សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាមេរិក៖ ខោខូវប៊យម៉ូដប្រឡាក់ភក់ដាក់លក់ក្នុងតម្លៃ៤២៥ដុល្លារ
× ហាងលក់សម្លៀកបំពាក់ដ៏ធំរបស់សហរដ្ឋអាមេរិក Nordstrom បានដាក់ខោខូវប៊យម៉ូដប្រឡាក់ភក់ ក្នុងតម្លៃរហូតដល់ទៅ៤២៥ដុល្លារអាមេរិក។ ខោម៉ូដ Barracuda Straight Leg នេះ ជាផលិតផលរបស់ក្រុមហ៊ុន PRPS ដ៏ល្បីល្បាញលើពិភពលោក។
ហាងលក់សម្លៀកបំពាក់ Nordstrom បានពិពណ៌នាថា ខោម៉ូដប្រឡាក់ភក់ Barracuda Straight Leg នេះ បង្ហាញពីសកម្មភាពការងារដ៏ហ្មត់ចត់របស់ពលរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានលើកឡើងថា អ្នកដែលស្លៀកខោបែបនេះ មិនមានអារម្មណ៍ភ័យខ្លាចក្នុងការធ្លាក់ចុះ ឬស្ថិតក្នុងស្ថានភាពកខ្វក់នោះឡើយ។
ផ្ទុយទៅវិញ អតិថិជនដែលចូលចិត្តទិញទំនិញតាមអ៊ីនធ័រណិត មានការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានឃើញខោម៉ូដដ៏គគ្រិចមួយនេះ បែរជាត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ៤២៥ដុល្លារអាមេរិក។ អ្នកខ្លះបានសរសេរចំអកថា ពួកគេមានខោដែលប្រឡាក់ភក់ពិតៗ ហើយដាក់ក្នុងតម្លៃថោកសមរម្យ និងអាចពិភាក្សាបញ្ចុះតម្លៃបន្ថែមទៀត។
លោក Mike Row អ្នកកាន់កម្មវិធីទូរទស្សន៍ម្នាក់បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ខោបែបនេះមិនមែនជាម៉ូដនោះឡើយ ប៉ុន្តែវាជាការក្លែងបន្លំសម្រាប់ពួកអ្នកមាន ដែលគិតថា ការងារគឺជារឿងកំប្លែងមួយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com