កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ម៉ាឡេស៊ី​៣​រូប​ប្រឈម​ជាប់​បម្រាម​មួយជីវិត​ដោយសារ​កំណត់​លទ្ធផល​ប្រកួត​
07, Apr 2017 , 4:20 pm        
រូបភាព
​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​ម៉ាឡេស៊ី (MACC) អះអាង​ពី​ការចាប់ខ្លួន​កីឡាករ​បាល់ទាត់​យ៉ាងហោចណាស់​៣​នាក់​នៅ​ក្លិប​កំពូល​ម៉ាឡេស៊ី  Malaysia Super League ជុំវិញ​ករណី​កំណត់​លទ្ធផល​ទុក​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ Goal.com​។​



​កីឡាករ​បាល់ទាត់​ទាំង​៣​រូប ដែល MACC បាន​ចោទប្រកាន់​នោះ​មាន​អាយុ​ចន្លោះ​ពី​២៦ ទៅ​២៩​ឆ្នាំ ហើយ​ម្នាក់​ក្នុងចំណោម​៣​នាក់​នោះ​ជា​កីឡាករ​មកពី​ក្រៅ​ស្រុក​។ អ្នក​ទាំង​៣​ត្រូវបាន​រកឃើញថា​បានទទួល​ប្រាក់​សំណូក​ចន្លោះ​ពី​១០០០០-៣០០០០ រីង​ហ្គី​ត​(​លុយ​ម៉ាឡេស៊ី​) ប្រហែល ២៣០០​ទៅ​៦៩០០​ដុល្លារ​អាមេរិក​នៅមុន​ការប្រកួត​នៃ​លី​ក​កំពូល​ម៉ាឡេស៊ី​នេះ​។​

​បើតាម MACC នៅមាន​កីឡាករ​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខុសច្បាប់​នេះ ហើយ​ពូកគេ​នឹង​បន្ត​ស៊ើបអង្កេត​រហូត​ឈានដល់​ការចាប់ខ្លួន​។​

«​នេះ​ជាការ​ព្រមាន​ទៅដល់​អ្នក​ទាំងអស់គ្នា [​កីឡាករ​] ដើម្បី​បញ្ឈប់​រាល់​សកម្ម​ភាពមិន​ស្របច្បាប់ និង​មានការ​កែប្រែ​ល្អ​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់​អនុប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​លោក Datuk Azam Baki​។



​លោក​បាន​ព្រមាន​បន្ថែមថា​៖«​នៅមាន​កីឡាករ​មួយចំនួន​ដែល MACC មិនទាន់​រកឃើញ ប៉ុន្តែ​បើសិនជា​យើង​រកឃើញ​ក្រោយពី​ធ្វើការ​ស៊ើបអង្កេត​នោះ អាច​នឹងមាន​លទ្ធផល​រហូត​ជាប់​បម្រាម​មួយជីវិត​»​។​

​សូមបញ្ជាក់ថា កាលពី​ខែ​កុ​ម្ភះ​កន្លងទៅ​ក៏មាន​ការដាក់ពិន័យ​លើ​មន្ត្រី កីឡាករ និង​អតីត​កីឡាករ​ចំនួន​២២​នាក់ ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​២​រូប​ផងដែរ មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។ គណៈកម្មាធិការ​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បញ្ជាក់ថា បុគ្គល​ទាំង​២២​រូបនោះ ជាប់​ពាក់ព័ន្ធ​នឹង​ការកំណត់​លទ្ធផល​ប្រកួត​នៃ​ក្រុម​តំណាង​នានា​របស់​ឡាវ និង​ក្លិប Lao Toyota FC៕


Tag:
 បាល់ទាត់​
  កំណត់​លទ្ធផល​ទុក​មុន​
  MACC
© រក្សាសិទ្ធិដោយ thmeythmey.com