ជាតិ
មនុស្ស ៣ នាក់​ស្លាប់ និង​ផ្ទះ​ច្រើន​ខ្នង​ខូចខាត អំឡុង​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​រយៈ​ពេលពីរ​ថ្ងៃ​
24, Apr 2017 , 12:21 pm        
រូបភាព
បុរសម្នាក់ ត្រូវរន្ទះបាញ់ពេលកំពុងបើកម៉ូតូ។ រូបពីហ្វេសប៊ុក​ក្រសួង​ធនធាន​ទឹក និងឧតុនិយម
បុរសម្នាក់ ត្រូវរន្ទះបាញ់ពេលកំពុងបើកម៉ូតូ។ រូបពីហ្វេសប៊ុក​ក្រសួង​ធនធាន​ទឹក និងឧតុនិយម
 
​ភ្នំពេញ​៖  ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ ៣ នាក់បានស្លាប់  និង​ខូចខាត​ផ្ទះសម្បែង រួមទាំង​អគារសិក្សា​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​


​កាលពី​ថ្ងៃទី​២២-២៣ ខែមេសា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បានទទួល​រង​នូវ​ឥទ្ធិពល​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់  ដោយបណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង អគារសិក្សា និង​មាន​មនុស្ស ៣ នាក់​ស្លាប់​។  ក្នុងករណី​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី​២២ មេសា នា​ខេត្តកំពង់ចាម បាន​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៩​ខ្នង រង​នៅ​ការខូចខាត​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ 
 
​ក្រសួង​ធនធានទឹក បាន​ផ្សព្វផ្សាយ​ទៀតថា នៅ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​២៣ មេសា​នេះ មាន​បុរស ១ នាក់​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់ ពេល​កំពុងធ្វើដំណើរ ខណៈ​មេឃ​រកកលភ្លៀង​។ នៅ​ថ្ងៃទី​២៣ ដដែល នា​ខេត្ត​ត្បូងឃ្មុំ​វិញ ភ្លៀង​កក់ខែ​និង​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​អគារសិក្សា​ចំនួន ១​ខ្នង របើក​ដំបូល​។ 
 
​បើតាម​ក្រសួង​ធនធានទឹក​ដដែល នៅ​ខេត្តព្រះវិហារ គ្រោះធម្មជាតិ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស ១ នាក់ និង​រងរបួស ៣​នាក់​។ ភ្លៀង​កក់ខែ​និង​ខ្យល់​កន្ត្រាក់ នា​ថ្ងៃទី ២៣ មេសា​នេះ បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៤ ខ្នង បាន​រលំ និង​អគារសិក្សា​ចំនួន ១​ខ្នង រួមទាំង​ផ្ទះ​ចំនួន ៨០ ខ្នង​ទៀត​បាន​របើក​ដំបូល​។ 
 
​ទាក់ទង​នឹង​នេះ នៅ​ខេត្តរតនគិរី មាន​ភ្លៀង​កក់ខែ និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​មនុស្ស ១​នាក់​បាន​ស្លាប់ និង​រលំ​បង្គោល​ភ្លើង​។  ក្នុងករណី​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​នេះ  ខេត្តរតនគិរី ក៏មាន​ករណី​ធ្លាក់​ទឹកកក​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៩ មេសា នៅតាម​រាជធានី​-​ខេត្ត​មួយចំនួន អាច​ប្រឈម​នឹង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​កើតមានឡើង​នៅពេល​មេឃ​ភ្លៀង ចាប់ពី​ថ្ងៃទី​២៣-២៩ មេសា​។ ជាពិសេស​ខេត្តបាត់ដំបង ប៉ែ​លិ​ន ព្រះវិហារ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប អាច​ប្រឈម​នឹង​បាតុភូត​ទាំងនេះ​៕

Tag:
 ភ្លៀង​កក់ខែ​
 ​ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com