ជាតិ
RFA ៖«​លោក ជុន ច័ន្ទ​បុត្រ នឹងមិន​វិល​មក​កម្ពុជា​វិញ​ឡើយ​»
02, May 2017 , 11:32 am        
រូបភាព
​ភ្នំពេញ​៖ វិទ្យុ​អាស៊ីសេរី (RFA) អះអាងថា លោក ជុន ច័ន្ទ​បុត្រ នឹងមិន​វិល​មក​ប្រទេស​កម្ពុជា​វិញ នោះទេ​។ ការអះអាង​របស់​វិទ្យុ​អាស៊ីសេរី​​ គឺ​ស្របពេលដែល​តុលាការ កោះហៅ​លោក ជុន ច័ន្ទ​បុត្រ ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​អង្គារ​នេះ​។



«​នាយករង​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នឹងមិន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទេ បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​នេះ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​»​។ នេះបើតាម​សេចក្តីថ្លែងការណ៍​ជា​លើក​ទី​២ របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៧​។

សេចក្តីថ្លែងការណ៍​នេះ ចេញផ្សាយ​ចំ​ថ្ងៃដែល​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កំណត់​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ចូល​បំភ្លឺជុំវិញ​ដំណើររឿង​ដែល​លោក បាន​ចូល​ជួប​មន្ត្រី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​។

​យ៉ាងណាក៏ដោយ វិទ្យុ​អាស៊ីសេរី មិនបាន​បញ្ជាក់​​​ទេថា តើលោក ជុន ច័ន្ទ​បុត្រ នឹងមិន​ត្រឡប់មក​កម្ពុជាជា​រៀងរហូត ឬក៏​អាច​ត្រឡប់មក​កម្ពុជា​វិញ ក្នុងពេល​ក្តីក្តាំ​នៅ​តុលាការ ស្ងប់ស្ងាត់​នោះទេ​។

​ការ​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​គេចចេញ​ពី​ការចូល​បំភ្លឺ​ក្នុង​តុលាការ ត្រូវបាន​វិទ្យុ​អាស៊ីសេរី បកស្រាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា អាជ្ញាធរ ហាក់​មានបំណង​យក​ករណីលោក ជុន ច័ន្ទ​បុត្រ ធ្វើជា​រឿង​នយោបាយ ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​។ ព្រោះតែ​ការយល់​ឃើញបែបនេះ វិទ្យុ​អាស៊ីសេរី ក៏​ព្រួយបារម្ភ​ថា សុវត្ថិភាព​របស់លោក ជុន ច័ន្ទ​បុត្រ នៅក្នុង​ប្រទេស​កម្ពុជា មិនអាច​ធានា​បានឡើយ​។ 

​ជាងនេះទៀត វិទ្យុ​អាស៊ីសេរី ​ពុំ​ជឿជាក់ឡើយថា តុលាការ នឹង​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ចំពោះ​ករណី​របស់លោក ជុន ច័ន្ទ​បុត្រ​។ ដោយ​ផ្អែកលើ​ហេតុផល​ទាំងនេះ វិទ្យុ​អាស៊ីសេរី ក៏បាន​អះអាង​ដូច្នេះ​ថា​៖«​អាស៊ីសេរី មិន​ចង់​ឲ្យ​លោក ហួត វុទ្ធី ស្ថិតក្នុង​ស្ថានភាព​ប្រថុយ​គ្រោះថ្នាក់ និងមិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​ក្រុមការងារ​អាស៊ីសេរី ក្នុង​ការបន្ត​ផ្តល់ព័ត៌មាន​ពិស្តារ និង ឥត​លម្អៀង ស្តីពី​ការបោះឆ្នោត​ដ៏​មាន​សារសំខាន់​នេះឡើយ​។ អាស៊ីសេរី នៅតែ​ប្រកាន់​ជំហរ​ថា លោក ហួត វុទ្ធី មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​ទាំងអស់​»​។

​កន្លងមក វិទ្យុ​អាស៊ីសេរី ធ្លាប់​បានចេញ​សេចក្តីថ្លែងការណ៍​ម្តង​រួចទៅហើយ ជុំវិញ​ករណី​របស់លោក ជុន ច័ន្ទ​បុត្រ​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ដើម្បី​សុំ​ការឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើ នោះទេ​។ ចំណែកឯ​អ្នកនាំពាក្យ​នៃ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មិនទាន់​បកស្រាយ​អ្វី​ដែរ ជុំវិញ​ករណី​លោក ជុន ច័ន្ទ​បុត្រ ដែល​មិន​ព្រម​ចូល​បំភ្លឺ​តាម​ដីកាកោះ​។​

​ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​នេះ លោក ឌុល វិបុល មេធាវី​របស់លោក ជុន ច័ន្ទ​បុត្រ បាន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជួប​ព្រះរាជអាជ្ញា​។ លោក​មេធាវី ឌុល វិបុល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​យក​ឯកសារ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ ឲ្យ​ព្រះរាជអាជ្ញា​។

​មួយវិញទៀត លោក​មេធាវី​រូបនេះ ក៏បាន​ជម្រាប​ដល់​ព្រះរាជអាជ្ញា​ផងដែរ​ថា លោក ជុន ច័ន្ទ​បុត្រ មិនអាច​ចូល​បំភ្លឺ​តាម​ដីកា​​ទេ នៅពេលនេះ​។ យ៉ាងណា លោក​មេធាវី មិនអាច​បញ្ជាក់​នោះទេ ថា​មូល​ហេតុអ្វី ដែល​លោក ជុន ច័ន្ទ​បុត្រ មិន​ព្រម​ចូល​បំភ្លឺ​តាម​ដីកាកោះ​។

​លោក និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​មក​តុលាការ​ថ្ងៃនេះ គឺ​ដើម្បី​ជម្រាប​ព្រះរាជអាជ្ញា​ថា លោក ជុន ច័ន្ទ​បុត្រ មិនបាន​ចូល​បំភ្លឺ​ទេ​។ ខ្ញុំ​គ្រាន់តែ​ជម្រាប​អ៊ីចឹង​។ តែ​មូលហេតុ ដែល​គាត់​មិន​ចូល​បំភ្លឺ ខ្ញុំ​មិនអាច​ជម្រាប​បានទេ ពីព្រោះ​វាជារឿង​ផ្ទាល់ខ្លួន​របស់គាត់​»​។

​សមត្ថកិច្ច និង​តុលាការ យល់ថា លោក ជុន ច័ន្ទ​បុត្រ បាន​បន្លំ​ខ្លួន​ទាំង​ខុសច្បាប់ ​ចូលទៅ​ជួប​មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​។ ព្រះរាជអាជ្ញា បានចាត់ទុក​លោក ជុន ច័ន្ទ​បុត្រ ថា ជា​ជនសង្ស័យ​ក្នុង​ដំណើររឿង «​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ព​ន្ធនា​គារ​»​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី ជា​អ្នក នាំ​លោក ជុន ច័ន្ទ​បុត្រ ទៅជា​មួយ ពេល​ចូល​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ក្នុង​ព​ន្ធនា​គារ​ព្រៃ​ស​។ តំណាងរាស្ត្រ​ទាំងពីរ​រូបនេះ បាន​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា​រួចហើយ ជុំវិញ​ដំណើររឿង​ខាងលើ​។ ក្រោយ​ចូល​បំភ្លឺ ពួកគាត់​ទាំងពីរ មិន​ត្រូវបាន​ចោទប្រកាន់​នោះទេ​៕


Tag:
 ជុន ច័ន្ទ​បុត្រ​
  វិទ្យុ​អាស៊ីសេរី​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com