កីឡាអន្តរជាតិ
អន្តរជាតិ
គូប្រជែង​ថា Sharapova មិនគួរ​ទទួលបាន Wildcard នោះឡើយ​
25, Apr 2017 , 2:34 pm        
រូបភាព
កីឡាការិនីវាយកូនបាល់ Maria Sharapova
កីឡាការិនីវាយកូនបាល់ Maria Sharapova
​គូប្រកួត​ដំបូង​របស់​កីឡាការិនី​វាយ​កូន​បាល់ Maria Sharapova ថា​នាង​មិនគួរ​ទទួលបាន wildcard ដែលជា​សិទ្ធិ​មិនចាំបាច់​ប្រកួត​វគ្គ​ជម្រុះ​នោះឡើយ ពីព្រោះ​អតីត​ជើងឯក​លេខ​១​ពិភពលោក​របស់​រុស្ស៊ី​រូបនេះ​ធ្លាប់​ជាប់​បម្រាប​រហូតដល់​១៥​ខែ​ពីបទ​ប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង​នៅពេល​ប្រកួត​កន្លងមក​។​



Sharapova ត្រូវ​ជួប​គូប្រកួត​ដំបូង​ជាមួយ​កីឡាការិនី​សញ្ជាតិ​អ៊ីតាលី Roberta Vinci ក្នុង​ជុំទីមួយ​នៃ​ពាន Porsche Grand Prix (​ឬ Stuttgart Open) ដែល​ប្រព្រឹត្តទៅ​នៅថ្ងៃ​ពុធ ទី​២៦​នេះ​ក្នុង​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់​។​

​កីឡាការិនី​សញ្ជាតិ​អ៊ីតាលី វ័យ​៣៤​ឆ្នាំ Vinci បាន​សម្តែង​ការមិន​ពេញចិត្ត​សម្រាប់​ការផ្តល់​សិទ្ធិ​ប្រកួត​មិនបាច់​ជម្រុះ​(wildcard) ទៅ​ឲ្យ Sharapova ដោយ​លើកឡើងថា​៖«​ខ្ញុំ​មិន​យល់ស្រប​សម្រាប់​ការផ្តល់ wildcard ទៅ​ឲ្យ Sharapova នៅទីនេះ ឬ​នៅ​ការប្រកួត​នៅ​ទីក្រុង​រ៉ូម រួមទាំង​ការប្រកួត​ផ្សេងៗ​ទៀត​នោះទេ​»​។​



​អ្នក​វាយ​កូន​បាល់​លំដាប់​ទី​៣៦​ពិភពលោក​នេះ​បន្ថែមទៀតថា​៖« ជាការ​ពិត​នាង​បានធ្វើ​ឲ្យ​មាន​កំហុស​រួចទៅហើយ ហើយ​នាង​គួរតែ​ត្រឡប់​មក​ប្រកួត​វិញ​បាន ប៉ុន្តែ​មិន​សម​នឹង​ទទួលបាន wildcard នោះទេ​»​។​

​លើសពីនេះទៅទៀត​នោះ អតីត​ជើងឯក​លេខ​១​ពិភពលោក​របស់​ដា​ណឺ​ម៉ាក Caroline Wozniacki ក៏​សម្តែង​ការមិន​ពេញចិត្ត​អំពី​ការផ្តល់​សិទ្ធិ​នេះ​ដូចគ្នា​ដែរ​។​

​សូមបញ្ជាក់ថា ម្ចាស់​ជើងឯក Grand Slam ៥​សម័យកាល Maria Sharopova បាន​ជាប់​បម្រាម​មិនអោយ​ធ្វើការ​ប្រកួត​រយៈ​ពេល​២​ឆ្នាំ ដោយ​ពិនិត្យឃើញថា​បាន​ប្រើប្រាស់​សារធាតុ​ញៀន ឬ​សារធាតុ​ប៉ូវ​កម្លាំង​នៅពេល​ប្រកួត នៃ​ពានរង្វាន់ Grand Slam នៅ​ប្រទេស​អូស្ត្រាលី Australian Open កាលពី​ខែមករា ឆ្នាំ​២០១៦​។ ប៉ុន្តែ​តុលាការ​នៃ​អាជ្ញាកណ្តាល​កីឡា​ហៅ​កាត់​ថា​(Cas) សម្រេច​បន្ធូ​បន្ថយទោស​សល់​ត្រឹម​១៥​ខែ​ប៉ុណ្ណោះ​៕


Tag:
 វាយ​កូន​បាល់​
  Maria Sharapova
© រក្សាសិទ្ធិដោយ thmeythmey.com