អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ហ្វីលីពីន​ទទូច​ឲ្យ​ប្រជាជន​ស្ងប់​អារម្មណ៍ ក្រោយ​ករណី​បំផ្ទុះ​គ្រាប់បែក​ផ្ទួនៗ​សម្លាប់​មនុស្ស​២​នាក់​
07, May 2017 , 7:39 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
 
 
​រដ្ឋាភិបាល​ហ្វីលីពីន បាន​អំពាវនាវ​ឲ្យ​សាធារណជន​រក្សា​ការអត់ធ្មត់ និង​រក្សា​ការស្ងៀមស្ងាត់​ក្រោយពេល​ដែលមាន​ករណី​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​ផ្ទួនៗ​ដែល​សម្លាប់​មនុស្ស ២​នាក់​នៅ​រដ្ឋធានី​ម៉ានីល​។ ដើម្បី​ឲ្យ​ប្រជាជន​ស្ងប់ចិត្ត អាជ្ញាធរ​ហ្វីលីពីន បញ្ជាក់ថា​ករណី​បំផ្ទុះ​គ្រាប់​នេះ​មិនមែនជា​ករណី​ភេរវកម្ម​ឡើយ​។  

 
​គ្រាប់បែក​ពីរ​គ្រាប់​ត្រូវគេ​បំផ្ទុះ​កណ្តាល​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​យប់​ថ្ងៃ​សៅរ៍​ទី ៦​ខែឧសភា ដោយ​វា​បានសម្លាប់​មនុស្ស​ពីរ​នាក់​និង​បណ្តាល​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​ផ្សេងទៀត​រងរបួស​ថែមទៀត​។​
 
 យោងតាម​សារព័ត៌មាន Rappler ក្រោយពេល​មាន​ឧបទ្ទវ​ហេតុនេះ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីន​បន្ត​រក្សា​ការអត់ធ្មត់ និង​ស្ងប់​អារម្មណ៍​កុំ​មានការ​ភ័យខ្លាច​ឬ​តក់ស្លុត​។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី Ernesto Abella បាន​ថ្លែងថា​៖« យើង​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​ទាំងឡាយណា​ដែល​មិនមាន​ប្រភព​ត្រឹមត្រូវ​និង​គួរ​ឲ្យ​ទុកចិត្ត​ទៅកាន់​ប្រជាជន​ផ្សេងទៀត​ដែល​អាច​បង្ក​ឲ្យ​មានការ​ការតក់ស្លុត​ឬ​ភ័យខ្លាច​ទៀត​»​។​
 
​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​បន្តបន្ទាប់​គ្នា​នេះ វា​មានការ​សន្និដ្ឋាន​ជាបឋម​ថា វា​អាចជា​ករណី​ភេរវកម្ម​។ ប៉ុន្តែ​អាជ្ញាធរ​ហ្វី​លី​ពី​បាន​ទាត់ចោល​ការសន្និដ្ឋាន​នេះ ហើយ​អះអាងថា​វា​មិនមែនជា​ករណី​ភេរវកម្ម​ឡើយ​។ ប៉ូលិស​ហ្វីលីពីន​បាន​បកស្រាយ​ថា ការវាយប្រហារ​នេះ​មាន​គោលដៅ​ច្បាស់លាស់​មិនមែនជា​ករណី​ភេរវកម្ម​នោះឡើយ​។​
 
​ក្រៅពី​អំពាវនាវ​ឲ្យ​សាធារណជន​ហ្វីលីពីន​ស្ងប់​អារម្មណ៍ អ្នកនាំពាក្យ​ប្រធានាធិបតី​ខាងលើ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រាយការណ៍​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​នៅពេល​ខ្លួន​បានឃើញ​សកម្មភាព​ណាមួយ​គួរ​ឲ្យ​សង្ស័យ ហើយ​គ្រប់គ្នា​ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​។​
 
​ហ្វីលីពីន​រងគ្រោះ​កាន់តែខ្លាំង​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​រយៈពេល​ចុងក្រោយ​។ ថ្មីៗ​នេះ ក្នុងពេលដែល​ហ្វីលីពីន​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន វា​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​បំពង់​ដែរ ដែល​វា​បាន​បង្ក​ឲ្យ​មនុស្ស​ជាង​១០​នាក់​របួស​។ បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) បាន​ចេញមុខ​ប្រកាសថា ខ្លួន​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ប៉ុន្តែ​ប៉ូលិស​ហ្វីលីពីន បាន​ទាត់ចោល​ការប្រកាស​នេះ​ភ្លាមៗ​៕ 
 

Tag:
 ហ្វីលីពីន​
  Ernesto Abella
  Daesh
© រក្សាសិទ្ធិដោយ thmeythmey.com