ជាតិ
សិល្បះ
ការសម្តែង​របាំ​ចម្រុះ​រឿង «​ពិណ​បញ្ចពណ៌​» ដែលមាន​នៅតាម​ជញ្ជាំង​ប្រាសាទ​
02, May 2017 , 7:39 pm        
រូបភាព
ដោយ:
​អង្គការ​សិល្បៈ​ខ្មែ​អមត សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដើម្បី​រៀបចំ​ការសម្តែង​របាំ​ចម្រុះ​រឿង «​ពិណ​បញ្ចពណ៌​» នៅ​សារមន្ទីរ​ជាតិ នា​ថ្ងៃទី ០៧ ខែឧសភា ពី​ម៉ោង ៦ :៣០ ដល់​ម៉ោង ៧: ៣០ នាទី​យប់​។​



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ គោលបំណង​នៃ​ការបង្កើត​ការសម្តែង​នេះ​ឡើង ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត​នៃ​សិល្បៈ​ខ្មែរ ក៍​ដូចជា​បង្កើត​ឱ​កា​សម្រាប់​ឲ្យ​ទស្សនិកជន ជាពិសេស​អ្នកជំនាន់ក្រោយ​បាន​ឈ្វេងយល់ និង​ទទួល​នូវ​បទពិសោធន៍​តាមរយៈ​ផ្ទាំងទស្សនីយភាព​នេះ ហើយ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​ខ្មែរ​ទាំងអស់គ្នា​។ ជាមួយគ្នានេះ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក៏​ចង់បង្ហាញ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្គាល់​ពី​ឧបករណ៍​ពិណ និង​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ​មួយចំនួនទៀត ដែល​ប្រជាជន​តែងតែ​បានឃើញ​នៅតាម​ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទ​។

​សាស្ត្រាចារ្យ ហង្ស រឹទ្ធី​រ៉ាវុធ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​តូរ្យតន្ត្រី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​លើកឡើងថា រឿង «​ពិណ​បញ្ចពណ៌​»  សាស្ត្រាចារ្យ​មួយក្រុម បាន​ចំណាយពេល​ចងក្រង​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ដោយយោង​ទៅ​ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទបាយ័ន ហើយ​ឈុត​ឆាក​ខ្លះ​នៃ​សាច់រឿង​ក៍បាន​ដកស្រង់​ចេញពី​រឿង​កូរ​សមុទ្រ​ទឹកដោះ​ផងដែរ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖«​នេះ​ជា​ខ្សែ​រឿង​មួយ​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ប្រវត្តិសាស្ត្រ​នៃ​ភាពស្រស់ស្អាត​របស់​ប្រទេស​កម្ពុជា​។ សិល្បករ​សុទ្ធតែជា​អ្នក​ដែលមាន​ទេពកោសល្យ និង​កំពុង​ស្វែងរក​ឱកាស​ដើម្បី​អភិវឌ្ឍ ហើយក៍​មានការ​ចូលរួម​ពី​សំណាក់​សាស្ត្រាចារ្យ​សិល្បៈ​ជាច្រើនរូប​ទៀតផង​ដែរ​»​។

​បើតាម​អង្គការ​ខាងលើ ការសម្តែង​នេះ ធ្លាប់​សម្តែង​រួម​មកហើយ​នៅ​ដ្ឋ​អាមេរិក និង​នៅ​សាល​មហោស្រព​ចតុមុខ ហើយ​ចំណុច​ពិសេស​នៃ​ការសម្តែង​នៅ​ឆាក​សារមន្ទីរ​ជាតិ​នៅ​ថ្ងៃទី ៧ ខែឧសភា​វិញ នឹងមាន​ការបញ្ចូល​ទាំង​បច្ចេកទេស​សៀក ក្បាច់គុណ របាំ និង​អមដោយ​សាច់ភ្លេង និពន្ធ​ថ្មី​មួយចំនួន​ផងដែរ​។ សម្រាប់​សំបុត្រ ចូលរួម​ទស្សនា​មានតម្លៃ​១២០០០​រៀល​៕

Tag:
 ពិន​បញ្ចពណ៌​
  សិល្បៈ​
 ​ អង្គការ​សិល្បៈ​ខ្មែ​អមត
© រក្សាសិទ្ធិដោយ thmeythmey.com