អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​បារាំង​ដែល​គ្មាន​បក្ស Emmanuel Macron ជា​អ្នកណា​?
24, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បេក្ខជន​គ្មាន​បក្សនយោបាយ និង​ជា​អ្នកនយោបាយ​ឯករាជ្យ Emmanuel Macron បាន​ដើរ​ដល់​ផ្លូវ​ឆ្ពោះទៅ​ក្លាយជា​ប្រធានាធិបតី​បារាំង​ទាំង​នៅ​វ័យ ៣៩​ឆ្នាំ​ហើយ​។ របាយការណ៍​ស្ទង់​មតិ​ខ្លះ​បង្ហាញថា លោក​មានលទ្ធភាព​ផ្តួល​គូប្រជែង​ខ្លួន អ្នកនយោបាយ​ស្តាំនិយម​ជ្រុល Marine Le Pen នៅ​ថ្ងៃ ៧​ខែឧសភា​ខាងមុខ​។ ចុះ​លោក Macron មាន​ប្រវត្តិរូប​បែបណា​?



​លោក Emmanuel Macron មានឈ្មោះ​ល្បីល្បាញ​ក្នុង​រដូវ​កាល​បោះឆ្នោត​ប្រធានាធិបតី​បារាំង បន្ទាប់ពី​លោក​ជាប់ឆ្នោត​ជុំទីមួយ​ដើម្បី​ឈានទៅ​ដណ្តើម​កៅអី​ប្រធានាធិបតី​។  ជា​អ្នកនយោបាយ​កណ្តាល​និយម​លោក Macron  ស្ថិតក្នុង​វ័យ ៣៩​ឆ្នាំ និង​អ្នកនយោបាយ​មាន​ទេពកោសល្យ​និង​មានបទពិសោធន៍​ច្រើន​ក្នុង​កិច្ចការ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ផង​។​

​តាមពិតទៅ លោក Macron បានកើត​នៅក្នុង​ឆ្នាំ ១៩៧៧ ហើយ​លោក​បានបញ្ចប់​ការសិក្សា​ពីសា​លា​ជាតិ​រដ្ឋបាល​ដែលជា​គ្រឹះស្ថានសិក្សា​ដែល​បណ្តុះបណ្តាល​មន្ត្រី​រដ្ឋ​ការ​កំពូលៗ ហើយ​ក្នុងនោះ​មាន​ប្រធានាធិបតី​បារាំង​ចំនួន​បីនាក់​ផងដែរ​។

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ហើយ លោក Macron មិន​បង្អង់​យូរ​ឡើយ ដោយ​លោក​ចាប់ផ្តើម​ចូលប្រឡូក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​តែម្តង​។ លោក​ផ្តើម​ការងារ​ជា​អធិការកិច្ច​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច ហើយ​បន្ទាប់មក​លោក​បាន​ចូលរួម​ធ្វើកា​ងារ​ក្នុង​ធនាគារ Rothschild & Cie​។

​ក្នុង​វិស័យ​នយោបាយ​លោក Macron បាន​បំពេញការងារ​ជា​ប្រធាន​នាយកដ្ឋាន សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៤ ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ​លោក​ទទួលខុស​ត្រូវជា​អគ្គលេខាធិការរង​នៃ​ប្រធានាធិបតី (Deputy Secretary General of Presidency)​។ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៦ លោក​ត្រូវបាន​ជ្រើសរើស​តាំង​ដោយ​រដ្ឋបាល​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់​ឲ្យ​បំពេញការងារ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​។

​ក្នុង​ខែមេសា​ឆ្នាំ ២០១៦ លោក Macron បានសម្រេច​លាលែង​ពី​តំណែង​និង ចេញមុខ​បង្កើត​ចលនានយោបាយ​ខ្លួនឯង​ដែលមាន​ឈ្មោះថា En March ឬ On the move ជា​ភាសា​អង់គ្លេស​ដើម្បី​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​។​

​គោលនយោបាយ​សំខាន់​របស់លោក គឺ គាំទ្រ​សហភាព​អឺរ៉ុប​, បន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​បារាំង​ជាមួយ​ពិភពលោក និង បង្កើន​ទុនវិនិយោគ​ក្នុង​វិស័យ​សាធារណៈ​ផងដែរ​។​លោក​ជា​អ្នកនយោបាយ​មាន​លក្ខណៈ​ប្រសើរ​ជាងគេ​ដោយសារ​លោក​មិនដែល​លើក​គោលនយោបាយ​ទាំងឡាយណា​ដែល​ប៉ះពាល់​រឿង​សាសនា​ដូច​អ្នកនយោបាយ​ផ្សេងទៀត​ទេ​។

គេ​មើលឃើញថា អ្នកនយោបាយ​ម្នាក់នេះ​ជា​ក្តីសង្ឃឹម​របស់​បារាំង​និង​របស់​អឺរ៉ុប​ផងដែរ ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​ចលនា​ប្រជា​ឧបាយ​និង​ចរន្ត​ប្រឆាំង​សាកលភាវូបនីយកម្ម​កើនឡើង​នោះ​។ ដូច្នេះហើយ​បើសិនជា​លោក​ជាប់ឆ្នោត​នៅពេល​ខាងមុខ​វា​ជា​ដំណឹង​ល្អ​សម្រាប់​បារាំង​ផង​និង​សម្រាប់​អឺរ៉ុប​ទាំងមូល​ផង​៕


Tag:
 Emmanuel Macron
  Marine Le Pen
  ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com