អន្តរជាតិ
ស៊ូ​ជី​ប្រាប់​អឺរ៉ុប​ថា មី​យ៉ាន់​ម៉ា​មិន​ទទួល​ការស៊ើបអង្កេត​អំពើហិង្សា​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ាប​ង្កើ​ត​ដោយ UN ទេ
03, May 2017 , 3:58 pm        
រូបភាព
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី និងប្រមុខការទូតសហភាពអឺរ៉ុប Federica Mogherini (រូបភាព EPA)
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី និងប្រមុខការទូតសហភាពអឺរ៉ុប Federica Mogherini (រូបភាព EPA)
​មី​យ៉ាន់​ម៉ា និង​សហភាព​អឺរ៉ុប បាន​ខ្វែងគំនិត​គ្នា​លើ​ការស្វែងរក​ការពិត​ពាក់ព័ន្ធ​ករណី​អំពើហិង្សា​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ដែល​បង្កើត​ដោយ​អង្គការសហប្រជាជាតិ​។ សហភាព​អឺរ៉ុប បាន​គាំទ្រ​គំនិត​នេះ ដោយ​សម្អាង​ហេតុផល​ថា​ជា​ការរក​ជម្រះ​ភាពមិនច្បាស់លាស់​ទាំងឡាយ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​រង​ការចោទប្រកាន់​នាពេល​កន្លងមក​។ ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ក៏​ប្រកាស​វិញ​ដែរ​ថា មី​យ៉ាន់​ម៉ា មិន​ត្រូវការ​បេសកកម្ម​ស្វែងរក​ការពិត​អ្វី​ឡើយ​។​



​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២ ខែឧសភា បានប្រកាស​ជា​សាធារណៈ គាំទ្រ​បេសកកម្ម​អន្តរជាតិ​ដែល​បង្កើតឡើង​ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​លើ​ជន​មូស្លីម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា បង្កដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​។ បេសកកម្ម​អន្តរជាតិ​នេះ ស្នើ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ក៏បាន​បដិសេធ​រួច​ម្ដង​ដែរ​ហើយ ដោយ​លើកឡើងថា មី​យ៉ាន់​ម៉ា​ក៏មាន​គណៈកម្មការ​ស៊ើបអង្កេត​រួចហើយ​។​

​ចំពោះមុខ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស​អឺរ៉ុប Federica Mogherini និយាយថា ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN នឹង​ជួយ​ជម្រះ​មន្ទិលសង្ស័យ​លើ​យោធា​មី​យ៉ាន់​ម៉ា ដែល​រង​ការ​ចោទថា​បានសម្លាប់ ធ្វើ​ទារុណកម្ម និង​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាង​រត់ចោល​ផ្ទះសម្បែង​រប​ស់​ខ្លួន​។ តាមរយៈ​ដំណោះស្រាយ​នេះ បេសកកម្ម​អន្តរជាតិ​មួយក្រុម នឹងត្រូវ​បញ្ជូនទៅ​មី​យ៉ាន់​ម៉ា ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។​

​យ៉ាងណាក្ដី លោកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ដែរនោះ នៅតែ​ប្រកាន់​ជំហរ​របស់​ប្រទេស​លោកស្រី​ក្នុងការ​ជំទាស់​វត្តមាន​របស់​អន្តរជាតិ​មក​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ហិង្សា​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ បើតាម​សារព័ត៌មាន The Irrawaddy លោកស្រី ស៊ូ​ជី បាន​ប្រាប់​សម​ភាគី​សហភាព​អឺរ៉ុប​ថា មី​យ៉ាន់​ម៉ា មិនមាន​ជាប់​ពាក់ព័ន្ធ​ដំណោះស្រាយ​ខាងលើ​ឡើយ ព្រោះ​វា​មិន​សម​នឹង​អ្វីដែល​កើតឡើង​ឡើយ​។​

​ទន្ទឹមគ្នា​នឹង​ការទាត់ចោល​នេះ លោកស្រី ស៊ូ​ជី ប្រកាស​ដែរ​ថា មី​យ៉ាន់​ម៉ា នឹង​ទទួល​យកតែ​អនុសាសន៍​ផ្ដល់​ដោយ​គណៈកម្មការ​ផ្ដល់​ប្រឹក្សា​ដែល​ដឹកនាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប​ប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) ប៉ុណ្ណោះ​។ សម្រាប់​លោកស្រី ស៊ូ​ជី មតិយោបល់​ក្រៅពី​អ្វីដែល​ដោយ​គណៈកម្មការ​នេះ អាច​បង្ក​ការបែងចែក​បាន ព្រោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត អាច​ខុសគ្នា បើ​ធ្វើឡើង​ដោយ​ស្ថាប័ន​ផ្សេងគ្នា​នោះ​។​

​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​របស់​យោធា​មី​យ៉ាន់​ម៉ា ធ្វើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាក់មុខ​យ៉ាងខ្លាំង​លើ​អន្តរជាតិ​។ ក្រោម​ហេតុផល​ស្វែងរក​ឧក្រិដ្ឋជន​សម្លាប់​ប៉ូលិស​ព្រំដែន​កាលពី​ខែតុលា កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា បាន​បើក​ប្រតិបត្តិការ​បោសសម្អាត​នៅ​រដ្ឋ Rakhine ដែល​សម្បូរ​ដោយ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ យោធា​មី​យ៉ាន់​ម៉ា​បានសម្លាប់ ធ្វើបាប និង​ចាប់ខ្លួន​ជនភាគតិច​នេះ​រាប់រយ​នាក់ ខណៈ​រាប់ម៉ឺន​នាក់​ទៀត​ត្រូវ​រត់​ភៀសខ្លួន​។ ទង្វើ​នេះ ធ្វើ​ឲ្យ​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​យ៉ាងខ្លាំង​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com