ជាតិ
អ្នកនាំពាក្យ​៖ សម្ដេច ស ខេង នឹង​ពិចារណា​ម្ដងទៀត លើ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្សប្រឆាំង​
03, Apr 2017 , 4:28 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​លុបចោល​ពាក្យស្លោក​«​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ហើយ ក្រោយពី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​សារ​នយោបាយ​បែបនេះ ដែល​ខុសពី​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ តែ​ចំពោះ​សមាភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​វិញ គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​ការផ្លាស់ប្ដូរ​នោះទេ បើទោះជា​ក្រសួងមហាផ្ទៃ អះអាងថា ខុស​លក្ខន្តិកៈ​ក្តី​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ពិចារណា​លើ​លក្ខន្តិកៈ​ថ្មី​គណបក្ស​សង្គ្រោះ​ជាតិ ត្រង់ចំណុច​ក្បាល់ម៉ាស៊ីន​ដឹកនាំ​បក្ស​ម្ដងទៀត​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​និយាយថា ក្រសួង​បានទទួល​ឯកសារ​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានសម្រេច​កាលពី​ថ្ងៃទី​២ មេសា ដាក់​តម្កល់​នៅ​ក្រសួង​ម្ដង​ទៀតហើយ​។ លោក​ថា ការសម្រេច​មិន​កែប្រែ​នេះ គឺជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ខៀវ សុភ័គ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឯកសារ​មក​ក្រសួងមហាផ្ទៃ​ហើយ ទាក់ទង​នឹង​ការជ្រើសរើស​ប្រធាន​និង​អនុប្រធាន​ឡើងវិញ​។ ខ្ញុំ​មិនអាច​សម្រេច​យ៉ាងម៉េច​នោះទេ​។ ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើស​ម្តេច ស ខេង​។ ខ្ញុំ នឹង​បញ្ជូន​ឯកសារ​ទៅជូន​សម្តេច ឥឡូវ​ហ្នឹង​តែម្តង​»​។​

​លោក ខៀវ សុ​ភ័​ក្រ អះអាងថា ក្រសួងមហាផ្ទៃ មិន​លូកដៃ​ចូលទៅក្នុង​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ទោះបីជា​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ផ្លាស់ប្តូរ​ប្រធាន​និង​អនុប្រធាន​ក្តី​។ បើតាម​អ្នកនាំពាក្យ​រូបនេះ លិខិត​របស់​ក្រសួងមហាផ្ទៃ​ប្រាប់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក គឺ​គ្រាន់តែ​ចង់​ដាស់តឿន​គណបក្ស​មួយ​នេះ ពិនិត្យមើល​លក្ខន្តិកៈ​របស់ខ្លួន​ឲ្យ​បាន​ច្បាស់ ក្នុងការ​ជ្រើសរើស​ឯក​ឧ​ត្ត​ម កឹម សុខា ធ្វើជា​ប្រធាន និង​អនុប្រធាន​បីនាក់​ទៀត​ប៉ុណ្ណោះ​។​

​ក្រសួងមហាផ្ទៃ ចាត់ទុក​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​២​មីនា​កន្លង ស្របតាម​លក្ខន្តិកៈ​ហើយ តែ​ក្រសួង​នេះ​ក៏​ចោទ​គណបក្ស​នេះ​ថា ធ្វើ​សមាជ​រើស​ប្រធាន និង​អនុប្រធាន​បក្ស​បំពាន​លក្ខន្តិកៈ​ដែរ​។ ក្រៅពីនេះ​ក្រសួងមហាផ្ទៃ ក៏​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​ប្រើពាក្យ​ស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ទៀតផង​។​

​ចំពោះ​ពាក្យស្លោក​«​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ចូលក្នុង​គោលនយោបាយ​អាទិភាព​ចំនួន​៥​ចំណុច កាលពី​សមាជ​បក្ស​ថ្ងៃទី​២ មីនា​នោះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​សមាជិក​គណបក្ស​ខ្លួន លើក​យកទៅ​ឃោសនា​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ខាងមុខនេះ​ទៀត​ទេ​។ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​លុបចោល​ពាក្យស្លោក​នេះ ចេញ​គោលនយោបាយ​ខ្លួន​តែម្ដង តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត​។​

​បើទោះជា​ឈប់​ប្រើប្រាស់​សារ​នយោបាយ​នេះ​ក្តី តែ​បញ្ហា​ក្បាលម៉ាស៊ីន​គណបក្ស ដែល​ក្រសួងមហាផ្ទៃ​ចាត់ទុកថា ខុស​លក្ខន្តិកៈ​គណបក្ស​នោះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​រក្សាទុក​ដដែល​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ថ្ងៃទី​២ មេសា បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​បានឃើញ និង​ពិនិត្យ​លើ​ខ្លឹមសារ​របស់​ក្រសួងមហាផ្ទៃ អង្គប្រជុំ​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស បាន​សម្ដែង​ការអប់អរសាទរ​ជាថ្មី​ម្ដងទៀត ដល់​លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រហូតដល់​ចប់​អាណត្តិ ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាឈប់ ស្របតាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​»​។​

​ជាមួយគ្នានេះ​គណកម្មាធិការ​នាយក​គ​ណ​បក្ស ក៏បាន​សម្រេច​ជា​ឯក​ច្ឆ័​ន ដោយបាន​គាំទ្រ​ជាថ្មី​ម្ដងទៀត ដល់​សមាភាព​អនុប្រធាន​គណបក្ស គឺ​លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ស្របតាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​ដដែល​៕


Tag:
 CNRP
 ​ កឹម សុខា​
 ​ ប៉ុល ហំ​ម​
 ​ អេង ឆៃអ៊ាង​
 ​ មូរ សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com