នឹង​ស្នាក់​នៅក្នុង​មន្ទីរឃុំឃាំង​ដែល​ប្រសើរ​ជាងគេ​។ ហើយ​បន្ទប់​ឃុំឃាំង​នោះ​នឹង​ធំជាងគេ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​អាជ្ញា​ដែល​ចូល​និវត្ត​លោក Kim Kyung-soo ដែលជា​អ្នក​សួរចម្លើយ​អតីត​ប្រធានាធិបតី​ពីររូប​មាន Chun Doo-hwan និង Roh Tae-woo​។​

​ប៉ុន្តែ​លោកស្រី​នឹងត្រូវ​អនុវត្តតាម​បញ្ជា​ដូច​គេ​ដូច​ឯង​ដោយ​ចូល​សម្រាក​ម៉ោង ៩​និង​ក្រោក​ម៉ោង ៦​កន្លះ និង​ត្រូវ​អនុវត្តតាម​បទបញ្ជា​នានា​ផ្សេងទៀត​ពាក់ព័ន្ធ​ចំណីអាហារ​និង​ការត្រួតពិនិត្យ​បន្ទប់​ដូច​គេឯង​ដែរ​។​

 រឿង​មួយទៀត​ដែល​លោកស្រី​ត្រូវ​បាត់បង់​ពេល​ជាប់​ឃុំឃាំង​គឺ មាន​អ្នក​ជួយ​បួងសក់​ឲ្យ​រាល់ថ្ងៃ​។ អត្តសញ្ញាណ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ គឺ​ការ​បួងសក់​ជាប់​ជានិច្ច​ទោះ​នៅ​កន្លែង​ណាក៏ដោយ​។ វា​មានន័យថា នៅក្នុងពេល​ជាប់ឃុំ​ឃាំង លោកស្រី​មិនអាច​មាន​អ្នក​មកជួយ​បួងសក់​ឲ្យ​លោកស្រី​ទេ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក Kim បាន​បកស្រាយ​ថា ការ​ឲ្យ​អ្នកណាម្នាក់​ពី​ខាងក្រៅ​មកជួយ​រៀបចំ​សក់​ឲ្យ​អ្នកទោស​ក្នុង​មន្ទី​ឃុំឃាំង ប៉ះពាល់​ដល់​លក្ខខណ្ឌ​ស្មើភាព​គ្នា​រវាង​អ្នក​ដែល​ជាប់​ឃុំឃាំង​។ ដូច្នេះហើយ​ទើប​វា​ជា​រឿង​លំបាក​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​ចេញចូល​ដើម្បី​មកជួយ​ធ្វើ​សក់​ឲ្យ​លោកស្រី​នោះ​។​

​តាមពិតទៅ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ វ័យ​៦៥​ឆ្នាំ បានចេញ​ចេញពី​វិមាន​ប្រធានាធិបតី​ពីរ​សប្តាហ៍​មុន ក្រោយ​ពេលដែល​តុលាការ​ធម្មនុញ្ញ​សម្រេច​ដកហូត​តំណែង​លោកស្រី​ជា​ផ្លូវការ ដោយយោង​តាម​បទ​ចោទ​រំលោភ​អំណាច ន​អនុ​ញ្ញ​ត​ឲ្យ​មិត្ត​ខ្លួន  Choi Soon-sil លូកលាន់​កិច្ចការរដ្ឋ​និង​ទាញ​ប្រយោជន៍​តាមរយៈ​ការយក​សំណូក​ពី​ក្រុមហ៊ុន​ធំៗ​នៅ​កូរ៉េខាងត្បូង​។​

​បច្ចុប្បន្ន​លោកស្រី កំពុងស្នាក់នៅ​និវេសនដ្ឋាន​របស់ខ្លួន​ដែល​ក្រុង​សេ​អ៊ូ​ល ប៉ុន្តែ​តុលាការ​តំបន់​នឹង​សម្រេច​នៅ​ថ្ងៃ​សុក្រ​ពាក់ព័ន្ធ​ការចេញ​ដីកាចាប់ខ្លួន​លោកស្រី​ដោយ​លោកស្រី​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​។ បើសិន​មានការ​ចេញ​ដីកា​មែន លោកស្រី ប៉ាក ហ្គឺ​ន​ហេ នឹងត្រូវ​ឃុំខ្លួន ២០​ថ្ងៃ ដើម្បី​ឲ្យ​ការស៊ើបអង្កេត​បន្ថែម ហើយ​លោកស្រី​ប្រឈមមុខ​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​យ៉ាងហោច​ណាស់ ១០​ឆ្នាំ​ផងដែរ​៕


Tag:
 ប៉ាក ហ្គឺ​ន​ហេ​
  កូរ៉េខាងត្បូង​
  Choi Soon-sil
© រក្សាសិទ្ធិដោយ thmeythmey.com