ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​កាន់អំណាច​នឹង​ចាយ​ច្រើនជាង​បក្សប្រឆាំង​លើ​ការងារ​សង្កេត​ការបោះឆ្នោត​
01, May 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ បក្សប្រឆាំង គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ២០​ម៉ឺន​ដុល្លារ ទៅដល់​អ្នកសង្កេតការ​បោះឆ្នោត​។ ចំណែកឯ បក្ស​កាន់អំណាច មិនទាន់​កំណត់​ឲ្យ​ជាក់លាក់​នោះទេ ថា​នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត​។ ប៉ុន្តែ បក្ស​កាន់អំណាច ហ៊ាន​អះអាង​ជាមុន​ថា ការចំណាយ​ថវិកា សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត នឹងមិន​ឲ្យ​តិចជាង​បក្សប្រឆាំង ឡើយ​។



​ក្នុងអំឡុង​នៃ​ដំណើរ​បំពេញបេសកកម្ម​របស់​ខ្លួន នៅឯ​សហរដ្ឋអាមេរិក អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ច្រើន អំពី​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ​។ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ ឯកឧត្តម កឹម សុខា បានលើកឡើង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​សហរដ្ឋ​មេ​រិ​ក ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ពង្រាយ​អ្នកសង្កេតការ​បោះឆ្នោត ជាង​៤​ម៉ឺន​នាក់ នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង​២​ម៉ឺន នៅ​ទូទាំងប្រទេស​។ បើតាម ឯកឧត្តម កឹម សុខា ដដែល គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​អ្នកសង្កេតការ​បោះឆ្នោត​២​នាក់ ក្នុង​ការិយាល័យ​បោះឆ្នោត​១​។

​ឯកឧត្តម កឹម សុខា បន្តថា ការរៀបចំ​អ្នកសង្កេតកា​របោះ​ឆ្នោត​នៅ​ទូទាំងប្រទេស​នេះ នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា ២០​ម៉ឺន​ដុល្លារ​។ ឯកឧត្តម កឹម សុខា បន្ថែមទៀតថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្តល់​ថវិកា​ចំនួន​៥​ដុល្លារ ដល់​អ្នកសង្កេតការ​បោះ​ឆ្នោត ១​នាក់ ដើម្បី​ចាយវាយ​ទៅ​ការធ្វើដំណើរ​និង​អាហារ ក្នុង​ថ្ងៃ​បោះឆ្នោត​។

​ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់ថា ការដាក់​អ្នកសង្កេតការ​បោះឆ្នោត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​ការពារ​សន្លឹក​ឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ប្រធាន​បក្សប្រឆាំង​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ឲ្យ​បងប្អូន​ទាំងអស់​នៅទីនេះ (​សហរដ្ឋអាមេរិក​) មេត្តា​ចាប់អារម្មណ៍​រឿង​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៧​។ ហើយ​សូម​បងប្អូន ចូលរួមចំណែក​ក្នុងការ​ការពារ​សន្លឹក​ឆ្នោត​យើង​។ […..] សូម​បងប្អូន ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​បងប្អូន មិនអាច​ទៅ​បោះឆ្នោត​បានទេ បងប្អូន អាចទាក់ទង​សាច់ញាតិ​ក្នុងប្រទេស​កម្ពុជា (​ឲ្យ​ជួយ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ)​»​។

​ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹងដាក់​អ្នកសង្កេតការ​បោះឆ្នោត​ប្រមាណ​ជាង ៤​ម៉ឺន​នាក់​ដែរ ពោលគឺ ស្មើនឹង​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើតាម​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក សុខ ឥសាន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏មាន​កញ្ចប់​ថវិកា  សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត ផងដែរ​។ យ៉ាងណា លោក មិនទាន់​អាច​បញ្ជាក់​បានទេ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត​។

​អ្វីដែល​លោក សុខ ឥសាន អាច​បញ្ជាក់បាន​នោះ គឺ​គណបក្ស​ប្រជា​កម្ពុជា នឹង​ចំណាយ​ថវិកា​ច្រើនជាង​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង តែងតែ​ដាក់​អ្នក​ស​ង្កេ​ការបោះឆ្នោត​ជា​រៀងរាល់​អាណត្តិ​។ ដូច្នេះ វា ជា​រឿង​ធម្មតា​ទេ ដែល​យើង​ត្រូវដាក់​អ្នកសង្កេតការ​បោះឆ្នោត និង​ត្រូវ​គិតគូរ​ពី​ចំណាយ​។ គ្រាន់តែ​ឥឡូវ​ហ្នឹង ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​កំណត់ថា ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត​។ តែ​យើង នឹងមិន​ឲ្យ​ចាញ់​គូរ​ប្រជែង​របស់​យើង​ទេ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន មាន​អ្នក​ស​ង្កេ​ការបោះឆ្នោត ជាង​២​ម៉ឺន​នាក់​ហើយ​។ លោក អះអាងថា អ្នកសង្កេតការ​បោះឆ្នោត​ទាំងនោះ គឺ​មកពី​បណ្តា​អង្គការ​ជាតិ​ចំនួន​៨ និង​អង្គការ​អន្តរជាតិ​ចំនួន​៤ ដែល​បាន​ដាក់សំណើ​ទៅកាន់​គ​.​ជ​.​ប កាលពីពេល​កន្លងមក​។

​ប៉ុន្តែ លោក ហង្ស ពុទ្ធា បញ្ជាក់ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​គណបក្សនយោបាយ​ណាមួយ បាន​ដាក់សំណើ​ផ្លូវការ ទៅកាន់​គ​.​ជ​.​ប ដើម្បី​សុំ​ធ្វើជា​អ្នកសង្កេតការ​បោះឆ្នោត នោះទេ​។ លោក សន្និដ្ឋាន ការ​យឺត​យ៉ាងនេះ គឺ​ទំនងជា​គណបក្ស​ទាំងនោះ មិនទាន់​រៀបចំ​ឯកសារ​របស់ខ្លួន​រួចរាល់ ដើម្បី​ដាក់​ទៅកាន់ គ​.​ជ​.​ប​។  

​សូមបញ្ជាក់ថា គណបក្សនយោបាយ​ចំនួន​១២ បាន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នៅ​អាណត្តិ​ទី​៤ នេះ​។ ចំណែកឯ ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ត្រៀម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ជិត ៨លាន​នាក់​៕



Tag:
 បោះឆ្នោត​
  អ្នកសង្កេតការ​បោះឆ្នោត​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com