ជាតិ
សង្គម​ស៊ីវិល រកឃើញថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​លក្ខណៈ​ត្រឹមត្រូវ​៩៨​ភាគរយ​
05, Apr 2017 , 8:19 pm        
រូបភាព
(ពីខាងឆ្វេងទៅ) លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់និចហ្វិច លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធី និងលោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់ខុមហ្វ្រែល។ អ្នកទាំងបី កំពុងស្ថិតនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
(ពីខាងឆ្វេងទៅ) លោក សំ គន្ធាមី នាយកប្រតិបត្តិរបស់និចហ្វិច លោក គឹម ឈន អ្នកសម្របសម្រួលកម្មវិធី និងលោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់ខុមហ្វ្រែល។ អ្នកទាំងបី កំពុងស្ថិតនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧។
ភ្នំពេញ​៖ តាម​ការស្រាវជ្រាវ​រប​ស់​សង្គម​ស៊ីវិល បង្ហាញថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​លក្ខណៈ​ត្រឹមត្រូវ​ស្ទើរតែ ១០០​ភាគរយ ដែល​អាចមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ផ្តល់​ភាពជឿជាក់​ទៅដល់​ប្រជាពលរដ្ឋ​។



​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ដែល​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (​គ​.​ជ​.​ប​) មាន​ភាពមិនប្រក្រតី​តិចតួច​បំផុត​។ ហើយ​ភាពមិនប្រក្រតី​នេះ មិនអាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងមូល​បានទេ​។ នេះ​ជាការ​រកឃើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា (​ខុមហ្វ្រែល​) ដែល​បានបង្ហាញ​ឯកសារ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ មាន​លក្ខណៈ​ត្រឹមត្រូវ​៩៨​ភាគរយ ដោយ​ក្នុងនោះ​ត្រង់ចំណុច «​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ភេទ​» របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត មាន​ភាពត្រឹមត្រូវ​រហូត​ដល់​ទៅ ៩៣.៧ ភាគរយ​។

​ថ្វី​ដ្បិត​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​លក្ខណៈ​ត្រឹមត្រូវ​បែបនេះ​ក្តី តែ​លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​ខុមហ្វ្រែល ក៏​មិន​ហ៊ាន​អះអាងថា ការតវ៉ា​របស់​គណបក្ស​នយោបាយ អាច​នឹង​បញ្ឈប់ ឬ​នៅតែ​កើតមាន​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ឡើយ​។ លោក សង្កត់ធ្ងន់ថា ក្រៅពី​បញ្ជី​ឈ្មោះ​បោះឆ្នោត គណបក្សនយោបាយ អាច​នឹង​តវ៉ា ក្នុង​រឿង​ផ្សេងទៀត ដោយ​មិនអាច​សន្និដ្ឋាន​ទុកជាមុន​នោះទេ​។ 

​ថ្លែង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​ខុមហ្វ្រែល បាន​និយាយថា ប្រជាពលរដ្ឋ​ចំនួន ៩២.១ ភាគរយ មានការ​យល់ដឹង ច្រើន​ហើយ ទាក់ទង​នឹង​ការបោះឆ្នោត​នេះ​។

​ទាំង​លោក កន សាវាង្ស និង​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និ​ច​ហ្វិ​ច​) យល់ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ស្ទើរតែ ១០០​ភាគរយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ មាន​ភាពជឿជាក់​និង​ទទួលយកបាន នាពេល​បោះឆ្នោត​ខាងមុខនេះ​។

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា ជិត​៨​លាន​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ត្រៀម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​អាណត្តិ​ទី​៤​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់​៕


Tag:
 សង្គម​ស៊ីវិល​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com