ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គ្រោះជាតិ ហាក់​ទ័លច្រក ក្រោយ​ក្រសួងមហាផ្ទៃ មិន​ទទួលស្គាល់​អនុប្រធាន​ទាំងបី​រូប​
06, Apr 2017 , 12:18 pm        
រូបភាព
ពីឆ្វេងទៅស្តាំ) ឯកឧត្តមម កឹម សុខា, លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ នាអង្គសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
ពីឆ្វេងទៅស្តាំ) ឯកឧត្តមម កឹម សុខា, លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ នាអង្គសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
 
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្តិច​សិន ក្រោយ​ក្រសួងមហាផ្ទៃ ប្រកាស​មិន​ទទួលស្គាល់ លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​។ ការរក្សា​ភាព​ស្ងៀមស្ងាត់​នេះ គឺ​ដើម្បី​រង់ចាំ​មើល​គោលបំណង​របស់​ក្រសួងមហាផ្ទៃ ថា​ចង់​ឲ្យ​បក្សប្រឆាំង ធ្វើ​ដូចម្តេច​។ ក្រសួងមហាផ្ទៃ ប្រាប់​បក្សប្រឆាំង​យ៉ាងខ្លី​ថា ត្រូវ​ចេះ​ដោះស្រាយ​ដោយ​ខ្លួនឯង​។    


​លោក ប៉ុល ហំ​ម អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​រក​ដំណោះស្រាយ​ឃើញ​នោះទេ បន្ទាប់ពី​ក្រសួងមហាផ្ទៃ ប្រកាស​មិន​ទទួលស្គាល់​អនុប្រធាន​ទាំងបី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ប៉ុល ហំ​ម ដែល​កំពុងកាន់​តំណែង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​ឯកឧត្តម កឹម សុខា អវត្តមាន សុំ​ឲ្យ​ក្រសួងមហាផ្ទៃ ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ច្បាស់លាស់​ថា ត្រូវធ្វើ​ដូចម្តេច ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​បន្តទៀត​។ 
 
​លោក និយាយ​ដូច្នេះ​ថា​៖«​ឥឡូវ​ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​។ យើង​ដូចជា​អត់​មាន​ច្រកចេញ​ទេ​។ យើង​មិន​ចង់​តតាំង​អ្វី​ជាមួយ​ក្រសួងមហាផ្ទៃ ឡើយ​។ ហើយ​យើង ក៏​មិន​ចង់​មាន​បញ្ហា​អ្វី​ទៀត​ដែរ​។ យើង គ្រាន់តែ​ចង់ដឹងថា ឲ្យ​យើង​ធ្វើ​យ៉ាងម៉េច​។ បើ​ក្រសួងមហាផ្ទៃ​ប្រាប់ យើង​នឹង​ព្យាយាម​សម្រួល​ឲ្យ​អស់​លទ្ធភាព​»​។ 
 
​លោក ប៉ុល ហំ​ម នៅតែ​និយាយ​ដដែល​ថា ការជ្រើសរើស​អនុប្រធាន​ទាំងបី​រូប នៅក្នុង​អង្គសមាជ​វិសាមញ្ញ កាលពីដើម​ខែមីនា ឆ្នាំ​២០១៧ គឺ​មិន​ខុសពី​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ​។ ប៉ុន្តែ លោក យល់ថា លក្ខន្តិកៈ​នេះ អាច​នឹងមាន​ការបកស្រាយ​ខុសគ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ​។ ដូច្នេះហើយ ទើប​លោក ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​ត្រង់ៗ ថា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដូចម្តេច ដើម្បី​បញ្ចប់​បញ្ហា​នេះ​។  
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​សើចចំអក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនដឹងថា ត្រូវធ្វើ​ដូចម្តេច ចំពោះ​បញ្ហា​ខាងលើ​។ លោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃ មិនអាច​បញ្ជា​គណបក្ស​សង្គ្រោះ​ជាតិ ថា​ត្រូវធ្វើ​យ៉ាងនេះ ឬ ធ្វើ​យ៉ាងនោះ ឡើយ​។ លោក បន្តថា រាល់​បញ្ហា​ខាងលើ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ដោះស្រាយ​ដោយ​ខ្លួនឯង​។​
 
​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ឲ្យ​គាត់ (​គណបក្ស​សង្គ្រោះ​ជាតិ​) គិត​ខ្លួនឯង​ទៅ​។ និយាយ​ឲ្យ​ស្រួល​យល់ ផ្ទះ​ខ្លួនឯង ដោះស្រាយ​ខ្លួនឯង​។ យើង​មិន​ទៅ​លូកដៃ​ចូល​ទេ​។ បើ​គ្រាន់តែ​ច្បាប់​ខ្លួនឯង​អនុវត្ត​មិនបាន​ផង ឲ្យ​ទៅធ្វើ​នាយករដ្ឋមន្ត្រី​យ៉ាង​មេច​កើត​?»​។ 
 
​សូម​រម្លឹកថា ក្រសួងមហាផ្ទៃ បានទទួល​ស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ បែរជា​មិន​ទទួលស្គាល់​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រសួងមហាផ្ទៃ លើក​ហេតុផល​ថា ការជ្រើសរើស​អនុប្រធាន​ទាំងបី​រូបនេះ គឺ​ហួស​ពី​រយៈពេល​៣០​ថ្ងៃ ក្រោយ​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​ហួស​ពី​រយៈពេល​៣០​ថ្ងៃនេះ ត្រូវបាន​ក្រសួងមហាផ្ទៃ ចាត់ទុកថា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ខុស​ទៅនឹង​លក្ខន្តិកៈ​ក្នុងការ​ជ្រើសរើស​អនុប្រធាន​របស់ខ្លួន​៕

Tag:
 CNRP
  ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com