ជាតិ
ភរិយា​លោក អ៊ឹម សំ​៖ ខ្ញុំ​ចង់ឃើញ​មុខ​ប្តី​ខ្ញុំ​ណាស់ គាត់​ខាន​ជួប​កូន​យូរហើយ​!
10, May 2017 , 3:48 pm        
រូបភាព
​សៀមរាប​៖ ក្រោយ​ឮដំណឹង​ពី​ការបាត់​បង់ជីវិត​ប្តី ភរិយា និង​ក្រុមគ្រួសារ​សព​លោក អ៊ឹម សំ  មាន​អារម្មណ៍​សោកសៅ និង​ស្ទើរ​មិន​ជឿ​​។ យ៉ាងណាក្តី រហូតមកដល់​ព្រឹក​ថ្ងៃទី​១០ ឧសភា គេ​សង្កេតឃើញថា​មិនទាន់មាន​ការរៀបចំ​ពិធី​សាសនា​អ្វី​នៅឡើយ ដោយ​ក្រុមគ្រួសារ​សព រង់ចាំ​សព​មកដល់​ផ្ទះ​សិន​។ ភរិយា​លោក អ៊ឹម សំ ទទូច​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើយ៉ាងណា យក​សាកសព​ប្តី​របស់ខ្លួន​មក​ទាំងមូល ដើម្បី​ឲ្យ​គាត់​បានឃើញ​មុខជា​ចុងក្រោយ​។​



«​ពេលឮ​ភ្លាម ខ្ញុំ​ធ្វើ​អ៊ី​អត់​កើត​ទេ អង្គុយ​នឹកឃើញ​តែ​មុខ​ប្តី​...​និយាយ​គ្នា​រាល់​តែ​ថ្ងៃ ទើបតែ​អត់​ថ្ងៃ​ចន្ទ​គាត់​ប្រាប់ថា អត់​បាន​និយាយ​ទេ គាត់​ត្រូវ​ផ្លាស់​ទៅ​ការដ្ឋាន​ថ្មី ហើយ​ថាបើ​មាន​សេវា ចាំ​គាត់​តេ​មក​...​និយាយ​រាល់ថ្ងៃ​មើលមុខ​កូន​រាល់ថ្ងៃ​»​។ នេះ​ជា​សំដី​របស់​អ្នកស្រី តាន់ ភា​រ័ត្ន ភរិយា​របស់លោក អ៊ឹម សំ ដែល​និយាយ​ទាំង​អួលដើមក និង​ហូរ​ទឹកភ្នែក​រហាម​។​



​អ្នកស្រី តាន់ ភា​រ័ត្ន មិនបាន​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន ថា​ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​អ្វីខ្លះ​នោះទេ គ្រាន់តែ​អ្នកស្រី​បញ្ជាក់ថា ចង់​ឲ្យ​បញ្ជូន​សាកសព​ប្តី​មក​ឲ្យ​ឆាប់ និង​ទាំងមូល ដោយ​ពុំមែន​ធាតុ​ឡើយ​។ អ្នកស្រី​បន្ថែមថា​៖« ខ្ញុំ​ចង់​ឲ្យ​គេ​យក​សព​ប្តី​ខ្ញុំ​មក​ទាំងមូល ខ្ញុំ​ចង់ឃើញ​មុខ​ប្តី​ខ្ញុំ​ណាស់​»​។

​តាម​ការរៀប​រាប់រប​ស់​ភរិយា​លោក អ៊ឹម សំ លោក​ធ្លាប់​តេ​ប្រាប់​ខ្លួន​ថា នឹង​បញ្ចប់​បេសកកម្ម​នៅ​អាហ្វ្រិក​ខាងកណ្តាលនៅ​ខែវិច្ឆិកា​ខាងមុខ​។ តែ​អ្នកស្រី​ថា​៖« ខ្ញុំ​ឲ្យ​គាត់​មកវិញ មេ​គាត់​ប្រាប់ថា​ឲ្យ​នៅ​ត តែ​ខ្ញុំ​ថា​អត់​ឲ្យ​នៅទេ ខ្ញុំ​ថា​ឲ្យ​គាត់​មកវិញ ឈប់​ឲ្យ​ទៅវិញ ឲ្យ​នៅ​ជាមួយ​កូន​សិន ព្រោះ​គាត់​មិនដែល​នៅ​ជាមួយ​កូន​យូរ​ទេ​»​។​



​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ជា​ប្រទេស​ចុងក្រោយ​ដែល​លោក អ៊ឹម សំ ទៅ​បំពេញបេសកកម្ម​ជា​ទាហាន​មួក​ខៀវ ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។ រយៈពេល​៦​ខែ​ហើយ ដែល​លោក​បាន​បំពេញការងារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​អស់​រយៈពេល​២​ឆ្នាំ​។​

