ជាតិ
សម្ដេច ហ៊ុន សែន ប្ដេជ្ញា​ថែរក្សា​មន្ទី​ពេទ្យ​គន្ធបុប្ផា​មិន​ឲ្យ​ដួល​រំលំ ដោយសារ​អវត្តមាន​លោក Beat Richner ឡើយ​
08, May 2017 , 11:34 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ថែរក្សា​មន្ទី​ពេទ្យ​គន្ធបុប្ផា មិន​ឲ្យ​ដួល​រំលំ​ឡើយ បើទោះជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner ក្តី​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ​ស្រប​ពេលដែល​ស្ថាបនិក​មន្ទី​ពេទ្យ​គន្ធបុប្ផា​លោក Richner កំពុង​សម្រាក​ព្យាបាល​ជំងឺ​ខ្លួន នៅក្រៅ​ប្រទេស​។​



​ថ្លែង​ក្នុង​ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៤ នៅ​ថ្ងៃទី​៨ ឧសភា ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិនត្រូវ​ទុក​ឲ្យ​មន្ទី​ពេទ្យ​គន្ធបុប្ផា​ដួល​រំលំ ដោយសារ​អវត្តមាន​លោក Beat Richner នោះទេ​»។​

​សូម​ស្ដាប់​សំឡេង​៖




​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឆ្នឺ​រ ដែលកំពុងមាន​ជំងឺ​ជា​ទម្ងន់​នេះ បានប្រកាស​លាលែង​ពី​តំណែង​ជា​អ្នកគ្រប់គ្រង​មន្ទី​ពេទ្យ កាលពី​ថ្ងៃទី​២៨ មីនា កន្លងមក​។ លោក ភី​ត​ធឺរ ស្ទូ​ដឺរ ដែលជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​អ្នក​ជំនួស​តំណែង លោក  បេ​អាត រិច​ឆ្នឺ​រ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បេ​អាត រិច​ឆ្នឺ​រ​។​

​មូលនិធិ​គន្ធបុប្ផា និង​រដ្ឋាភិបាល​ស្វី​ស​តាមរយៈ​ភ្នាក់ងារ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​របស់​ស្វី​ស និង​សហការ​ជាមួយ​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ធ្វើការ​លើ​ចីរភាព​ហិរញ្ញវត្ថុ​រយៈពេល​វែង​រប​ស់​មន្ទីរពេទ្យ​នេះ​។ នេះ​ការបញ្ជាក់ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ ដែល​បន្តថា ដរាបណា​ការគាំទ្រ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ត្រូវបាន​ធានានោះ មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ពឹង​ផ្អែកលើ​ជំនួយ​សប្បុរសជន​យ៉ាងខ្លាំង​។ ថវិកា​ទាំងអស់ គឺមាន​សារៈសំខាន់​សម្រាប់​ការជួយ​ជីវិត​មនុស្ស​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៤​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​អស់​ចំនួន​៥៦៣​លាន​ដុល្លារ​ហើយ ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ​របស់​កម្ពុជា​។ ក្នុងចំណោម​ថវិកា​ទាំងអស់ មាន​៨៦,៤​ភាគរយ ជា​វិភាគទាន​សប្បុរសជន​ដែល​ភាគច្រើន​មកពី​ប្រជាជន​រស់នៅក្នុង​ប្រទេស​ស្វី​ស  ចំនួន​៤,៧​ភាគរយ បានមកពី​វិភាគទាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​៨,៩​ភាគរយ បានមកពី​ការចូលរួម​វិភាគទាន​របស់​រាជរដ្ឋាភិបាល​ស្វី​ស​។

​បើ​ផ្អែកលើ​របាយការណ៍​របស់​មន្ទីរពេទ្យ ក្នុង​រយៈពេល​២៤​ឆ្នាំ​មកនេះ មាន​កុមារ​ឈឺ​ចំនួន​១៤,៨៣៧,១៥៥ នាក់ ដែល​បានទទួល​ការពិនិត្យ ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ និង​កុមារ​ដែលមាន​ជំងឺ និង​របួសធ្ងន់ៗ មាន​ចំនួន​១,៥១៦,៤៧១​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បានជា​សះស្បើយ​នៅ មន្ទីរពេទ្យ​គន្ធបុប្ផា​។ របាយការណ៍​ដដែល​នោះ បន្តថា​៨០​ភាគរយ​នៃ​កុមារ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ​ទាំងនោះ នឹង​គ្មាន​សំណាងល្អ​ឡើយ​ប្រសិនបើ​មិនបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​ទេនោះ​។ សម្រាប់​ផ្នែក​សម្ភព​វិញ មាន​ស្ត្រី​ចំនួន​១៩២,៨៩៧​នាក់មក​សម្រាលកូន និង​មានការ​ពិនិត្យ តាមដាន​ផ្ទៃពោះ​ចំនួន ១,៣៩០,៣២៣​ដង នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​សម្ភព បច្ចុប្បន្ន មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​បាន​ចំណាយ​ថវិកា ចំនួន​១២​ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដល់ កុមារ​កម្ពុជា​៕


Tag:
 ហ៊ុន សែន​
  Beat Richner
 ​ គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com