ជាតិ
ឯកឧត្តម កឹម សុខា នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៥ មេសា​
04, Apr 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៧ ទៅ​បំពេញបេសកកម្ម​នៅឯ​បរទេស ចំនួន​ពីរ​សប្តាហ៍​។ នេះ​ជាការ​អះអាង​របស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។



​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ដែល​ឯកឧត្តម កឹម សុខា នឹង​ទៅ​បំពេញបេសកកម្ម មានដូចជា នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង​សហរដ្ឋអាមេរិក ជាដើម​។ លោក បន្តថា បេសកកម្ម​របស់​ឯក​ឧ​ត្ត​ម កឹម សុខា គឺ​ដើម្បី​ជម្រាប​ពី​ស្ថានភាព​ប្រទេសជាតិ​នាពេល​ប​ច្ច​ប្បន្ន ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់​នៅឯ​បរទេស​។

​លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា នៅក្នុង​បេសកកម្ម​ទៅ​ក្រៅប្រទេស​នេះ ឯកឧត្តម កឹម សុខា ប្រហែលជា​គ្មាន​គម្រោង​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ ដែល​កំពុងតែ​រស់​នៅឯ​ប្រទេស​បារាំង ឡើយ​។ លោក បន្តថា លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​ទៅជា​មួយ​ឯកឧត្តម កឹម សុខា​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ក្រៅពី​ឯកឧត្តម អេង ឆៃអ៊ាង ខ្ញុំ​មិនដឹងថា អ្នកណា​ទៀត ដែល​នឹង​ទៅជា​មួយ​ឯកឧត្តម កឹម សុខា នោះទេ​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក អេង ឆៃអ៊ាង ដើម្បី​សុំ​ការបកស្រាយ​បន្ថែម​នោះទេ ជុំវិញ​បញ្ហា​ខាងលើ ដោយសារតែ លោក មិន​លើក​ទូរ​សព្ទ​៕


Tag:
 កឹម សុខា​
  បេសកកម្ម​នៅក្រៅ​ប្រទេស​
  យ៉ែម បុញ្ញឫទ្ធិ​
© រក្សាសិទ្ធិដោយ thmeythmey.com