កីឡាជាតិ
ជាតិ
ពុំ តុលា ទទួលបាន​កាត​ក្រហម ខណៈ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​ជាមួយ​ការមិន​ស្គាល់​ចាញ់
24, Apr 2017 , 2:27 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​(​ស្វាយរៀង​)​បន្ត​ឈរ​កំពូល​តារាង​ជាមួយ​ភាពខ្លាំង​មិនដែល​ចាញ់​ក្នុង​សប្តាហ៍​ទី​៨ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ ក្រោយ​រក្សា​លទ្ធផល​ស្មើ ០-០ ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​)​កាលពី​ម្សិលមិញ​។ ទោះបី​មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្នា តែ​ក្រុម​ទាំងពីរ​ប៉ះ​ទ​ង្កិ​ច​គ្នា​រហូត​ខ្សែការពារ ពុំ តុលា បាន​កាត​ក្រហម​។​ក្រុម​បឹងកេត​បាន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទម្លាក់​ក្រុម​ណាហ្គា​វើ​លពី​តំបន់ Top4 ដើម្បី​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៥-៤ នៅលើ​ទឹកដី​របស់ខ្លួន​ឡើង​មកឈរ​ជំនួស​។​



​ក្នុងជំនួប​ដណ្តើម​ឈរ​កំពូល​តារាង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ម្សិលមិញ ក្រុម​ទ័ព​មិនអាច​ប្រើ​ភាព​មានប្រៀប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដើម្បី​ទម្លាក់​ក្រុម​ស្វាយរៀង​ពី​កំពូល​តារាង​បាន​នោះ​ឡើ ដោយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ០-០ រហូត​ចប់​ការប្រកួត​។  លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៨​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ដោយមាន​២០​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​៦​លើក និង​ស្មើ​២​លើក​។ ចំណែក​ក្រុម​ទ័ព បន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៨​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​៥​លើក និង​ស្មើ​៣​លើក​។

​តែ​យ៉ាងណា ក្នុងជំនួប​ដ៏​ស្វិតស្វាញ​ដែល​មិនមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនេះ គឺ​ក្រុម​ទាំងពីរ​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រហូត​ខ្សែការពារ ពុំ តុលា ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​៨៨ បន្ទាប់ពី​ខ្សែការពារ​រូបនេះ ហក់​ទៅ​ច្រាន​កីឡាករ Kim Namgun ដែល​រង​ការពិន័យ​កាត​លឿង​ទាំង​កម្រោល​ដោយ​ចេតនា​។ ២​នាទី​ក្រោយមក​ខ្សែការពារ ខែ​ក ខេមរិន្ទ ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​ផងដែរ ក្រោយ​ប៉ះ​ទ​ង្កិ​ច​ជាមួយ​កីឡាករ​ស្វាយរៀង​នៅ​នាទី​៩០​។​



​ជាមួយគ្នានេះ ក្រុម​បឹងកេត​បាន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទម្លាក់​ក្រុម​ណាហ្គា​វើ​លពី​លេខ​រៀង​ទី​៤​ឲ្យ​មកឈរ​លេខ​រៀង​ទី​៥​ដោយ​រក្សា​១២​ពិន្ទុ​។ ជ័យជម្នះ ២-១ លើ​ណាហ្គា​វើ​ល​បាន​ជួយ​ពង្រឹង​ការ​ឈរ​លេខ​រៀង​ទី​៣​របស់​បឹងកេត ដោយមាន​១៧​ពិន្ទុ​ជាមួយ​ការ​ឈ្នះ​៥​លើក ស្មើ​២ និង​ចាញ់​១​លើក​។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​ឡើង​មកឈរ​លេខ​រៀង​ទី​៤​ជំនួស​ណាហ្គា​វើ​ល ក្រោយ​ប្រើ​កីឡដ្ឋាន RSN យកឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៥-៤​។

​ដោយឡែក ក្រុម​ឈរ​បាត​តារាង​គីរីវង់​សុខ​សែន​ជ័យ​ត្រូវបាន​ក្រុម​ភ្ញៀវ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លត់​ក្នុង​លទ្ធផល ៦-១ នៅលើ​ទឹកដី​របស់ខ្លួន​។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​បន្ត​ឈរ​បាត​តារាង​ដោយមាន​១​ពិន្ទុ​ជាមួយ​ការបរាជ័យ​៧​លើក និង​ស្មើ​១ ខណៈ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឹ​រ​បាន​ឡើង​មកឈរ​លេខ​រៀង​ទី​៦​ដោយមាន​១០​ពិន្ទុ​៕


Tag:
 Cambodian League 2017
  បឹងកេត​
  ទ័ព​
  ស្វាយរៀង​
  ភ្នំពេញ​ក្រោ​ន​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com