ជាតិ
ក្រសួង បញ្ឈប់​ការចុះបញ្ជី​ទោចក្រយានយន្ត នៅតាម​មន្ទី​រសាធារណការ រាជធានី​-​ខេត្ត ទាំងអស់
08, Apr 2017 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្គាប់​មិន​ឲ្យ​មានការ​ចុះបញ្ជី​ទោចក្រយានយន្ត នៅតាម​បណ្ដា​មន្ទី​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត​ទៀតឡើយ ដោយ​បង្វែរ​កិច្ចការងារ​ទាំងនេះ ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​វិញ​។​



​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណការ បាន​បញ្ជាក់ថា ក្រសួង​បញ្ឈប់​ការចុះបញ្ជី​ទោចក្រយានយន្ត ដើម្បី​ផ្ដល់​ប័ណ្ណ​សម្គាល់ និង​ផ្លាក់លេខ , ការផ្ទេរកម្មសិទ្ធិ​ទុតិយ​កា ត​តិ​យ​កា​ប័ណ្ណ​សម្គាល់ និង​ផ្លាកលេខ​ទោចក្រយានយន្ត នៅតាម​បណ្ដា​មន្ទី​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត​ទាំងស្រុង​។ ត្រង់ចំណុច​នេះ​ក្រសួង​សាធារណការ បានសម្រេច​ប្រគល់​កិច្ចការងារ​នេះ ទៅ​ការិយាល័យ​ច្រកចេញ​តែមួយ របស់​រដ្ឋបាល​ខណ្ឌ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ទូទាំងប្រទេស ដែល​ត្រូវអនុវត្ត​ការងារ​ទាំងនេះ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ជំនួស​វិញ ជូន​ពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​។

ប៉ុន្តែ​ក្នុងករណី​ដែល​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៅតាម​រាជធានី​-​ខេត្ត​ណាមួយ ដែល​មិនទាន់បាន​ត្រៀមលក្ខណៈ​រួចរាល់ និង​មិនទាន់​ដំណើរការ​នោះ មន្ទី​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បន្ត​ផ្ដល់​សេវា​ការចុះបញ្ជី​ទោច​ក្រ​យាន្ត​យន្ត ជូន​ពលរដ្ឋ​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​សិន​។​

​ជាមួយគ្នានេះ​ក្រសួង​សាធារណការ ក៏បាន​ណែនាំ​ឲ្យ​មន្ទី​សាធារណការ និង​ដឹកជញ្ជូន រាជធានី​-​ខេត្ត ត្រួតពិនិត្យ​តាមដាន និង​គ្រប់គ្រង​ការអនុវត្ត​ផ្ដល់​សេវា ក្នុងការ​ចុះបញ្ជី​ទោចក្រយានយន្ត​របស់​កា​រិ​យា​ល័យ​ច្រកចេញចូល​តែមួយ ។ ជាពិសេស​ការបណ្ដុះបណ្ដាល​បច្ចេកទេស​ការិយាល័យ​ច្រកចេញចូល​តែមួយ​៕


Tag:
 សាធារណការ​
 ​ ទោចក្រយានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com