ជាតិ
ជំនឿ និងបញ្ញា! លោក Mark ប្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុកខ្មែរឲ្យផ្ញើសារទៅមនុស្ស២៥នាក់?
× នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅកម្ពុជា ហាក់ដូចជាមានការបារម្ភយ៉ាងខ្លាំង ដោយខ្លាចបាត់បង់គណនីហ្វេសប៊ុករបស់ខ្លួន។ ពួកគេបានចែករំលែកតៗគ្នា តាមរយៈ Messenger នូវសារមិនផ្លូវការមួយ ដែលថា ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg តម្រូវម្ចាស់គណនីរាល់រូប ផ្ញើ Messenger ទៅកាន់មនុស្ស២៥នាក់ ដើម្បីបង្ហាញពីភាពសកម្មរបស់ខ្លួននៅក្នុងហ្វេសប៊ុក និងជៀសវាងការលុបចេញ។
ព្រះសម្មាសម្ពុទ្ធ បានផ្តល់ឱវាទថា ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿ ឬចេះតែជឿដោយប្រាសចាកហេតុផល។ នេះបើតាមសម្រង់ចេញពីសៀវភៅ «៤៨ធម្មទស្សន៍» ដែលត្រូវបានផ្សព្វផ្សាយបន្តដោយគេហទំព័រ៥០០០ឆ្នាំ។
សារប្រឌិតមួយដែលប្រើប្រាស់ឈ្មោះស្ថាបនិក Mark Zuckerberg បានតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងអស់ផ្ញើ Messenger ទៅកាន់មនុស្ស២៥នាក់ ដើម្បីបញ្ជាក់ថា គណនីរបស់ខ្លួននៅតែសកម្ម ពីព្រោះក្រុមហ៊ុនត្រូវការលុបចេញនូវគណនីអសកម្មមួយចំនួន។ អ្វីដែលគួរឲ្យកត់សម្គាល់ សារនេះត្រូវបានបកប្រែជាខេមរភាសា អមដោយសំឡេងអះអាងបញ្ជាក់ដ៏ពីរោះរបស់នារីម្នាក់។
ខណៈអ្នកផ្ញើព្រួយបារម្ភខ្លាចបាត់បង់គណនីហ្វេសប៊ុករបស់ខ្លួន អ្នកទទួលមួយចំនួនបានបង្ហាញពីការធុញទ្រាន់ទៅវិញចំពោះសារដដែលៗ នៅក្នុង Messenger រហូតដល់ម្ចាស់គណនីខ្លះ សរសេរប្រកាសហាមប្រាមការផ្ញើសារមិនសមហេតុផល។
តាមពិតទៅ វាមិនមែនជារឿងថ្មីនោះឡើយ ព្រោះកាលពី៣ឆ្នាំមុន អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរទៅកាន់ បន្ទប់ជជែកពិភាក្សា Help Community របស់ហ្វេសប៊ុក ទាក់ទងនឹងសារបែបនេះ។ ទោះបីមិនមានការឆ្លើយតបជាផ្លូវការពីបណ្តាញសង្គមយក្សក៏ដោយ ប៉ុន្តែអ្នកចូលរួមភាគច្រើន បានអះអាងថា វាជាសារកុហក និង Spam ហើយរហូតមកដល់ពេលនេះ ក៏មិនមានករណីលុបគណនីហ្វេសប៊ុក ដោយសារការមិនផ្ញើ Messenger ទៅមនុស្ស២៥នាក់នោះដែរ។
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានផ្តល់ហេតុផលដ៏សមរម្យមួយថា ក្រុមហ៊ុនហ្វេសប៊ុក មានមធ្យោបាយទាក់ទង និងផ្តល់ព័ត៌មានដល់ម្ចាស់គណនីនីមួយៗ ដោយមិនចាំបាច់តម្រូវឲ្យមានការ Copy និង Paste សារដដែលនោះឡើយ។ ផ្ទុយទៅវិញ លោកបានលើកឡើងដែរថា អ្នកដែលផ្ញើសារមិនផ្លូវការ កុហក ឬ Spam ទៅវិញទេ ដែលប្រឈមនឹងការលុបចេញពីបណ្តាញសង្គម ពីបទផ្ញើសាររំខានទៅមនុស្ស២៥នាក់។
សូមជឿដោយបញ្ញា! ប្រសិនបើនាំគ្នាផ្ញើសារទៅមនុស្ស២៥នាក់ឲ្យឈប់ពិសាគ្រឿងស្រវឹង ឬតាំងចិត្តគោរពច្បាប់ចរាចរណ៍ នោះ សង្គមនឹងទទួលបានផលវិជ្ជមានច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com