កីឡាជាតិ
ជាតិ
ផុន មករា តាំងចិត្ត​ប្រជែង​យក​តំណែង​ជើងឯក​អុកចត្រង្គ ទោះបី​ឆ្នាំនេះ ផុត​ឱកាស​ក៏ដោយ​
17, Apr 2017 , 12:03 pm        
រូបភាព
ដោយ:
ផុន មករា ជា​ស្ត្រី​ទី​១​របស់​កម្ពុជា​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ អ្វីដែល​ធ្វើ​ឲ្យ មករា ចូលរួម​ប្រកួត​កីឡា​ដែល​ខ្សត់​មនុស្ស​ស្រី​នេះ ដោយសារ នាង​ចង់​ពាក់​មកុដ​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ ម្យ៉ាងទៀត ដោយសារ​ការស្រលាញ់ និង​ចង់​ជួយ​អភិរក្ស​ក៏ដូចជា​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​។​

 
​បន្ទាប់ពី​ឃើញតែ​បុរស​ជា​អ្នក​ពាក់​មកុដ​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ហើយ​មិនដែល​ឃើញ​បេក្ខភាព​នារី បានធ្វើ​ឲ្យ​កីឡាការិនី ផុន មករា ដែលមាន​គំនិត​ចង់​ផ្លាស់ប្តូរ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧​។ ប៉ុន្តែ​សម្រាប់​ការចូលរួម​លើកដំបូង​ជា​បេ​ក្ខ​នារី​នេះ មករា មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ដំបូង​ដើម្បី​ឡើងទៅ​កាន់​វគ្គ​បន្ត​នោះឡើយ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាការិនី ផុន មករា បាន​រៀបរាប់​លាយឡំ​ជាមួយ​សំណើច​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​ក្លាយជា​ស្តេច​អុក​យូរហើយ​តែ​អត់​ហ៊ាន ទើបតែ​ឆ្នាំនេះ​ខ្ញុំ​ហ៊ាន តែ​សោកស្តាយ​សមត្ថភាព​បាន​ត្រឹមតែ​ប៉ុ​ណ្ណឺង​(​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​)​។ ខ្ញុំ​ធ្លាប់តែ​ឃើញ​បុរសៗ​គាត់​ពាក់​មកុដ​ស្តេច​អុក ខ្ញុំ​ចង់ឃើញ​មនុស្ស​ស្រី​ពាក់​ម្តង​មើល​...​តើ​វា​យ៉ាងម៉េច​វិញ​»​។​
 
​ទោះបី​បាត់បង់​ឱកាស​ក្លាយ​ជើងឯក​នៅ​ឆ្នាំនេះ​ក៏ដោយ ប៉ុន្តែ​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​ទេសចរណ៍​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​រូបនេះ មិនបាន​បោះបង់​គោលបំណង​ដែល​ប៉ង​ធ្វើជា​ស្តេច​អុក​នោះឡើយ ដោយ នាង បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​នៅ​លើក​ក្រោយៗ​ទៀត​។ 
 
​ក្រៅពី​គោលបំណង​ចង់​ពាក់​មកុដ​ស្តេច​អុក ការចូលរួម​លើកដំបូង​របស់​កីឡាការិនី ផុន មករា ក៏​ដើម្បី​ចូលរួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​បែប​វប្បធម៌​ប្រពៃណី​ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ផងដែរ​។ ម្យ៉ាងទៀត នាង​យល់ថា កីឡា​នេះ​បាន​ជួយ​ពង្រឹង និង​បង្កើន​ស្មារតី​ឲ្យ​មាន​ភាពរហ័សរហួន ជាពិសេស​វា​ធ្វើ​ឲ្យ​មាន​ភាព​ម៉ត់ចត់​ក្នុង​ការគិត​ដូច​ការ​លេងអុក​អ៊ីចឹង​។ 
 
​ដោយសារ​ការស្រលាញ់ និង​ចូលចិត្ត​កីឡា​អុកចត្រង្គ​បានធ្វើ​ឲ្យ​កីឡាការិនី ផុន មករា ចេះ​លេងអុក​ចត្រង្គ​តាំងពី​វ័យក្មេង​ទាំង​មិនមាន​គ្រូបង្វឹក​។ ទោះបីជា​យ៉ាងនេះ​ក្តី មករា មិន​ធ្លាប់បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​នោះឡើយ ពោលគឺ​បាន​ត្រឹម​ប្រកួត​នៅតាម​តូប តាម​ផ្ទះ​លក្ខណ​តូចតាច​ប៉ុណ្ណោះ​។ តែ​យ៉ាងណា មករា ជា​នារី​ដំបូង​បំផុត​ដែល​ចូលរួម​ប្រកួត​កីឡា​នេះ​៕  

Tag:
 ផុន មករា
© រក្សាសិទ្ធិដោយ thmeythmey.com