ជាតិ
លោក ប៉ា សុជាតិ​វង្ស ថា លោក​មិនបាន​បំផ្លាញ​សន្លឹកឆ្នោត​បក្ស​ប្រជាជន
07, May 2017 , 2:07 pm        
រូបភាព
ដោយ:
 
​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ឆ្លើយតប​នឹង​អ្នក​រិះគន់​ខ្លួន​ថា រូបលោក​មិនបាន​បំផ្លាញ​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជ​កម្ពុជា​នោះទេ​។ ការបកស្រាយ​របស់លោក​អភិបាល​រាជធានី ធ្វើឡើង​បន្ទាប់​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ខ្លះ ជាពិសេស​ពី​ប្អូនស្រី​របស់​សម្តេច ហ៊ុន សែន ជុំវិញ​បំណង​របស់លោក សុជាតិ​វង្ស ចង់​ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត​ដាក់​ទីតាំងនៅ​ជាយក្រុង​។​


«​បើ​យើង​ធ្វើ​ដើម្បី​តែ​បំផ្លាញ​សន្លឹកឆ្នោត​បក្ស យើង​ខំ​ធ្វើ ធ្វើ​អ្វី​»​។ នេះ​ជាការ​បកស្រាយ​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស ប្រាប់​​សារព័ត៌មាន​ថ្មីៗ ដើម្បី​ឆ្លើយតប​នឹង​អ្នក​ដែល​មិន​សប្បាយ​ចិត្តនឹង​ការលើកឡើង​របស់លោក​។ លោក សុជាតិ​វង្ស បន្ត​លើកឡើងថា អ្នក​ដែល​រិះគន់​លោក​ជុំវិញ​បំណង​របស់​សាលា​រាជធានី​ចង់​ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​នៅ​ជាង​ក្រុង​នោះ គ្មាន​ហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ លោក បញ្ជាក់​ពី​ប្រសាសន៍​របស់លោក ដែល​បានលើកឡើង​កាលពី​ថ្ងៃទី ៦ ឧសភា ក្នុងពេលដែល​លោក​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ ដូច្នេះ​ថា​៖«​អ្នក​និយាយ​ទេ ដែល​មិន​ត្រឹមត្រូវ មិនមាន​មូលហេតុ​ច្បាស់លាស់​។ យើង​គ្មាន​ចាត់វិធានការ​អ្វី​ទេ ខ្ញុំ​គ្រាន់តែ​អំពាវនាវ​ឲ្យ​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ គួរ​ទៅធ្វើ​នៅ​ជាង​ក្រុង​ទេតើ​»​។ លោក​អភិបាល​អំពាវនាវ​បែបនេះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​
 
​នៅពេល​សារព័ត៌មាន​ថ្មីៗ​ថា សួរថា អ្នក​ដែល​រិះគន់​លោក​នោះ​មិន​តែ​ប្រជាពលរដ្ឋ​ធម្មតា​ទេ តែ​ក៏មាន​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​របស់​នាយករដ្ឋមន្ត្រី បាន​រិះគន់​លោក​ដែរ ដោយ​លោកស្រី បានចាត់ទុក​ការលើកឡើង​របស់លោក​កំពុង​ហែក​សន្លឹកឆ្នោត ឬ​បំផ្លាញ​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​។ តើ​លោក​បកស្រាយ​យ៉ាងណា​? លោក សុជាតិ​វង្ស ដែលមាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ និយាយ​យ៉ាងខ្លី​ដោយ​មិន​សំដៅ​ឈ្មោះនរណា​មួយ​បែបនេះ​ថា​៖« អ្នក​ដែលថា យើង​បំផ្លាញ​សន្លឹកឆ្នោត​ទេ ដែល​ចង់​បំផ្លាញ​សន្លឹកឆ្នោត​នោះ​»​។ តែ​ផ្ទុយទៅវិញ លោក សុជាតិ​វង្ស អះអាងថា  អ្វីដែល​លោក​ធ្វើ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៦ ឧសភា លោកស្រី ហ៊ុន ស៊ី​ណាត  បាន​ចូល Comment នឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ មាន​គណនី​ឈ្មោះ San Prum (ព្រំ សាន) ដែលឈ្មោះគណនីនេះ បានរិះគន់​លោក ប៉ា សុជាតិ​វង្ស ជុំវិញ​បញ្ហា​ខាងលើ​។ ពេលនោះ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ហ៊ុន ស៊ី​ណាត (Sinath Hun) បាន​ចូល​Comment រិះគន់​យ៉ាងនេះ​ថា​៖« ចៅហ្វាយក្រុង​និយាយ​ចេញមក ហែក​សន្លឹកឆ្នោត​រហូត​ហើយ មិនដឹង​ថ្នាក់លើ​គិត​ម៉េច​ទេ បែបៗ​នេះ រាង​បែកៗ អ៊ីចឹង​នោះ​»​។​
 
