ជាតិ
កម្ពុជា​កំពុង​សើរើ​លើ​កិច្ចព្រមព្រៀង​នៃ​ការទទួល​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​
26, Apr 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានស្នើ​លោក  Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស អាមេរិក​ឲ្យ​ជួយ​ពិនិត្យ​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស និង​ភាព​មនុស្សធម៌​។​



​ក្រោយ​ជំនួប​រវាង​លោក  Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ជាមួយ​លោក ប្រាក់ សុខុន លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​ពិភាក្សា​រៀបចំ​សើរើ​មាត្រា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ប្រព្រឹត្ត​បទល្មើស​ខុសឆ្គង​នៅ​អាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ គឺ​ការគោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយ​នៅ​ថ្ងៃទី​២៥ ខែមេសា​នេះ​ថា កម្ពុជា​បានស្នើ​អាមេរិក​ផ្អាក​បណ្តោះអាសន្ន​សិន ព្រោះ​កម្ពុជា​ត្រូវការ​ពេលវេលា​ពិភាក្សា​ជាមួយ​អាមេរិក​អំពី​ការអនុវត្ត MOU កន្លងមក​។ «​ពួកគេ (​ពលរដ្ឋ​ខ្មែរ​)​ដូច​ទទួល​ទណ្ឌកម្ម​ពីរដង គឺ​ជាប់ពន្ធនាគារ និង​ការបញ្ជូន​ខ្លួន​មក​កម្ពុជា​ដែល​ខ្លួន​មិន​ធ្លាប់ បាន​ស្គាល់ អ្នកខ្លះ​មិនចេះ​ភាសា​ខ្មែរ និង​ពិបាក​រកស៊ី​ចិញ្ចឹម​ជិ​វីត​»​។ អ្នកនាំពាក្យ​បញ្ជាក់​ពី​គោលបំណង​កម្ពុជា​ដែល​ចង់​ឲ្យ​អាមេរិក​គោរព​លើ​គោលការណ៍​មនុស្សធម៌ និង​មេត្តាករុណា ចំពោះ​ជនជាតិខ្មែរ​ដែល​ជាប់ទោស​នៅ​អាមេរិក​។

​លោក​ពុំទាន់​អាច​ឆ្លើយ​ពី​ការសើរើ​ស​កិច្ចព្រមព្រៀង​លម្អិត​នោះទេ ស្របពេល​ក្រសួង និង​ស្ថានទូត​អាមេរិក​កំពុង​ជជែក​គ្នា​ពី​ការធ្វើ​វិសោធនកម្ម​។ ហើយ​លោក​ពុំទាន់​ដឹង​ការ​បរិច្ឆេទ​បញ្ចប់​ការតាក់តែង​កិច្ចព្រមព្រៀង​ថ្មី​នេះដែរ ដោយ​លោក​គ្រាន់តែ​ថា កិច្ចព្រមព្រៀង​រវាង​ក​ម្ពុ​ជា និង​សហរដ្ឋអាមេរិក ស្តីពី​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​មកកាន់​មាតុប្រទេស​វិញ​នោះ នឹងមិន​បញ្ឈប់​ទាំងស្រុង​នោះទេ​។​

​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ តាំងពី​ឆ្នាំ​២០០២​មកម្ល៉េះ​។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស គិត​ចាប់តាំងពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦​កន្លងទៅ អាមេរិក​បាន​បញ្ជូន​ព​ល​រដ្ឋ​កម្ពុជា​ចំនួន  ៥៤៩​នាក់មក​កម្ពុជា​វិញ ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កម្ពុជា ត្រៀម​ទទួលយក​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៦​នាក់​វិញ ស្រប​ពេលដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំណត់​គោលនយោបាយ​រឹតបន្តឹង​ជនបរទេស​ដែល​រស់នៅ​អាមេរិក​៕

Tag:
 ប្រាក់ ស​ខុន​
  Patrick Murphy
  ជុំ សុន្ទរី​
  ការបរទេស​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com