ជាតិ
សង្គ្រោះ​ជាតិ នឹងធ្វើ​សមាជ​ម្តងទៀត ដើម្បី​សម្រួល​អនុប្រធាន​ទាំងបី ឲ្យ​ត្រូវ​តាម​លក្ខន្តិកៈ​
18, Apr 2017 , 5:12 pm        
រូបភាព
គណបក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានថ្មី។
គណបក្សសង្គ្រោះជាតិ បានរៀបចំសមាជវិសាមញ្ញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានថ្មី។
​ភ្នំពេញ​៖ នៅ​សប្តាហ៍​ក្រោយ បក្សប្រឆាំង នឹង​រៀបចំ​សមាជ​វិសាមញ្ញ​ម្តងទៀត ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​របស់ខ្លួន ត្រង់​ប្រការ​៤៧ (​ថ្មី​) ដែលមាន​ចែង​ពី ប្រធាន​និង​អនុប្រធាន​។ ការសម្រេច​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ អះអាងថា ការជ្រើសរើស​អនុប្រធាន​ទាំង​៣​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​កន្លងមក គឺ​មិនទាន់​សមស្រប​ទៅតាម​ល​ក្ខ​ន្តិ​កៈ​។



​នៅ​ទីបំផុត គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ធ​ម្យោ​បាយ​ផ្សេង ក្រៅពី​ការរៀបចំ​សមាជ​វិសាមញ្ញ​សាជាថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​ក្រសួងមហាផ្ទៃ ដែល​មិន​ព្រម​ទទួលស្គាល់​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សមាជ​វិសាមញ្ញ​នាពេលខាងមុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​កែតម្រូវ​ខ្លឹមសារ​នៃ​លក្ខន្តិកៈ​យ៉ាងណា ដើម្បី​ឲ្យ​អ្នក​ទាំង​៣​រូប ក្លាយជា​អនុប្រធាន​ដោយ​ពេញលក្ខណៈ​។ 

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា សមាជ​វិសាមញ្ញ​លើក​ទី​២​នេះ នឹងត្រូវ​រៀបចំឡើង នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧​។ បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ ដដែល គម្រោង​នៃ​ការរៀបចំ​សមាជ​វិសាមញ្ញ​នាពេលខាងមុខ គឺ​ដើម្បី​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ត្រង់​ប្រកាស​៤៧ (​ថ្មី​) ដែលមាន​ចែង​អំពី​ប្រធាន និង​អនុប្រធាន​។

​ប៉ុន្តែ លោក យ៉ែម បុញ្ញឫទ្ធិ មិនបាន​អះអាង​នោះទេ​ថា ការរៀបចំ​សមាជ​វិសាមញ្ញ គឺ​ដើម្បី​ជ្រើសរើស​អនុប្រធាន​ទាំង​៣​រូប ឡើងវិញ ឬ​យ៉ាងណា​។ អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង គ្រាន់តែ​ចង់​កែតម្រូវ​លក្ខន្តិកៈ ឲ្យ​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​មុន ទាក់ទង​នឹង​ប្រធាន​និង​អនុប្រធាន​។ ត្រង់ចំណុច​ណា​ដែល​នៅមាន​ភាពខ្វះ​ចន្លោះ យើង នឹង​បំពេញបន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​»​។

​ទោះជា​លោក យ៉ែម បុញ្ញឫទ្ធិ មិនបាន​និយាយ​ពេលនេះ​ក៏ពិតមែន តែ​លោក​ធ្លាប់​និយាយ​កន្លងមក​ថា បេក្ខជន​អនុប្រធាន​ទាំង​៣​រូប ដែលមាន​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ឡើយ​។ លោក សង្កត់ធ្ងន់ថា អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើ គឺ​កែសម្រួល​លក្ខន្តិកៈ​យ៉ាងណា ដើម្បី​ឲ្យ​អ្នក​ទាំង​៣​រូប​ខាងលើ ក្លាយជា​អនុប្រធាន​ដោយ​ស្របច្បាប់ ហើយ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​។ 

​លោក ប៉ុល ហំ​ម លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​អង្គសមាជ​វិសាមញ្ញ កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់​ទទួលស្គាល់​អ្នក​ទាំង​៣ ថា​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្របតាម​លក្ខន្តិកៈ ឡើយ​។  ដោយមាន​អំណះអំណាង​ថា ការជ្រើសរើស​អនុប្រធាន​ទាំង​៣ គឺ​មិនទាន់​ត្រឹមត្រូវ​ទៅតាម​លក្ខន្តិកៈ ក្រសួងមហាផ្ទៃ ក៏​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កែសម្រួល​បញ្ហា​នេះ​ឡើងវិញ​។

​ក្រសួងមហាផ្ទៃ ក៏​ធ្លាប់​មិន​ទទួលស្គាល់ ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​សម្របសម្រួល​នៅក្នុង​គណៈកម្មាធិកា​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួងមហាផ្ទៃ ក៏​ទទួលស្គាល់​ឯកឧត្តម កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 CNRP
  អនុប្រធាន​
  សមាជ
© រក្សាសិទ្ធិដោយ thmeythmey.com