​លោក អ៊ឹម សំ រៀបការ​ជាមួយ​អ្នកស្រី តាន់ ភា​រ័ត្ន នៅ​ឆ្នាំ​២០១៣ នៅ​ភូមិ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ សំ រិ​ទ្ធិ អាយុ​៣​ឆ្នាំ​។ តាម​ការរៀប​រាប់រប​ស់​ភរិយា តាំងពី​រៀបការ​មក លោក អ៊ឹម សំ ធ្លាប់​មកលេង​ផ្ទះ​តែ​៣​លើក​ប៉ុណ្ណោះ ហើយ​ពេល​កូន​កើត លោក​ជាប់​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​។ លើក​ទី​១​ដែល​លោក​មកលេង​ផ្ទះ គឺ​ពេល​កូន​អាយុ​៣​ខែ ទី​២ ពេល​កូន​អាយុ​៧​ខែ ទី​៣ កូន​អាយុ​ជាង​១​ខួប និង​ចុង​ក្រោយពេល​កូន​អាយុ​ជាង​២​ខួប​។​



«​ខ្ញុំ​អាណិតកូន​ណាស់ អត់​ដឹង​អ៊ី​ទេ ល្ងាច​មិញ (​ថ្ងៃទី​៩ ឧសភា​) ទារ​ខ្ញុំ​ឲ្យ​ចុច​ទៅ​ប៉ា ព្រោះ​ធ្លាប់តែ​ប៉ា​តេ​មក​ម៉ោង​៧»​។ នេះ​ជា​សំដី​អ្នកស្រី តាន់ ភា​រ័ត្ន​។​

​លោក អ៊ឹម សំ ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៤​នាក់ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។ លោក ជួន ជន់ ជា​ឪពុក​រម្លឹកថា កូន​របស់គាត់​រៀន​ត្រឹម​ថ្នាក់​ទី​៩ និង​បាន​ចូលធ្វើ​ទាហាន​ប្រមាណ​១០​ឆ្នាំ​មកហើយ ដែល​ដំបូង​ជា​ទាហាន​នៅ​ភូមិភាគ​៤​។ គាត់​បន្តថា​៖« កាល​ថ្ងៃអាទិត្យ​តេ​មក​សួរសុខទុក្ខ​ម្តាយ សួរថា​ឈឺ​ទៅ​ពេទ្យ​នោះ​ម៉េច​ហើយ និយាយ​គ្នា​ឡើងយូរ​។ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ណាស់ តែ​មិនដឹងថា​ម៉េច នេះ​ជា​គ្រោះថ្នាក់​ទៅហើយ​។ ការបាត់បង់​កូន​របស់ខ្ញុំ គឺជា​ការ​ពលី​ដើម្បី​ប្រទេសជាតិ​»



​តាម​ការរៀប​រាប់រប​ស់​អ្នកស្រី ឈឺ​ន ឈន់ ដែលជា​ម្តាយ លោក អ៊ឹម សំ អាយុ​៣៧​ឆ្នាំ គឺជា​កូន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ចិញ្ចឹម និង​តែង​ផ្ញើ​ថវិកា​ជួន​អ្នកស្រី​ជាប្រចាំ​។ អ្នកស្រី​ថា អត់​ពី​កូន​ទៅ ខ្លួន​មិនដឹង​រំពឹង​អ្វី​ទៀត​ទេ​។ អ្នកស្រី សុំ​ឲ្យ​រាជរដ្ឋាភិបាល​គិតគូរ និង​ជួយ​ចិញ្ចឹម​ចៅ (​សំ រិ​ទ្ធិ​) ឲ្យ​បាន​ធំធាត់ និង​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​នឹង​គេ​។​



​រហូតមកដល់​ព្រឹក​ថ្ងៃទី​១០ ឧសភា គ្រួសារ​លោក អ៊ឹម សំ មិនទាន់​ទទួលបាន​ព័ត៌មាន​ថ្មី​ថ្នាក់លើ​របស់​ប្តី​នៅឡើយ ប៉ុន្តែ​គ្រួសារ​កំពុង​រៀបចំ​ដី​មួយកន្លែង​ដើម្បី​រៀប​ធ្វើ​ផ្នូរ​។​

​គួររម្លឹកថា លោក​អនុសេនីយ៍ទោ អ៊ឹម សំ ជា​អ្នកបើកបរ ទទួលមរណភាព​ដោយសារ​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នាពេល​បំពេញបេសកកម្ម​ក្នុងនាម​ជា​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​នៅ​ថ្ងៃ​ចន្ទ​ទី ៨ ខែ ឧសភា ក្រុម​ឧទ្ទាម Anti-Balaka បាន​វាយប្រហារ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព MINUSCA ដែល​បណ្តាល​ឲ្យ​កងទ័ព​មួក​ខៀវ​ខ្មែរ​៤​នាក់​ស្លាប់ របួស​១​នាក់ រីឯ​ទ័ព​ម៉ា​រ៉ុ​ក បាត់​ខ្លួន​១​នាក់ និង​របួស​៧​នាក់​។ ជាមួយគ្នានេះ ភាគី​ខាង​ឧទ្ទាម ត្រូវបាន​រាយការណ៍​ថា ស្លាប់​៨​នាក់​។ លោក អ៊ឹម សំ ជា​ជនរងគ្រោះ​ដែល​បានទទួល​មរណភាព​ភ្លា​មៗ​នៅ​កន្លែងកើតហេតុ​៕





















Tag:
 UN
  អ៊ឹម សំ​
  កងទ័ព​មួក​ខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com