 
​ការចូល Comment របស់លោក​ស្រី ហ៊ុន ស៊ី​ណាត ត្រូវបាន​សារព័ត៌មាន Swiftnews យកមក​ចុះផ្សាយ​បន្ត​។ ប្អូនស្រី​របស់​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន រូបនេះ ក៏បាន​បង្ហោះ​នៅលើ​ទំព័​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ទទួលស្គាល់​សម្តី​របស់លោក​ស្រី យ៉ាងនេះ​ថា​៖« សូម​អរគុណ​ចំពោះ​គេហ​ទំ​ពរ Swiftnewsdaily ដែល​បាន​ស្រង់​សម្តី​របស់ខ្ញុំ​ក្នុង Comment ពាក់​ព​ន្ធ័​ករណី​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា​សុជាតិ​វង្ស មាន​ចំណាត់ការ​ទៅលើ​យានដ្ឋាន និង ឃ្លាំង​ស្តុក​ទំនិញ​ចេញពី​ក្នុង​ក្រុង​អោយទៅ​នៅ​ជាយក្រុង​វិញ​»​។ លោកស្រី បន្ត​ដូច្នេះ​ទៀតថា​៖«​ចំពោះ​បញ្ហា​នេះ ខ្ញុំ​បាន​បញ្ចេញយោបល់​គឺ​ក្នុងន័យ​ស្ថាបនា និង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ការ​អភិបាលកិច្ច​របស់លោក​អភិបាល​រាជធានី​ដូច​ប្រជាពលរដ្ឋ​ដ៏ទៃទៀត​តែប៉ុណ្ណោះ មិនមែនជា​ការលើកឡើង ដើម្បី​គាបសង្កត់​ដោយ​ប្រើ​នូវ​សិទ្ធិ​ជា​ប្អូន​នាយករដ្ឋមន្ត្រី​នោះឡើយ​»​។ 
 

 
លោកស្រី ហ៊ុន ស៊ីណាត ក៏ធ្លាប់ត្រូវសាធារណជន​ចាប់អាម្មណ៍ផងដែរ កាលពីដើមឆ្នាំ ២០១៦  ដោយពេលនោះ លោកស្រីបានរិះគន់ច្បាប់ចរចរណ៍ថ្មីថា បង្កការលំបាកដល់ប្រជាពលរដ្ឋអ្នកអនុវត្ត។ ការរិះគន់​របស់​លោកស្រី​អតី​ត​អនុ​រដ្ឋលេខា​ធិការ​ក្រសួងទំនាក់​ទំនងព្រឹទ្ធសភា និងរដ្ឋសភារូបនេះ ក៏ទទួលប្រតិកម្មភ្លាមៗ​ពី​បង​ប្រុស​បង្កើត​របស់​លោកស្រី ដែលជានាយករដ្ឋមន្រ្តី។ ក្នុងពិធីសម្ពោធស្ពានអាកាស ៧ មករា កាលពីខែមករា ឆ្នាំ ២០១៦ សម្តេច ហ៊ុន សែន បានប្រកាសប្រាប់​ប្អូនខ្លួនថា មិនគួររិះគន់​បែបនេះឡើយ។ តែពេលនេះ លោកស្រី ស៊ីណាត លេចមុខម្តងទៀត ជាមួយនឹង​ការរិះគន់​អភិបាលរាជ​ធានី​ភ្នំពេញ។ 
 
កន្លង​មក​លោក ប៉ា សុជាតិវង្ស ធ្លាប់​ទទួលរង​ការ​រិះគន់​ជាបន្ត​បន្ទាប់ ទាក់​ទង់នឹង​ការលើកឡើងរបស់​លោកជុំវិញគម្រោង​ហាមមិន​ឲ្យនាំចូលរថយន្ត​ជជុះចូលមក​កម្ពុជា​ គម្រោងមិនឲ្យមានម៉ាស៊ីន​ ATM នៅតាមទីសាធារណៈ បើក្រុមហ៊ុនមិនដាក់សន្តិសុខការពារ និងបញ្ហាយានដ្ឋាន ជាដើមនេះ។ តែលោកអភិបាល ថ្លែងការពារថា អ្វីដែលលោកធ្វើមិនបានធ្វើឲ្យខូចប្រជាប្រិយ​ភាព​គណបក្ស​ប្រជាជនកម្ពុជា​នោះទេ៕




Tag:
 ប៉ា សុជាតិ​វង្ស​
  ហ៊ុន ស៊ី​ណាត
© រក្សាសិទ្ធិដោយ thmeythmey.com