ជាតិ
មណ្ឌលរដ្ឋបាល​ខេត្តសៀមរាប​ថ្មី​តម្លៃ​ជាង ៧៦​ប៊ី​លាន​រៀល​សម្ពោ​ធ​ជា​ផ្លូវការ​
14, May 2017 , 9:19 pm        
រូបភាព
​សៀមរាប​៖ មណ្ឌលរដ្ឋបាល​ខេត្តសៀមរាប​ថ្មី ដែល​ប្រមូលផ្តុំ​ដោយ​មន្ទីរ​រដ្ឋបាល​ជំនាញ​ចំនួន ២៦​របស់​ខេត្តសៀមរាប បានដាក់​សម្ពោ​ធ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០១៧​។ មណ្ឌលរដ្ឋបាល​ប្រមូលផ្តុំ​ថ្មី​នេះ ចំណាយ​ថវិកា​សរុប​ជាង ៧៦​ប៊ី​លាន​រៀល​។



​អភិបាលខេត្ត​សៀមរាប បាន​ឡើង​អាន​របាយការណ៍​សាងសង់​នៃ​មណ្ឌលរដ្ឋបាល​ខេត្តសៀមរាប​។ យោងតាម​របាយការណ៍ អាគារ​រដ្ឋបាល​ថ្មី​នេះ ចាប់​សាងសង់​ចាប់ពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយ​ក្រុមហ៊ុន កាំ​ត្រង់​ស៊ី​ប លើ​ផ្ទៃដី​ចំនួន ៦​ហិកតា​។ អាគារ​មន្ទីរជំនាញ​ទាំង​២៦​នេះ គឺជា​ប្រភេទ​អគារ​ភ្លោះ​ចំនួន​១២ និង​អគារ​ទោល​ចំនួន​២ ហើយ​អគារ​នីមួយៗ​មាន​ទំហំ ២០.៥០X ២៣.៨០​ម៉ែត្រ មាន​ចំនួន​២​ជាន់ ១៥​បន្ទប់ សាលប្រជុំ​មួយ ឃ្លាំង​ទុក​សម្ភារៈ និង​បន្ទប់​សម្រាប់​ដាក់​ឯកសា​រ​ចំនួន ៣​បន្ទប់​។​



​លោក ឃឹម ប៊ុង​សុង បាន​បន្ថែមថា ថវិកា​ដែល​ចំណាយ​លើ​ការសាងសង់ សរុប​ទាំងអស់​មាន​ចំនួន ៧៦ ០៣០ ០០០ ០០០​រៀល (​ចិតសិប​ប្រាំមួយ​ប៊ី​លាន សាមសិប​លាន​រៀល​)​។

​ក្នុង​ពិធី​សម្ពោ​ធ​​ដែលមាន​វត្តមាន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប លោក​បាន​ថ្លែង​ពី​សមិទ្ធិផល​នានា ដែល​ខេត្តសៀមរាប​សម្រេចបាន​។ លោក ទៀ បាញ់ សុំ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា សមិទ្ធិផល​ថ្មី​នេះ​ឲ្យ​បានល្អ​ផងដែរ​។ លោក​បន្ថែមថា អគារ​រដ្ឋបាល​ថ្មី​នេះ គឺ​កើតឡើង​ពី​ការមើលឃើញ​ពី​ទុក្ខលំបាក់​របស់​មន្ត្រីរាជកា​រ ព្រោះ​កន្លងមក​មន្ទីរជំនាញ​ទាំងនោះ ធ្វើការ​ក្រោម​ដំបូល​តែមួយ​ជាមួយ​សាលាខេត្ត ដែល​ដោះដូរ​ជាមួយ​អគារ​របស់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​។



បណ្តុំ​អគារ​រដ្ឋបាល​មន្ទីរ​ខេត្តសៀមរាប​ចាស់ ត្រូវគេ​ស្គាល់​ថា ជា​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​បច្ចុប្បន្ន ដែល​ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ដែលមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​៕














Tag:
 រដ្ឋបាល​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com