កីឡាជាតិ
ទោះបី​បឹងកេត​ធ្លាប់​ចាញ់ Johor តែ​គ្រូបង្វឹក​បឹងកេត​នៅតែ​រំពឹង​ទទួល​ជ័យជម្នះ​នៅ​ល្ងាច​នេះ​
19, Apr 2017 , 1:24 pm        
រូបភាព
ដោយ:

​ក្រុម​បឹងកេត​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម Johor DarulTa'zim របស់​ម៉ាឡេស៊ី​ក្នុង​ជើង​ទី​២​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ពានរង្វាន់ AFC Cup 2017 នា​ល្ងាច​នេះ​។ គ្រូ​បង្គោល​របស់​បឹងកេត លោក John McGlynn រំពឹងថា ក្រុម​លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងជំនួប​ដ៏​សំខាន់​មួយ​នេះ ទោះបី​ក្រុម​ខ្លួន​ធ្លាប់​ចាញ់​ក្រុម Johor ៣-០ ក្នុង​ជើង​ទី​១​ក៏ដោយ​។ ការប្រកួត​នា​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​តាន​តឺង​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ដើម្បី​រក្សា​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។​



​ទោះបី​ក្រុម​បឹងកេត​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Johor DarulTa'zim របស់​ម៉ាឡេស៊ី ៣-០ ក្នុង​ជើង​ទី​១​នៃ​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup 2017 នៅលើ​ទឹកដី​ម៉ាឡេស៊ី​ក៏ដោយ​។ តែ​គ្រូ​បង្គោល​របស់​បឹងកេត​លោក John McGlynn​ហាក់​មិនមាន​ក្តីបារម្ភ​នោះឡើយ​ក្នុងជំនួប​ជើង​ទី​២​នា​វេលា​ម៉ោង​៦​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ហើយ លោក រំពឹងថា ក្រុម​លោក​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុងជំនួប​ដែល​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​ដើម្បី​រក្សា​ឱកាស​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​មួយ​នេះ​។​


«​យើង​អត់​មាន​ក្តីបារម្ភ​នោះទេ​សម្រាប់​ជំនួប​ល្ងាច​នេះ ព្រោះ​យើង​ត្រៀម​បានល្អ សូម្បីតែ​ថ្ងៃ​ឈប់សម្រាក​ក៏​យើង​ធ្វើការ​ហ្វឹកហាត់​ដែរ ដូច្នេះ​យើង​មាន​ភាពច្បាស់លាស់​ក្នុងការ​រៀបចំ ហើយ​យើង​ក៏បាន​ដឹង​ពី​ទម្រង់​លេង​របស់​ក្រុម Johor នា​ជំនួប​កន្លងមក​ផងដែរ ហេតុនេះ​យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក John McGlynn​។

​គ្រូបង្វឹក​រូបនេះ​ទទួលស្គាល់ថា ការជួប​ជាមួយ Johor DarulTa'zim នៅ​ល្ងាច​នេះ​ជាការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​បឹងកេត ព្រោះ​ក្រុម​នេះ​មាន​ទម្រង់​លេង​ល្អ​និង​ជា​អតីត​ម្ចាស់​ជើងឯក​ពានរង្វាន់ AFC Cup​។ តែ​យ៉ាងណា លោក នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព និង​បង្កើត​ឱកាស​ទម្លុះ​សំណាញ់​ទី​តាមតែ​អាចធ្វើ​ទៅបាន​។

​ជាមួយគ្នានេះ កីឡាករ សុខ សុវណ្ណ ខ្សែការពារ​របស់​បឹងកេត​អង្គរ​ដែល​ទើប​ជា​ពីរ​បួស​បាន​ប្តេជ្ញា​ថា នឹង​ស្វែងរក​ជ័យជម្នះ​ជូន​ក្រុម​ឲ្យ​បាន​ក្នុងជំនួប​ល្ងាច​នេះ​។ «​ការប្រកួត​នៅថ្ងៃនេះ ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​ក្រុម​ឲ្យ​ទទួលបាន​ជ័យជម្នះ​។ ខ្ញុំ​ដឹងថា ក្រុម Johor មានការ​ប្រយុទ្ធ​ល្អ និង​ចូលចិត្ត​លេង​បាល់​ខ្លី ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​។​យើង​សង្ឃឹម​ច្រើន ព្រោះ​វា​ជាការ​ប្រកួត​នៅលើ​ទឹកដី​របស់​យើង​»​។ នេះ​ជាស​ម្តី​របស់​ខ្សែការពារ សុខ សុវណ្ណ ក្នុង​សន្និសីទ​មុន​ការប្រកួត​។

​យ៉ាងណាមិញ លោក Ismail Ibrahim គ្រូ​ជំនួយ​របស់ Johor DarulTa'zim បានចាត់ទុក​ការជួបគ្នា​ជាមួយ​បឹងកេត​ម្តងនេះ ជាការ​ប្រកួត​សម្រាប់​កំណត់​វាសនា​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​ក្រុម​លោក ដូច្នេះ Johor​ត្រូវការ​៣​ពិន្ទុ​ដាច់ខាត​ក្នុងជំនួប​មួយ​នេះ​។ ហើយ លោក រពឹង​ថា កូនក្រុម​លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​១០០​ភាគរយ​ក្នុងជំនួប​ល្ងាច​នេះ​។ ទោះបី Johor DarulTa'zim​ធ្លាប់​យកឈ្នះ​បឹងកេត តែ​គ្រូបង្វឹក​រូបនេះ​សរសើរ​ថា ក្រុម​បឹងកេត​ជា​ក្រុម​មួយ​ដែលមាន​ទម្រង់​លេង​ល្អ​។ 

​ដោយឡែក នា​រសៀល​ម៉ោង​៤​នេះដែរ ក្រុម​ឈរ​បាត​តារាង Magwe FC របស់​មី​យ៉ាន់​ម៉ា នឹង​បើកទ្វារ​កីឡដ្ឋាន Youth Training Centre​ស្វាគមន៍​ក្រុម​ឈរ​កំពូល​តារាង Global FC របស់​ហ្វីលីពីន​។ គួររំលឹកថា កាលពី​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​ហ្វីលីពីន ក្រុម Magwe FC បាន​ប្រកួត​ចាញ់​ក្រុម Global FC ក្នុង​លទ្ធផល ១-០​។

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់ AFC Cup 2017 វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ក្រុម Global FC ឈរ​កំពូល​តារាង​ដោយមាន​៩​ពិន្ទុ ខណៈ​ក្រុម Johor DarulTa'zim​ឈរ​លេខ​រៀង​ទី​២​ដោយមាន​៧​ពិន្ទុ រីឯ​ក្រុម​បឹងកេត​របស់​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​៤​ពិន្ទុ ខណៈ​ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា​ឈរ​បាត​តារាង​ដោយមាន​២​ពិន្ទុ​៕




Tag:
 ​បាល់ទាត់​
  បឹងកេត​
  Johor
  John McGlynn
© រក្សាសិទ្ធិដោយ thmeythmey.com