ពីនេះ ពីនោះ
ពាក្យ​ណា ដែលមាន «​អប​» នៅ​ខាងដើម ពាក្យ​នោះ នឹង​ប្តូរ​ពី​ន័យ​ល្អ ទៅជា​ន័យ​អាក្រក់
23, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ «​អប​» គឺជា​និបាតសព្ទ​មួយ ដែល​អាច​ឈរ​នៅ​ពីខាងមុខ​ពាក្យ​ដទៃ​។ ការប្រើ​ប្រាស់និបាតសព្ទ​នៅពីខាងមុខ​ពាក្យ​ណាមួយ គឺ​ដើម្បី​បន្ថែម​អត្ថន័យ ទៅ​ឲ្យ​ពាក្យ​នោះ​។



ពាក្យ​ណា ដែលមាន​អត្ថន័យ​ល្អ នឹង​ប្រែ​ជាមាន​អត្ថន័យ​អាក្រក់​វិញ បើ​ពាក្យ​នោះ មាន «​អប​» នៅ​ពី​ខាងមុខ​។
​និបាតសព្ទ «​អប​» អាច​មានន័យ​ច្រើនយ៉ាង ដូចជា ប្រាសចាក​, មិន​, ឥត​, ឃ្លាត​ចាក​, ឆ្ងាយ​, ទៅ​ឆ្ងាយ​, ត្រឡប់​, ត្រឡប់​ជា​, បែរជា​, ផុត​, រួចផុត​, ជាដើម​។ ប៉ុន្តែ ជាទូទៅ «​អប​» តែង​និយម​ប្រែ​ថា «​ប្រាសចាក ឬ ឥត​»  ដែល​នាំ​ឲ្យ​ពាក្យ​ណាមួយ មាន​អត្ថន័យ​មិនសូវ​ល្អ​ ឬ មានអត្ថន័យបែបអវិជ្ជមាន។

​ជាក់ស្តែង ពាក្យ «​មង្គល​» ប្រែ​ថា សេចក្តីចម្រើន​, សេចក្តីសុខ​, ហេតុដែល​នាំ​ឲ្យ​កើត​សេចក្តីសុខ​ចម្រើន​។ ប៉ុន្តែ ពាក្យ «​មង្គល​» នឹងមាន​អត្ថន័យ​អាក្រក់​វិញ នៅពេល «​អប​» ឈរ​នៅ​ពី​ខាងមុខ ដោយក្លាយទៅជា «​អបមង្គល​» ប្រែ​ថា ដែល​ប្រាសចាក​មង្គល​, ឥត​មង្គល​, ដែល​ឥត​សេចក្តីចម្រើន​។

​នៅមាន​ពាក្យ​ជាច្រើន​ទៀត ដូចជា អបគមន៍ (​ការ​ប្រាសចាក​ពីគ្នា​, ការ​បែកចេញ​ពីគ្នា​), អបយស (​ដែល​ប្រាសចាក​យស​, ដែល​ខូច​ឈ្មោះ​, ដែល​អាប់មុខ​, ដែល​ឥត​គេ​រាប់អាន​), អបលក្ខណ៍ (​ដែល​ប្រាសចាក​លក្ខណៈ​ល្អ​, ដែល​ឥត​លក្ខណ៍​, ដែល​ខាតលក្ខណ៍​), អបសក្តិ (​ដែល​ឥត​សក្តិ​, ដែល​ឥត​អំណាច​) ។​ល​។​

​ការបកស្រាយ​នេះ គឺ​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត​៕


Tag:
 ពន្យល់ពាក្យ
  «អប»
© រក្សាសិទ្ធិដោយ thmeythmey.com