កីឡាជាតិ
ជាតិ
ជម្រុះ AFC U23៖ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល J ជំនួស​ចិន​វិញ​
20, Apr 2017 , 6:30 pm         2658
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ពូ​ល J នៃ​វគ្គ​ជម្រុះ AFC U23 Championship ដោយ​ត្រូវ​ទទួល​ចិន ជប៉ុន ហ្វីលីពីន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៧​។ ដំបូង​ឡើយ​ចិន​បានប្រកាស​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជម្រុះ​នេះ ខណៈ​ក្រុម​មួយ​នេះ​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ី​នេះ​ផងដែរ​។​


​តាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​កន្លងមក កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល J ជាមួយ​ចិន ជប៉ុន និង​ហ្វីលីពីន​។ រីឯ​ពូ​ល​ផ្សេងទៀត​មាន សាធារណរដ្ឋ​កៀ​ហ្ស៊ី​ស ជា​ម្ចាស់ផ្ទះ​ពូ​ល A ដែល​ត្រូវ​ទទួល​អ៊ីរ៉ង់ អូ​ម៉​ង់ និង​ស្រីលង្កា​។ ពូ​ល B អា​រ៉ា​ប៊ី​សា​អូឌីត ទទួល​អ៊ីរ៉ាក់ បា​រ៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពូ​ល C មាន កាតា (​ម្ចាស់ផ្ទះ​) ស៊ី​រី ឥណ្ឌា និង​តួ​កមេ​នី​ស្ថាន​។​
 
​ពូ​ល D មាន​អារ៉ាប់​រួម​អេ​មី​រ៉េត (​ម្ចាស់ផ្ទះ​) អ៊ូ​ស​បេ​គី​ស្ថាន លី​បង់ និង​ណេ​ប៉ាល់​។ ពូ​ល E មាន ប៉ា​ឡេ​ស្ទី​ន (​ម្ចាស់ផ្ទះ​) ហ្ស៊​ក​ដង់ តា​ហ្ស៊ី​គី​ស្ថាន និង​បង់​ក្លា​ដែ​ស​។ ពូ​ល F មាន​មី​យ៉ាន់​ម៉ា (​ម្ចាស់ផ្ទះ​) អូស្ត្រាលី សិង្ហ​បុរី និង​ព្រុយ​ណេ​។ ពូ​ល G មាន​កូរ៉េខាងជើង (​ម្ចាស់ផ្ទះ​) ឡាវ ឆាយ​នី​ស​-​តៃប៉ិ និង​ហុងកុង​។ ពូ​ល H មាន ថៃ (​ម្ចាស់ផ្ទះ​) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ម៉ុង​ហ្គោ​លី​។ ពូ​ល I មាន វៀតណាម (​ម្ចាស់ផ្ទះ​) កូរ៉េខាងត្បូង ទី​ម័​រ​ខាងកើត និង​ម៉ា​កាវ​។​
  
 
៤០​ក្រុម​នៅ​ទ្វីបអាស៊ី (​ពូ​ល A ដល់ E សម្រាប់ West Zone និង​ពូ​ល F ដល់ J សម្រាប់ East Zone) ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​វគ្គ​ជម្រុះ AFC U-23 Championship ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ។ ក្រុម​ចំនួន​១០​ដែល​បាន​ពិន្ទុ​លើសគេ និង​ក្រុម​លេខ​២​ចំនួន​៥ (Best Second-Placed) នឹងត្រូវ​ឈាន​បន្តទៅ​កាន់​វគ្គ​ចុងក្រោយ​ដែល​រៀបចំ​នៅ​ប្រទេស​ចិន នា​អំឡុង​ខែមករា ឆ្នាំ​២០១៨ ។​
 
​បើទោះបីជា​ចិន​នៅ​អង្គុយ​រង់ចាំ​នៅ​ជុំ​ចុងក្រោយ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ចង់​លេង​នៅ​វគ្គ​ជម្រុះ​។ ប្រសិនបើ​ចិន​បញ្ចប់​ក្នុង​ចំណាត់​លេខ​មួយ ឬ​លេខ​ពីរ​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​នា​ការប្រកួត​វគ្គ​ជម្រុះ  AFC នឹង​ជ្រើសរើស​ក្រុម​លេខ​ពីរ​រហូតដល់​៦​ក្រុម​។​
 
​សម្រាប់​ការប្រកួត​ជម្រុះ AFC U-23 Championship នេះ កម្ពុជា បាន​ចូលរួម​នា​ព្រឹត្តិការណ៍​បើកឆាក​នៅ​ឆ្នាំ​២០១២ [​ដែល​កាលណោះ U-22] ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុ​មុន្នី​។ កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល F ដោយ​ស្ថិតក្នុង​លេខ​៥​ក្នុងចំណោម​៦​ប្រទេស​។ កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុ​មុន្នី បាន​យកឈ្នះ​ហុងកុង ៣-២ ស្មើ​ម្ចាស់ផ្ទះ​ឡាវ ៣-៣ តែ​ចាញ់ ថៃ ៤-០ ចាញ់ ចិន ៣-០ និង​ចាញ់​កូរ៉េខាងជើង ៣-០។​
 
​កាលពី​វគ្គ​ជម្រុះ​ក្នុង​ឆ្នាំ​២០១៥ ក្រោម​ការដឹកនាំ​របស់​លោក Lee Tae Hoon កម្ពុជា​ស្ថិតក្នុង​ពូ​ល G ជាមួយ​កូរ៉េខាងជើង ម្ចាស់ផ្ទះ​ថៃ និង​ហ្វីលីពីន​។ កម្ពុជា​បាន​ហាលអាវ​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ថៃ ២-១ ចាញ់​កូរ៉េខាងជើង ៤-១ និង​ឈ្នះ​ហ្វីលីពីន ៣-១​។​
 
​នៅ​ឆ្នាំ​២០១៣ ដែល​រៀបចំ​នៅ​ប្រទេស​អូ​ម៉​ង់ អ៊ីរ៉ាក់ ក្លាយជា​ម្ចាស់​ជើងឯក បន្ទាប់ពី​បាន​យកឈ្នះ​អា​រ៉ា​ប៊ី​សា​អូឌីត ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ហ្ស៊​ក​ដង់​បាន​លេខ​បី ក្រោយ​ឈ្នះ​កូរ៉េខាងត្បូង ៣-២ ដោយ​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​ស្មើ ០-០ នៅ​ម៉ោង​ធម្មតា​។​
 
​សម្រាប់​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០១៦​នៅ​ប្រទេស​កាតា ជប៉ុន​ជា​ម្ចាស់ផ្ទះ​ជើងឯក ក្រោយ​ឈ្នះ​កូរ៉េខាងត្បូង ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​អ៊ីរ៉ាក់ យកឈ្នះ កាតា ២-១ នៅ​ម៉ោង​បន្ថែម សម្រាប់​ចំណាត់ថ្នាក់​លេខ​បី​។​
 
​សម្រាប់​ការប្រកួត​ថ្ងៃ​បើកឆាក​នៃ​វគ្គ​ជម្រុះ AFC U23 ពូ​ល J នេះ កម្ពុជា​នឹង​ត្រូ​ប៉ះ​ចិន​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច និង​ការប្រកួត​បន្តបន្ទាប់​ត្រូវ​ជួប ជប៉ុន មុន​ជំនួប​ជាមួយ​ហ្វីលីពីន​៕
 


Tag:
 AFC U23
  ​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev123next