ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ កុំ​ចោទ​ខ្ញុំ​ថា​មាន​និន្នាការ​ក​ចិន​អី ចិន​មានគំនិត​ផ្តួចផ្តើម និង​សកម្មភាព​ពិតប្រាកដ​
11, May 2017 , 9:39 pm        
រូបភាព
សម្តេច ហ៊ុន នាវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅថ្ងៃទី ១១ខែឧសភា។ រូបថត ThmeyThmey
សម្តេច ហ៊ុន នាវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន នៅថ្ងៃទី ១១ខែឧសភា។ រូបថត ThmeyThmey
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច ហ៊ុន សែន បាន​ថ្លែង​សរសើរ​គំនិត​ផ្ដួ​ត​ផ្ដើម​នានា​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ដាក់ចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ សម្ដេច​បានចាត់ទុក​គំនិត​ផ្ដួចផ្ដើម​របស់​ចិន ដូចជា ខ្សែក្រវ៉ាត់​មួយ វិថី​មួយ និង​វិថី​សូត្រ​សមុទ្រ ក៏ដូចជា​ការបង្កើត​ធនាគារ AIIB និង​ធនាគារ BRICS ថា​បាន​ជួយ​ដល់​ប្រទេស​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គំនិត​ផ្ដួ​ត​ផ្ដើម​ទាំងនេះ​។ សម្ដេច​បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​សន្និសីទកាសែត​មួយ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន នៅ​ថ្ងៃទី ១១​ខែឧសភា​។​



«​ខ្ញុំ​ពិតជា​កោតសរសើរ​យ៉ាងខ្លាំង​ជាមួយនឹង​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ចិន ហើយ​និង​សកម្មភាព​ពិតប្រាកដ​របស់​ចិន​»​។ នេះ​ជា​លើកឡើង​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖




​មុននឹង​សម្ដេច​និយាយ​ពី​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ចិន សម្ដេច​បានលើកឡើង​ពី​សេដ្ឋកិច្ច​របស់​ចិន ដែល​បាន​ជួយ​ដល់​សេដ្ឋកិច្ច​សកល ក្នុង​គ្រា​ដែល​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុងអំឡុង​ឆ្នាំ​២០០៨ មុន​។ សម្ដេច​ថា ដោយសារ​សេដ្ឋកិច្ច​ចិន​នៅតែ​អាច​រក្សា​ជំហរ​បាន ខណៈ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​បាន​ដួលរលំ​ក្នុង​វិបត្តិ​នេះ ជាហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​អាចជួយ​សេដ្ឋកិច្ច​តំបន់​អាស៊ាន និង​អឺ​រុ​ប ព្រមទាំង​តំបន់​ផ្សេងទៀត​។​

​ដោយឡែក ក្នុង​ក្របខណ្ឌ​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ចិន អាស៊ាន​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​នេះ​។ នេះ​ជាការ​គូសបញ្ជាក់​របស់ សម្ដេច ហ៊ុន សែន មុននឹង​សម្ដេច​បន្តថា អាស៊ាន​បាន​នាំចេញ​ផលិតផល​ទៅ​ទីផ្សារ​ចិន​ច្រើនជាង​ចិន​នាំ​ចូលមក​អាស៊ាន​។  សម្ដេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« ច្បាស់​ណាស់​ថា ផលប្រយោជន៍​បាន​ទាំងសងខាង ប៉ុន្តែ​អ្នក​ដែល​បាន​ផល​ច្រើនជាងគេ គឺ​បណ្ដា​ប្រទេស​អាស៊ាន​ទៅវិញ​ទេ ក្នុង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​ចិន សម្រាប់​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ បន្ទាប់ពី​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១»​។​

«​ខ្ញុំ​ពិតជា​ស្ញប់ស្ញែង​ភាពឈ្លាសវៃ​របស់​ប្រ​ធានា​ធីប​តី ស៊ី ជិន​ពីង ដែល​ក្នុង​រយៈពេល​មិនយូរប៉ុន្មាន​បានដាក់​ចេញ​នូវ​នយោបាយ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រទេស​នៅលើ​ពិភពលោក​នេះ​មាន​ជម្រើស​ច្រើន​»​។ សម្ដេច​បាន​ថ្លែង​បែបនេះ ជាមួយនឹង​ការលើកឡើង​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​ធនាគារ​នេះ​ស្ថិតនៅក្រោម​គោលនយោបាយ ខ្សែក្រវាត់​មួយ វិថី​មួយ រួមទាំង​ធនាគារ BRICS ។ សម្ដេច​និយាយថា ធនាគារ​ទាំងពីរ​នេះ នឹងចូលរួម​បង្កើន​ទុន​កាន់តែ​ធំ ដែល​បំពេញបន្ថែម​លើ​ការបញ្ចេញ​ទុន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ធនាគារពិភពលោក ដល់​តម្រូវ​ការអភិវឌ្ឍ​ន៍​សម្រាប់​ប្រទេស​នានា​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​សង្កត់ធ្ងន់ថា គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ចិន ដែល​ត្រូវបាន​ដាក់ចេញ តែងមាន​មូលនិធិ​សម្រាប់​ទ្រទ្រង់​។ «​បើ​យើង​យក​ផែនទី​នៃ​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​អាស៊ាន ឬ​របស់​អាស៊ី ប្រហែល​យើង​ដាក់​នៅ​ពេញ​បន្ទប់​មួយ​តែម្ដង តែ​គំនិត​ផ្ដួ​ត​ផ្ដើម​សុទ្ធតែ​អត់​ថវិកា​ទេ ប៉ុន្តែ​ចិន​ដាក់​គំនិត​ផ្ដួ​ត​ផ្ដើម​ហើយ​តែងមាន​ថវិកា​មកជា​មួយ​តែម្ដង ដែល​នោះ​ហើយ​ជា​ក្ដីសង្ឃឹម​របស់​ប្រទេស​នៅ​ជុំវិញ​។ ឧទាហរណ៍ មូលនិធិ​ផ្លូវ​សូត្រ ដាក់ចេញ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ឲ្យ​ប្រទេស​នានា​ទទួលបាន​ផល​»​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ​។

​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី ២១(The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ។ គោលបំណង​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ដោយ​វា​ផ្អែក​លើផ្លូវ​ពាណិជ្ជកម្ម​សម័យបុរាណ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ទាំង​ពិភពលោក​ច្រើនជាង ៦៥ មាន​ទាំង​អាស៊ី​, អាហ្វ្រិក​និង​អឺរ៉ុប​ផងដែរ​៕


Tag:
 សម្តេច ហ៊ុន សែន​
  WEF
  ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​
  ASEAN50
© រក្សាសិទ្ធិដោយ thmeythmey.com