ជាតិ
ព័ត៍មានសុខភាព
មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​មន្ទីរពេទ្យ​តែមួយ​គត់​ដែល​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​
21, Apr 2017 , 8:19 pm         13122
រូបភាព
​សៀមរាប​៖ ជំងឺ​ឆ្កែឆ្កួត គឺជា​ជំងឺ​មួយ​ប្រភេទ​ដែលមាន​ភាព​សាហាវ និង​គ្រោះថ្នាក់ ប្រសិនបើ​គេ​មិន​យកចិត្តទុកដាក់​។ ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ស្លាប់​ផងដែរ ក្រោយ​មេរោគ​នេះ ឆ្លងទៅ​ក្នុង​ខ្លួន​មនុស្ស​។ ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នៃ​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ទទួល​ព្យាបាល​កុមារ​ដោយ​ឥតគិតថ្លៃ​នៅ​ខេត្តសៀមរាប បានរៀបចំ​គម្រោង​កញ្ចប់​វ៉ាក់សាំង​នេះ​។ យ៉ាងណា ការចាក់​វាំង​សាំង​នេះ មិនបាន​ទូលំទូលាយ​ពេក​ទេ ដោយសារ​ជំនួយ​ផ្នែក​នេះ នៅមានកម្រិត​ទាប​នៅឡើយ​។​


​លោក​វេជ្ជបណ្ឌិត ឡូ​វ កែ ឯកទេស​កុមារ និង​ជា​ប្រធាន​ផ្នែក​ជំងឺ​ក្រៅ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​ប្រជាពលរដ្ឋ​តែង​ហៅ​ពេទ្យ​បេះដូង​នោះ បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​នេះ​ទទួល​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​តាំងពី​ឆ្នាំ​២០០៧​មក​។ លោក​បន្ថែមថា ជា​រៀងរាល់ឆ្នាំ មាន​កុមារ​ដែល​មក​ពិគ្រោះ​ទាក់ទង​នឹង​សត្វ​ខាំ មាន​ឆ្មា ឆ្កែ ឬ​សត្វ​ចិញ្ចឹម​ផ្សេងទៀត សរុប​ទាំងអស់​ប្រហែល ៧​ពាន់​នាក់​។ ក្នុងចំណោម​កុមារ​ទាំងនោះ មាន​កុមារ​ចន្លោះ​ពី ១៥០០​ទៅ​២០០០​នាក់ ដែល​ទទួល​ការចាក់​វ៉ាក់សាំង​ជាប្រចាំ​ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជ​. ឡូ​វ កែ​។​

​គ្រូពេទ្យ​ជំនាញ​ជំងឺ​ឆ្កែឆ្កួត​រូបនេះ​បានបញ្ជាក់​ទៀតថា ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​មួយ​ដែល​គ្រោះថ្នាក់​បំផុត ប្រសិនបើ​គេ​មិនបាន​យកចិត្តទុកដាក់​។ មេរោគ​ជំងឺ​នេះ វិវត្តន៍​ចូលទៅក្នុង​ខ្លួន​មនុស្ស​ចាប់ពី​២​សប្តាហ៍​ទៅ​៨​សប្តាហ៍ ក្រោយពេល​ខាំ​។  ក្នុងដំណាក់កាល​ដំបូង មេរោគ​នេះ​នៅ​ម្តុំ​របួស​តែប៉ុណ្ណោះ ចាប់ពី​២​ទៅ​៨​សប្តាហ៍ មេរោគ​អាច​រាតត្បាត​ចូលទៅ​តំបន់​សំខាន់ៗ ដូចជា​ប្រព័ន្ធ​សរសៃ​ប្រាសាទ ខួរក្បាល​ជាដើម​។ «...​បើ​ចាក់​មិនទាន់ អ្នកជំងឺ​អាច​ស្លាប់​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជ​. ឡូ​វ កែ​។​

​សម្រាប់​រោគសញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​វិញ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​រូបនេះ​បាន​ឲ្យ​ដឹងថា វា​ប្រហាក់ប្រហែល​ទៅនឹង​ជំងឺ​ផ្ដាសាយ​ដែរ បើ​គេ​មិន​ចាប់អារម្មណ៍​។ ដំបូង​អ្នកជំងឺ​គ្រុន ព្រឺ​ខ្លួន ឈឺ​តាម​សាច់ដុំ ក្តៅខ្លួន ឈឺក្បាល ក្អួត ឬ​ស្ពឹក បន្ទាប់មក​អាច​ហើម​បំពង់ខ្យល់ និង​ងាយ​ស្ទះ​បំពង់ខ្យល់​។ «​អ្នកជំងឺ​ភ្លាមៗ​អត់​ដឹង​ទេ ទោះ​ដល់​ដំណាក់កាល​ធ្ងន់​ក៏ដោយ​។ អ្នកជំងឺ​មាន​អា​ការៈធម្មតា តែ​គ្រាន់តែ​ខ្លាច​ទឹក ខ្លាច​ខ្យល់ ឆេវឆាវ អារម្មណ៍​មិន​នឹងន​»​។ លោក​វេជ្ជ​. ឡូ​វ កែ បញ្ជាក់​។​

​នៅ​កម្ពុ​ជាការ​ចិញ្ចឹមសត្វ​មិនទាន់មាន​អនាម័យ ឬ​ល្អ ដូច​ប្រទេស​គេ​នៅឡើយ​។ សត្វ​ចិញ្ចឹម​ច្រើនតែ​ត្រូវ​ម្ចាស់​ប្រលែង ឬ​ជាស​ត្វ​អនាថា​។ លោក​វេជ្ជ​. ឡូ​វ កែ លើកឡើងថា សត្វ​ចិញ្ចឹម គួរ​ទទួលបាន​វ៉ាក់សាំង​សុខភាព មាន​ពេទ្យសត្វ​ត្រឹមត្រូវ និង​មាន​កាលវិភាគ​តាមដាន​សុខភាព​។ លោក​បន្ថែមទៀតថា នៅ​កម្ពុ​ជាមាន​តិចតួច​ប៉ុណ្ណោះ​ដែល​គិតគូរ​ពី​បញ្ហា​នេះ ហើយ​អ្នក​ដែល​ចិញ្ចឹមសត្វ​ត្រឹមត្រូវ ច្រើនតែ​អ្នកមាន​ជីវភាព​ធូរធារ​។​

​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ មន្ទីរពេទ្យ​កុមារ​ចំណាយ​ថវិកា​ប្រមាណ ៣៥០០០​ដុល្លារ ក្នុង​គម្រោង​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​។ យ៉ាងណា មន្ទីរពេទ្យ​នេះ​នៅមាន​ការ​ត្បិត​ត្បៀ​ប​ចំពោះ​ការផ្តល់​វ៉ាក់សាំង​នេះ​។ ព្រោះថា ជា​មន្ទីរពេទ្យ​តែមួយគត់ ដែល​បានផ្តល់​វ៉ាក់សាំង​ឆ្កែឆ្កួត​ដោយ​ឥតគិតថ្លៃ​ចំពោះ​កុមារ​ទូទៅ​។ លោក​វេជ្ជ​. ឡូ​វ កែ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ឲ្យ​ជួយ​ទាំង​វ៉ាក់សាំង និង​ថវិកា ដើម្បី​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ​បន្ត​និរន្តរភាព​លើ​វ៉ាក់សាំង​ដ៏​សំខាន់​មួយ​នេះ​ត​ទៅមុខទៀត​៕

Tag:
 ជំងឺ​ឆ្កែឆ្កួត​
  ឡូ​វ កែ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...2223next